ភ្នំពេញ៖ គណៈប្រតិភូសន្និសីទអន្តរជាតិ នៃបណ្តាគណបក្សនយោបាយនៅអាស៊ី (ICAPP) បានវាយតម្លៃខ្ពស់ចំពោះដំណើរការ ប្រជាធិបតេយ្យនៅកម្ពុជា ដែលមានភាពចាស់ទុំ និងការផ្ទេរអំណាចទៅអ្នកបន្តវេន ដោយសន្តិភាព ហើយមានសុទិដ្ឋិនិយមថា ក្រោមការដឹកនាំដោយអ្នកបន្តវេនរបស់ គណបក្សប្រជាជនកម្ពុជា កម្ពុជានឹងសម្រេចបាននូវសមិទ្ធផលថ្មីៗបន្ថែមទៀត សម្រាប់ជាតិ និងប្រជាជន ។
ការវាយតម្លៃយ៉ាងដូច្នេះ ធ្វើឡើងក្នុងឱកាសលោក ជុង អ៊ីយ៉ុង ប្រធាន ICAPP ដឹកនាំគណៈប្រតិភូ មកបំពេញទស្សនកិច្ចនៅកម្ពុជា នៅថ្ងៃទី១២-១៥ ខែធ្នូ ឆ្នាំ២០២៣ ដើម្បីពិភាក្សាអំពីការរៀបចំទទួល ធ្វើជាម្ចាស់ផ្ទះនៃមហាសន្និបាត ICAPP លើកទី ១២ របស់គណបក្សប្រជាជនកម្ពុជា នៅខែវិច្ឆិកា ឆ្នាំ២០២៤។ ក្នុងអំឡុងពេលទស្សនកិច្ច គណៈប្រតិភូបានជួបសម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្សគណបក្សប្រជាជនកម្ពុជា សម្ដេច ឃួន សុដារី ប្រធានរដ្ឋសភា និងជាអនុប្រធាន ICAPP និងសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី និងជាអនុប្រធានគណបក្ស ។
បើតាមសេចក្ដីប្រកាសរបស់គណបក្សប្រជាជនកម្ពុជា នាថ្ងៃទី២៥ ធ្នូនេះ បានឲ្យដឹងបន្តថា លោក ជុង អ៊ីយ៉ុង បានគូសបញ្ជាក់អំពីតួនាទីដ៏សំខាន់របស់ គណបក្សប្រជាជនកម្ពុជា ក្រោមការដឹកនាំប្រកបដោយចក្ខុវិស័យវែងឆ្ងាយរបស់ សម្ដេចតេជោ ហ៊ុន សែន ពិតជាបានរួមចំណែកយ៉ាងសកម្ម ក្នុងគំនិតផ្តួចផ្តើមគាំទ្រនិងពូនជ្រំកិច្ចសហប្រតិបត្តិការ និងពង្រឹងលទ្ធិប្រជាធិបតេយ្យនៅអាស៊ី។ គណបក្សប្រជាជនកម្ពុជា បានដើរតួនាទីយ៉ាងសំខាន់ ក្នុងការចូលរួមដឹកនាំស្ថាប័ន ICAPP ក៏ដូចជាក្រុមប្រឹក្សាវប្បធម៌អាស៊ី (ACC) របស់ ICAPP ដើម្បីការតភ្ជាប់វប្បធម៌ចម្រុះនៅអាស៊ី និងពិភពលោកតាមរយៈកិច្ចសន្ទនា ការយោគយល់គ្នា និងការគោរពគ្នា ជាពិសេសការបង្កើតភាពជាដៃគូ ជាមួយនឹងអង្គការ UNESCO។
