បរទេស ៖ រដ្ឋមន្ត្រីការបរទេស ហុងឌូរ៉ាស លោក Eduardo Enrique Reina បានជំរុញឱ្យរដ្ឋាភិបាល សហរដ្ឋអាមេរិក បញ្ឈប់ការជ្រៀតជ្រែក ក្នុងកិច្ចការផ្ទៃក្នុងរបស់ខ្លួន បន្ទាប់ពីឯកអគ្គរដ្ឋទូត សហរដ្ឋអាមេរិក ប្រចាំនៅហុងឌូរ៉ាស Laura Dogu បាននិយាយអំពីការតែងតាំង ព្រះរាជអាជ្ញាបណ្តោះអាសន្ន របស់ខ្លួន។
លោកឯកអគ្គរដ្ឋទូត បានប្រាប់ប្រព័ន្ធផ្សព្វផ្សាយ Honduran កាលពីថ្ងៃអង្គារថា ស្ថានភាពនៅក្នុងប្រទេសអាមេរិកកណ្តាល មានភាពលំបាក ដោយសារតែក្រុមតូចមួយ នៅក្នុងសភាបានតែងតាំង រដ្ឋអាជ្ញាបណ្តោះអាសន្ន ប៉ុន្តែបុគ្គលនេះកំពុងធ្វើការសម្រេចចិត្ត ដែលមិនសមស្រប នឹងតួនាទីបណ្តោះអាសន្ន ។
លោក Reina បានឲ្យដឹងនៅលើប្រព័ន្ធផ្សព្វផ្សាយសង្គមថា បេសកជនបានព្យាយាមជ្រៀតជ្រែកម្តងទៀតនៅក្នុងបញ្ហាអធិបតេយ្យភាព និងផ្ទៃក្នុង នេះបើយោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ។
លោកបានច្រានចោលការ កត់សម្គាល់របស់លោក Dogu ថា “គ្មានមូលដ្ឋានច្បាប់ និងឡូជីខលណាមួយ ដែលព្រះរាជអាជ្ញាបណ្តោះ អាសន្នមានមុខងារខុសពីអចិន្ត្រៃយ៍”។
លោកបានបន្ដថា “រដ្ឋធម្មនុញ្ញរបស់យើង មិនមានការបែងចែកនោះទេ ហើយផ្ទុយទៅវិញ វាជាកាតព្វកិច្ច របស់ពួកគេ ព្រោះវាជាកាតព្វកិច្ច របស់មន្ត្រីសាធារណៈទាំងអស់ ដែលត្រូវអនុវត្តតាម និងអនុវត្តរដ្ឋធម្មនុញ្ញ”។
លោក បានលើកឡើងថា “មនុស្សម្នាក់មិនអាចរិះគន់ ឬព្យាយាមធ្វើឱ្យមានការភ័ន្តច្រឡំចំពោះការពិត ដែលថាមន្ត្រីបណ្តោះអាសន្ន មិនអនុវត្តតាមមុខងារ ដែលច្បាប់ផ្តល់ឱ្យពួកគេ ដើម្បីកាត់ទោសឧក្រិដ្ឋកម្ម” ។
កាលពីដើមខែនេះ សភាហុងឌូរ៉ាស បានតែងតាំងលោក Johel Zelaya ជាអគ្គមេធាវី និងលោក Mario Morazan ជាអគ្គមេធាវីរង។ អ្នកទាំងពីរត្រូវបន្តកាន់តំណែងជាបណ្តោះអាសន្ន រហូតទាល់តែក្រុមនីតិបញ្ញត្តិផ្សេងៗគ្នាឈានដល់ការឯកភាពគ្នាជាមួយនឹងសំឡេងភាគច្រើន ដែលមានលក្ខណៈសម្បត្តិគ្រប់គ្រាន់៕
ប្រែសម្រួល ឈូក បូរ៉ា