ព័ត៌មានជាតិ

រដ្ឋមន្រ្តីសុខាភិបាល ៖ ដើម្បីក្លាយជាគ្រូពេទ្យល្អ ត្រូវចេះលះបង់ និងផ្តើមចេញពីខ្លួនឯងល្អជាមុនសិន

ភ្នំពេញ ៖ លោកសាស្រ្តាចារ្យ ឈាង រ៉ា រដ្ឋមន្រ្តីក្រសួងសុខាភិបាលបានលើកឡើងជាសារផ្តាំផ្ញើទៅដល់ក្រុមគ្រូពេទ្យថា ដើម្បីក្លាយជាគ្រូពេទ្យដ៏ល្អ សម្រាប់ពលរដ្ឋទូទៅ ក៏ដូចជាសម្រាប់អ្នកជំងឺ គ្រូពេទ្យត្រូវចេះលះបង់ និងត្រូវផ្តើមចេញពីខ្លួនឯងល្អជាមុនសិន ។

ក្នុងឱកាសអញ្ជើញជាអធិបតី បិទសន្និសីទវេជ្ជសាស្រ្តប្រចាំឆ្នាំរបស់សមាគមន៍គ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្តេចតេជោ(TYDA)លើកទី១ ក្រោមប្រធានបទ ការអនុវត្តវេជ្ជសាស្ត្រឲ្យបានល្អប្រសើរ នាថ្ងៃ៣ ធ្នូ លោកសាស្រ្តាចារ្យ ឈាង រ៉ា បានលើកយកចំណុចដើម្បីក្លាយជាគ្រូពេទ្យល្អ គឺត្រូវចេះលះបង់ និងត្រូវផ្តើមចេញពីខ្លួនឯងល្អជាមុនសិន ទើបអាចក្លាយជាគ្រូពេទ្យម្នាក់ល្អបាន ។

លោកថា បន្ថែមពីនេះ គឺត្រូវមានទំនាក់ទំនងល្អជាមួយអ្នកជំងឺ ត្រូវខិតខំបម្រើសេវាឲ្យអ្នកជំងឺទុកចិត្ត ត្រូវចេះឈឺឆ្អាលជាមួយអ្នកជំងឺ ចូលរួមសោកស្តាយពេលអ្នកជំងឺមិនអាចជួយសង្រ្គោះបាន និងគិតអំពីផលលំបាករបស់អ្នកជំងឺ និងក្រុមគ្រួសារគាត់។

ទន្ទឹមនេះដែរ ដើម្បីអនុវត្តការងារមានប្រសិទ្ធភាពលោកសាស្ត្រាចារ្យរដ្ឋមន្រ្តី ក៏ផ្តល់អនុសាសន៍មួយចំនួនទៅមន្រ្តីសុខាភិបាលដែរ ដូចជា ៖ កុំតូចចិត្ត ឫអន់ចិត្តអ្វី បើគេមិនទាន់ស្គាល់យើង ។ ត្រូវសួរខ្លូនឯងថា តើយើងបានធ្វើអី្វល្អៗ ដែលឲ្យគេស្គាល់ហើយឫនៅ? , ដើម្បីវិនិច្ឆ័យទៅលើនរណាម្នាក់ គេត្រូវស្វែងយល់ទៅលើគុណភាពការងាររបស់បុគ្គលនោះ និងរាល់ការងារថ្មីៗ ត្រូវរៀនសូត្រឲ្យបានរយៈពេលមួយយូរគ្រប់គ្រាន់ជាបទពិសោធន៍ និងបង្កើតឲ្យបានជាទម្លាប់ល្អ ។

លោកថា គុណតម្លៃថ្លៃថ្លាយូរអង្វែង បានដោយការលះបង់ពិតប្រាកដ ដោយបម្រើផលប្រយោជន៍មនុស្សទូទៅ (លើសអំពីប្រយោជន៍បុគ្គលខ្លួនម្នាក់) និងមិនមែនដោយការដោះដូរបានភ្លាមនោះទេ ហើយត្រូវយកការគិត(គំនិត) និងពេលវេលា ជាដើមទុនដើម្បីសម្រេចបានជោគជ័យក្នុងវិជ្ជាជីវៈខ្លួន។

ក្នុងឱកាសនៃសន្និសីទវេជ្ជសាស្រ្តប្រចាំឆ្នាំរបស់សមាគមន៍គ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្តេចតេជោនេះដែរ សាស្ត្រាចារ្យរដ្ឋមន្រ្តីក៏កោតសសើរ និងវាយតម្លៃខ្ពស់ចំពោះការរៀបចំឲ្យមានសន្និសីទវេជ្ជសាស្រ្តប្រចាំឆ្នាំរបស់សមាគមន៍គ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្តេចតេជោដ៏មានសារៈសំខាន់នេះឡើង ។

សូមរំលឹកថា ក្រុមគ្រូពេទ្យ TYDA បានចូលរួមចំណែកយ៉ាងសំខាន់ជាមួយស្ថាប័នជាតិ ជាពិសេសក្រសួងសុខាភិបាល ក្នុងការបង្ខិតសេវាសុខភាពសាធារណៈ ឲ្យកាន់ តែគៀកដល់ពលរដ្ឋ និងមិនប្រកាន់ជាតិសាសន៍ ពណ៌សម្បុរ ឬនិន្នាការនយោបាយឡើយ ជាពិសេសបានចូលរួមសកម្មភាពផ្តល់សេវាសុខភាព ជាមួយរាជរដ្ឋាភិបាលក្នុងការកាត់បន្ថយភាពក្រីក្រដល់ពលរដ្ឋដល់ទីកន្លែង និងតាមទីជនបទដាច់ស្រយាលនានា។ លើសពីនេះ ក៏បានចូលរួមចំណែកបណ្តុះបណ្តាលធនធានមនុស្សក្នុងវិស័យសុខាភិបាល ក៏ដូចជាផ្ដល់ឱកាសដល់និសិ្សត និងយុវជនស្ម័គ្រចិត្តដ៏ទៃទៀត ក្នុងការចូលរួមបម្រើការងារមនុស្សធម៌ដល់សង្គមជាតិផងដែរ៕

To Top