មហាសន្និបាត ICAPP លើកទី១២ និងកិច្ចប្រជុំពាក់ព័ន្ធរួមមាន កិច្ចប្រជុំគណៈកម្មាធិការអចិន្ត្រៃយ៍ ICAPP លើកទី៤២ កិច្ចប្រជុំក្រុមប្រឹក្សាវប្បធម៌អាស៊ីលើកទី៣ វេទិកាសារព័ត៌មាន ICAPP លើកទី៧ នៅកម្ពុជា នាខែវិច្ឆិកា ឆ្នាំ២០២៤ នឹងក្លាយជាព្រឹត្តិការណ៍ប្រវត្តិសាស្ត្រដ៏ធំ និងជោគជ័យមួយបន្ថែមទៀតនៃការជួបជុំមហា គ្រួសារគណបក្សនយោបាយនៅអាស៊ី តំណាងឱ្យ៥២ប្រទេស និងស្ថាប័នជាដៃគូមកពីតំបន់ផ្សេងៗ។
សូមបញ្ជាក់ថា គណបក្សប្រជាជនកម្ពុជា នឹងក្លាយជាគណបក្សទីមួយរបស់ ICAPP ដែលបានទទួលធ្វើម្ចាស់ផ្ទះមហា សន្និបាត ICAPP ចំនួន២លើក ដែលលើកទី១ គឹមហាសន្និបាត ICAPP លើកទី៦ នៅឆ្នាំ២០១០ ក្រោមការ ដឹកនាំផ្ទាល់របស់សម្តេចតេជោ ហ៊ុន សែន។ ដូច្នេះហើយ សម្តេចតេជោ បានសម្រេចប្រគល់ ភារកិច្ចជូន សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនិង ជាអនុប្រធានគណបក្សប្រជាជនកម្ពុជា ជាប្រធានមហាសន្និបាត ICAPP លើកទី១២ ដើម្បីបន្តប្រពៃណីនៃការដឹកនាំអង្គមហាសន្និបាត ICAPP។
គណបក្សប្រជាជនកម្ពុជា នឹងជំរុញអង្គការ ICAPP បង្កើនតួនាទីយុវជន និងជំរុញបរិវត្តកម្មឌីជីថលនៅ ក្នុងការតភ្ជាប់សង្គមនិងសេដ្ឋកិច្ច ហើយបន្តចូលរួមយ៉ាងសកម្មក្នុងបេសកកម្ម ដើម្បីទ្វីបអាស៊ីប្រកបដោយសន្តិភាព និងវិបុលភាព និងចង់ឃើញឧបទ្វីបកូរ៉េមានសន្តិភាពយូរអង្វែង។
សេចក្ដីប្រកាសបញ្ជាក់ថា «គណៈប្រតិភូ ICAPP វាយតម្លៃខ្ពស់ចំពោះដំណើរការប្រជាធិបតេយ្យ នៅកម្ពុជាដែលមានភាពចាស់ទុំ និង ការផ្ទេរអំណាចទៅអ្នកបន្តវេនដោយសន្តិភាព ហើយមានសុទិដ្ឋិនិយមថា ក្រោមការដឹកនាំដោយអ្នកបន្តវេនរបស់ គណបក្សប្រជាជនកម្ពុជា ដែលមាន សម្តេចធិបតី ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្ត្រីនៃរាជរដ្ឋាភិបាល អាណត្តិទី៧ និងជាអនុប្រធានគណបក្សប្រជាជនកម្ពុជា ប្រទេសកម្ពុជានឹងសម្រេចបាននូវសមិទ្ធិផលថ្មីៗបន្ថែម ទៀត សម្រាប់ជាតិនិងប្រជាជនកម្ពុជា តាមរយៈយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ ដើម្បីកំណើន ការងារ សមធម៌ ប្រសិទ្ធភាព និងចីរភាព ហើយកម្ពុជានឹងដើរតួនាទីកាន់តែសំខាន់ សម្រាប់តំបន់និងពិភពលោកទាំងក្នុង វេទិកាអន្តរគណបក្ស រដ្ឋាភិបាល និងសភា» ៕