ព័ត៌មានជាតិ

៩ខែ ឆ្នាំនេះ មជ្ឈមណ្ឌលសំចតប៉ោយប៉ែត ទទួលពលករចំណាកស្រុក បញ្ជូនត្រឡប់ពីថៃជាង១ម៉ឺន៦ពាន់នាក់

ភ្នំពេញ ៖ លោក ជា សុមេធី រដ្ឋមន្ត្រីក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា បានឲ្យដឹងថា ក្នុងរយៈពេល ៩ខែ ឆ្នាំ២០២នេះ មជ្ឈមណ្ឌលសំចតប៉ោយប៉ែត ទទួលពលករចំណាកស្រុក ដែលបញ្ជូនត្រឡប់ពីថៃចំនួន១៦ ៣៤៩នាក់ ក្នុងនោះពលរដ្ឋដែលរងគ្រោះពីការជួញដូរមនុស្សមាន១៣៦នាក់។

ក្នុងពិធីសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការ មជ្ឈមណ្ឌលសំចតប៉ោយប៉ែតក្នុងខេត្តបន្ទាយមានជ័យ នាថ្ងៃទី១៨ ខែធ្នូនេះ លោករដ្ឋមន្ត្រីសង្គមកិច្ចបន្តថា ក្នុងចំណោមពលករ ចំណាកស្រុក ដែលបញ្ជូនក្រឡប់មកពីប្រទេសថៃ ១៦ ៣៤៩នាក់ នោះមានស្រី ៨ ០៤៥នាក់ ប្រុស៦ ៨៤៩នាក់ កុមារា ៧៦២នាក់ និងកុមារី ៦៩៣នាក់។

លោកបន្ថែមថា ក្រោយពីបញ្ជូនមកមណ្ឌល អ្នកទាំងនោះបានធ្វើសម្ភាសន៍ និង កំណត់អត្តសញ្ញាណ ដើម្បីរកមុខសញ្ញា ជនរងគ្រោះ ផ្តល់ការស្នាក់នៅរយៈពេលខ្លី មុនពេលបញ្ជូនទៅទទួលសេវាបន្តនៅ អង្គការ អង្គការដៃគូ និងសហគមន៍វិញ ។

ជាលទ្ធផលបានរកឃើញ ជនងាយរងគ្រោះដោយអំពើជួញដូរមនុស្ស ចំនួន១៣៦ នាក់ (ស្រី២៦នាក់ ប្រុស ២០នាក់ កុមារី ៤៦នាក់ និងកុមារា ៤៤នាក់)។ ជនរងគ្រោះពីការកេងប្រវ័ញ្ចកម្លាំងពលកម្មចំនួន ១០នាក់ (ស្រី ៣នាក់ ប្រុស ០៥នាក់ កុមារាម្នាក់ និងកុមារី១នាក់)។

គួរឲ្យដឹងដែរថា មជ្ឈមណ្ឌលសំចត និងស្តារនីតិសម្បទាជនរងគ្រោះ ប៉ោយប៉ែត ជាជំនួយឥតសំណង ពីថៃសម្រាប់ជួយ ដល់ជនរងគ្រោះដោយអំពើជួញដូរមនុស្ស ដែលបានសាងសង់អស់ទឹកប្រាក់សរុប ២ ១៩៩ ៩២០ដុល្លារ​ លើផ្ទៃដីទំហំសរុប ៩ ៧៦៨ ម៉ែត្រការ៉េ មានទីតាំងនៅភូមិ ប្រជាធម្មខាងកើត សង្កាត់អូរឫស្សី ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ៕

To Top