បរទេស ៖ យោងតាមការចេញផ្សាយ របស់ RT ក្រសួងការពារជាតិ បានធ្វើសេចក្តីថ្លែងការណ៍ ជាបន្តបន្ទាប់កាលពីថ្ងៃសុក្រថា កងទ័ពរុស្ស៊ី បានរារាំងការវាយប្រហារ ដោយយន្តហោះគ្មានមនុស្សបើកជាច្រើន របស់អ៊ុយក្រែន នៅលើឧបទ្វីបCrimea។
ក្រសួងបាននិយាយថា កងកម្លាំងរបស់ទីក្រុងគៀវ បានបាញ់បង្ហោះយន្តហោះគ្មានមនុស្សបើកប្រភេទ UAV ចំនួន ២៦គ្រឿង ដែលមានផែនការសំដៅ ទៅកាន់តំបន់ Crimea កាលពីល្ងាចថ្ងៃសុក្រ ដោយបន្ថែមថា យន្តហោះគ្មានមនុស្ស បើកទាំងអស់ត្រូវបានបំផ្លាញ លើទឹកដីនៃឧបទ្វីប ដោយប្រព័ន្ធការពារដែនអាកាសរុស្ស៊ី ។
ក្រសួងបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍ ដាច់ដោយឡែកមួយថា កងកម្លាំងអ៊ុយក្រែនបន្ទាប់មកបានបើកការវាយប្រហារលើកទីពីរលើតំបន់ Crimea ដោយប្រើប្រាស់យន្តហោះគ្មាន មនុស្សបើកចំនួន៦គ្រឿងផ្សេងទៀត ដែលត្រូវបានបាញ់ទម្លាក់ផងដែរ។
ទោះបីជាយ៉ាងណាក្តី កងកម្លាំងយោធារុស្ស៊ី បានរាយការណ៍ថាមិនមានអ្នកស្លាប់ ឬការខូចខាតសម្ភារៈ ដែលពាក់ព័ន្ធនឹងការវាយឆ្មក់ តាមអាកាសរបស់អ៊ុយក្រែននោះទេ៕
ប្រែសម្រួល៖ស៊ុនលី