កីឡា

លោកអភិសន្តិបណ្ឌិត ស សុខា ៖ សូមឲ្យសហព័ន្ធ ធ្វើយ៉ាងណាជំរុញ ឲ្យមានការកែលម្អ នូវចំណុចខ្សោយ ដែលបានរកឃើញ នាពេលកន្លងមក

ភ្នំពេញ ៖ លោកអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងជាប្រធានកិត្តិយសសហព័ន្ធកីឡាប៊ូល និងប៉េតង់កម្ពុជា បានអញ្ជើញជាអធិបតី ដ៏ខ្ពង់ខ្ពស់ក្នុងពិធីបិទសន្និបាត បូកសរុបលទ្ធផល ការងារ ប្រចាំឆ្នាំ២០២៣ និងលើកទិសដៅ ការងារឆ្នាំ២០២៤ នៅសាលប្រជុំ ទីស្នាក់ការគណៈកម្មាធិការជាតិ អូឡាំពិកកម្ពុជា នៅរសៀលថ្ងៃទី២០ ខែមករា ឆ្នាំ២០២៤ នេះ ។

លោកអភិសន្តិបណ្ឌិត ស សុខា បានមានប្រសាសន៍ថា សូមឲ្យខាងសហព័ន្ធធ្វើយ៉ាងណា ជំរុញឲ្យមានការកែលម្អ នូវចំណុចខ្សោយ ដែលបានរកឃើញ នាពេលកន្លងមក ដោយត្រូវខិតខំអភិវឌ្ឍ សមត្ថភាពរបស់កីឡាករ-កីឡាការិនីដើម្បីឲ្យឆ្លើយតបតាមតម្រូវការងារទាំងកម្រិតជាតិ និងអន្តរជាតិ ។ សហព័ន្ធត្រូវបន្តបណ្តុះបណ្ដាល ធនធានមនុស្ស ទាំងធនធានកីឡាករគ្រប់កម្រិត ទាំងធនធានគ្រូបង្វឹក អាជ្ញាកណ្ដាល មន្រ្តីបច្ចេកទេស ដើម្បីដើរអោយទាន់បរិបទសកល និងបច្ចេកវិទ្យា នាពេលបច្ចុប្បន្ន ។

លោកអភិសន្តិបណ្ឌិត បានបន្តថា សហព័ន្ធបន្តបង្កើនសកម្មភាពប្រកួតឲ្យកាន់តែផុលផុស ទាំងការប្រកួតកម្រិតក្លិប សមាគមតាមបណ្តាខេត្ត ក្នុងក្របខណ្ឌ ទូទាំងប្រទេស និងក្រុមជម្រើសជាតិ ស្របតាមការគាំទ្រ របស់មហាជននាពេលបច្ចុប្បន្ន និងការគាំទ្រថវិការបស់ក្រសួងអប់រំ យុវជននិងកីឡា។ ស្រដៀងគ្នានេះ ដែរ សហព័ន្ធ ត្រូវសិក្សាពិនិត្យលទ្ធភាពពង្រឹង សមាគម-ក្លិបតាមបណ្តាខេត្តឲ្យបានរឹងមាំ និងរីកដុះដាល កែលម្អ និងកសាង ហេដ្ឋរចនាសម្ព័ន្ធ ប្រកួត ឲ្យបានល្អប្រសើរជាងមុន ។

លោកអភិសន្តិបណ្ឌិត ស សុខា បន្ថែមថា ត្រូវលើកទឹកចិត្តសំរាប់ការចូលរួមការប្រកួតរបស់អត្តពលិក យុវជនស្ម័គ្រចិត្ត ពិសេសដៃគូឧបត្ថមគាំទ្រ និងកៀរគរធនធានរូបវ័ន្ត សម្រាប់បម្រើ ឲ្យការរៀបចំព្រឹត្តិការណ៍ ប្រកួតនានាទាំងថ្នាក់ជាតិ និងអន្តរជាតិ ហើយបន្តធ្វើការនិង ទំនាក់ទំនងយ៉ាងស្អិត រមួតជាមួយ សហព័ន្ធតំបន់អាស៊ាន អាស៊ី និង ពិភពលោក តាមរយៈការចុះអនុស្សរណៈយោគយល់គ្នាសម្រាប់ការអភិវឌ្ឍ ដើម្បីនាំកម្ពុជា ចូលខ្លួន ទៅការប្រកួតថ្នាក់ អន្តរជាតិនានាដែលខ្ពស់ជាងមុន និងត្រូវខិតខំប្រឹងប្រែង ចូលរួមព្រឹត្តិការណ៍ប្រកួតលើឆាកអន្តរជាតិឲ្យបានច្រើនជាងមុន ដើម្បីនាំយកមេដាយ ពានរង្វាន់ និងមោទជាតិជូនកម្ពុជា និងប្រជាជនទាំងមូល ។

លោកបានបន្ថែមថា ជាការពិតជោគជ័យដែលរាជរដ្ឋាភិបាលកម្ពុជា នៅអាណត្តិមុនៗសម្រេចបាន មិនមែនកើតឡើងដោយកត្តាចៃដន្យនោះឡើយ ប៉ុន្តែបានកើតឡើងដោយសារការដឹកនាំ ប្រកបដោយគតិបណ្ឌិត និងចក្ខុវិស័យច្បាស់លាស់ របស់សម្តេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ។ ជាមួយគ្នានេះ រាជរដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភា ដែលជារាជរដ្ឋាភិបាល បន្តវេន ក្រោមការដឹកនាំ របស់សម្តេច មហាបវរធិបតី ហ៊ុន ម៉ាណែត ក៏នៅតែបន្តប្តេជ្ញាចិត្តខ្ពស់ ក្នុងការរក្សាឱ្យបាននូវសមិទ្ធផលនានា ដែលបានបន្សល់ទុក ដោយរាជរដ្ឋាភិបាលអាណត្តិមុនៗ ពិសេសសុខសន្តិភាព និងបន្តកសាងសមិទ្ធផលជាស្នាដៃថ្មីៗ បន្ថែមទៀត ដើម្បីវឌ្ឍនភាពសង្គម និងភាពសុខក្សេមក្សាន្ត របស់ប្រជាពលរដ្ឋ ៕

To Top