ព័ត៌មានអន្តរជាតិ

បណ្តាប្រទេសអារ៉ាប់ និងរុស្ស៊ី ព្រមព្រៀងគ្នាជំរុញ កិច្ចសហប្រតិបត្តិការ

Xinhua

ម៉ារ៉ាកិច ៖ បណ្តាប្រទេសអារ៉ាប់ និងរុស្ស៊ី បានព្រមព្រៀងគ្នា កាលពីថ្ងៃពុធ ក្នុងការជំរុញកិច្ច សហប្រតិបត្តិការ លើបញ្ហាអន្តរជាតិ រួមទាំងការដោះស្រាយ វិបត្តិតំបន់ហ្គាហ្សា នៅវេទិកាសហប្រតិបត្តិការអារ៉ាប់ -រុស្ស៊ីលើកទី៦ ដែលធ្វើឡើងនៅទីក្រុងម៉ារ៉ាកិច ភាគខាងត្បូងប្រទេសម៉ារ៉ុក។

កិច្ចប្រជុំនេះ បានប្រមូលផ្តុំរដ្ឋមន្ត្រីការបរទេស នៃប្រទេសដែលចូលរួម រួមទាំងលោក Sergey Lavrov រដ្ឋមន្រ្តីការបរទេសរុស្ស៊ី បន្ថែមពីលើលោក Hossam Zaki ជំនួយការអគ្គលេខាធិការសម្ព័ន្ធអារ៉ាប់ ។

ក្នុងអំឡុងសន្និសីទ គណៈប្រតិភូបានអំពាវនាវឱ្យបញ្ឈប់ការដាក់ទណ្ឌកម្មរួម ចំពោះជនស៊ីវិល ស្លូតត្រង់នៅតំបន់ហ្គាហ្សាស្ទ្រីប និងបានជំរុញឱ្យក្រុមប្រឹក្សាសន្តិសុខ អង្គការសហប្រជាជាតិ ដើរតួនាទីយ៉ាងសកម្មបន្ថែមទៀត ក្នុងការសម្រេចបានបទឈប់បាញ់​។

យោងតាមលោក Lavrov ជំហររបស់រុស្ស៊ី លើបញ្ហាតំបន់ហ្គាហ្សា ស្របគ្នានឹងបណ្ដាប្រទេសអារ៉ាប់ ដោយបន្ថែមថា រុស្ស៊ី កំពុងបន្តកិច្ចខិតខំប្រឹងប្រែង ដើម្បីធានាស្ថិរភាពយូរអង្វែងនៃទំនាក់ទំនងអ៊ីស្រាអែល និងប៉ាឡេស្ទីន ដោយផ្អែកលើក្របខ័ណ្ឌច្បាប់ ដែលត្រូវបានទទួលស្គាល់ជាអន្តរជាតិ។

គណៈប្រតិភូក៏បានពិភាក្សា លើប្រធានបទ ស្តីពីការធ្វើឱ្យស៊ីជម្រៅ កិច្ចសហប្រតិបត្តិការអារ៉ាប់-រុស្ស៊ី ជាពិសេសក្នុងវិស័យវប្បធម៌ វិទ្យាសាស្ត្រ និងថាមពល នេះបើយោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ ។

បានចាប់ផ្តើមនៅក្នុងឆ្នាំ២០០៩ វេទិកាសហប្រតិបត្តិការអារ៉ាប់-រុស្ស៊ី បានរីកចម្រើន ទៅជាវេទិកាដ៏សំខាន់មួយ សម្រាប់បណ្តាប្រទេសអារ៉ាប់ និងរុស្ស៊ី ដើម្បីផ្លាស់ប្តូរទស្សនៈ និងសម្របសម្រួលមុខ តំណែងលើបញ្ហាតំបន់ និងអន្តរជាតិផ្សេងៗ៕
ប្រែសម្រួល ឈូក បូរ៉ា

To Top