ព័ត៌មានអន្តរជាតិ

ទិន្នន័យគយ៖ រុស្ស៊ី បង្កើនជំនួញជាមួយ បណ្តាប្រទេសនៅអាស៊ី និងអាហ្វ្រិក

រូបភាព៖ Xinhua

បរទេស៖ កិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច របស់រុស្ស៊ី ជាមួយបណ្តាប្រទេសអាស៊ី និងនៅអាហ្រ្វិកបានបន្តកើនឡើង ខណៈដែលពាណិជ្ជកម្មជាមួយ សហភាពអឺរ៉ុប បានធ្លាក់ចុះ, នេះបើយោងតាមរបាយការណ៍ ចុងក្រោយ ដោយសេវាគយសហព័ន្ធ (FCS) ។

យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០២៣ បានឱ្យដឹងថា ទិន្នន័យដែលបានចេញផ្សាយក្នុងសប្តាហ៍នេះបានបង្ហាញថា ការនាំចេញទៅកាន់ទ្វីបអាស៊ីបានកើនឡើងដល់ ២២៦,៦ ពាន់លានដុល្លារក្នុងរយៈពេល៩ខែដំបូងនៃឆ្នាំនេះ កើនឡើង ១០ភាគរយ ធៀបនឹងរយៈពេលដូចគ្នានៃឆ្នាំ២០២២។ ការនាំចេញទៅកាន់ទ្វីបអាហ្រ្វិក បានកើនឡើងជាង ៥០ភាគរយ ដល់ ១៥,៦ ពាន់លានដុល្លារក្នុងខែមករា ដល់ខែកញ្ញា បើធៀបនឹង ១០,១ ពាន់លានដុល្លារកាលពីមួយឆ្នាំមុន។

ការនាំចូលរបស់រុស្សី ពីតំបន់ទាំងពីរ ក៏បានកើនឡើងផងដែរ ដែលមានទំហំដល់ទៅ ១៤០ ពាន់លានដុល្លារគិតជាតម្លៃក្នុងករណីអាស៊ី កើនឡើង ៤០ភាគរយ នៅឆ្នាំ ២០២២។ ទីក្រុងម៉ូស្គូក៏បានជំរុញការទិញពីទ្វីបអាហ្រ្វិកពី ១០ភាគរយ ដល់ ២,៥ ពាន់លានដុល្លារផងដែរ។

ចំណែកប្រទេសអាស៊ី នៃពាណិជ្ជកម្ម បរទេស សរុបរបស់រុស្ស៊ី ឥឡូវមានប្រហែល ៧០ភាគរយ, នេះបើយោងតាមទិន្នន័យ FCS។

ផ្ទុយទៅវិញ ពាណិជ្ជកម្មរុស្ស៊ីជាមួយសហភាពអឺរ៉ុបបានធ្លាក់ចុះជាលំដាប់។ ការនាំចេញទៅកាន់ប្លុកនេះ បានធ្លាក់ចុះពី ២១៦,៧ ពាន់លានដុល្លារក្នុងខែមករាដល់ខែកញ្ញាឆ្នាំ ២០២២ មកត្រឹមតែ ៦៥,៣ ពាន់លានដុល្លារក្នុងរយៈពេលដូចគ្នានៃឆ្នាំនេះ។ ទិន្នន័យបានបង្ហាញថា ការនាំចូលពីសហភាពអឺរ៉ុប បានធ្លាក់ចុះប្រហែល ១០ភាគរយ មកត្រឹម ៥៩,២ ពាន់លានដុល្លារ។

ប្រធានស្តីទីនៃ FCS លោក Ruslan Davydov បាននិយាយនាពេលថ្មីៗនេះ ថា “មានការផ្លាស់ប្តូរយ៉ាងខ្លាំងនៅក្នុងការផ្លាស់ប្តូរទំនិញ ការចែករំលែក និងទម្ងន់នៃបណ្តាប្រទេសនៅក្នុងពាណិជ្ជកម្មរបស់យើង។ ប្រសិនបើប្រទេសសហភាពអឺរ៉ុបកាលពីមុនមានចំនួន ៥០ភាគរយ ឬច្រើនជាងនេះនៅក្នុងគ្រាមុនវិបត្តិ គ្រាមុនកូវីដ ឥឡូវនេះវាមានដល់ទៅ ១៦ភាគរយ។ លោកបានបន្ថែមថា ពាណិជ្ជកម្មជាមួយប្រទេសចិន និងឥណ្ឌាកំពុងកើនឡើង យ៉ាងឆាប់រហ័ស ស្របពេលដែលចំណូលជាមួយបណ្តាប្រទេស នៅអាមេរិកឡាទីនក៏មានការកើនឡើងផងដែរ៕

ប្រែសម្រួលៈ ណៃ តុលា

To Top