បរទេស៖ ប្រធានក្រុមការងារអ្នកស្ម័គ្រចិត្តយោធា សកម្មជន និងជានាយកមជ្ឈមណ្ឌលគាំទ្រ ការឈ្លបយកការណ៍តាមអាកាសអ៊ុយក្រែន លោកស្រី Maria Berlinskaya បានអះអាងនៅក្នុងបទសម្ភាសន៍ ជាមួយសារព័ត៌មាន Pravda របស់អ៊ុយក្រែនកាលពីថ្ងៃអង្គារថា ក្រុងកៀវ មានភាពយឺតយ៉ាវយ៉ាងខ្លាំង នៅពីក្រោយទីក្រុងមូស្គូក្នុងការអភិវឌ្ឍន៍ និងផលិតយានគ្មានមនុស្សបើក ឬហៅថាUAV ។
យោងតាមការចេញផ្សាយរបស់ RT ការថ្លែងរបស់លោកស្រី បានធ្វើតាមការប្រកាសរបស់ ប្រធានាធិបតីអ៊ុយក្រែនលោក Vladimir Zelensky កាលពីសប្តាហ៍មុនថា អ៊ុយក្រែនមានបំណងផលិត យន្តហោះគ្មានមនុស្សបើកប្រភេទ FPV ឲ្យបានមួយលានគ្រឿងនៅឆ្នាំក្រោយ។
លោកស្រីBerlinskaya បានគូសបញ្ជាក់ថា អ៊ុយក្រែនកន្លងមកពិតជាមិនបាន ត្រៀមខ្លួនសម្រាប់អ្វីដែលបានវិវត្តទៅជា សង្រ្គាមបច្ចេកវិទ្យាកម្រិតខ្ពស់ឡើយ ខណៈដែលរុស្ស៊ីបានទទួលយក សង្គ្រាមអេឡិចត្រូនិច និងការអភិវឌ្ឍន៍យន្តហោះគ្មានមនុស្សបើក យ៉ាងខ្លាំងក្លារួចទៅហើយ។
លោកស្រីមិនត្រឹមតែប៉ុណ្ណោះបានរិះគន់ អាជ្ញាធរអ៊ុយក្រែនចំពោះការមិនទទួលស្គាល់ សារៈសំខាន់នៃសមរភូមិប្រយុទ្ធ នៃយន្តហោះគ្មានមនុស្សបើក និងបរាជ័យក្នុងការវិនិយោគក្នុងការ អភិវឌ្ឍន៍របស់ពួកគេឲ្យបានភ្លាមៗ តាមស្ថានការណ៍៕
ប្រែសម្រួល៖ ស៊ុន លី