ព័ត៌មានជាតិ

យុវតីមកពីគ្រួសារក្រីក្រ នៅខេត្តស្វាយរៀងពេញចិត្តចំពោះវគ្គបណ្តុះបណ្តាល បច្ចេកទេស របស់រាជរដ្ឋាភិបាល

ភ្នំពេញ៖ យុវតី ឈឹម រចនា ដែលកំពុងរៀនជំនាញការដំឡើងបណ្ដាញអគ្គិសនីក្នុងអគារ នៅវិទ្យាស្ថានពហុបច្ចេកទេសភូមិភាគតេជោសែន ស្វាយរៀងបានលើកឡើងថាខ្លួនពេញចិត្តយ៉ាងខ្លាំងក្នុងការសិក្សាជំនាញវិជ្ជាជីវៈ និងបច្ចេកទេសរបស់រាជរដ្ឋាភិបាល ហើយរូបគេសង្ឃឹមថាការរៀនជំនាញវិជ្ជាជីវៈនឹងអាចផ្លាស់ប្តូស្ថានភាពគ្រួសាររបស់គេនាពេលអនាគត។

យុវតីរូបនេះថា៖«ដោយសារតែខ្ញុំពេញចិត្តពីព្រោះវាជាឱកាសសម្រាប់យុវជនដែលមានជីវភាពខ្វះខាតអាចរៀនជំនាញបច្ចេកទេសដោយឥតគិតថ្លៃ ថែមទាំងមានប្រាក់ឧបត្ថម្ភថែមទៀត»។

យុវតីបន្ថែមថា ក្នុងរយៈពេល៣សប្តាហ៍ក្នុងការចាប់ផ្តើមរៀនជំនាញវិជ្ជាជីវៈ និងបច្ចេកទេសនេះខ្លួនបានសិក្សានូវជំនាញទន់ ប្រមុំ ការតចរន្តក្នុងគេហដ្ឋាន និងការសិក្សាការវាស់តង់ស្យុងផ្សេងៗជាច្រើនទៀត។ កម្មវិធីសិក្សាទាំងនេះកញ្ញាសង្ឃឹមថាសិក្ខាកាមអាចស្រូបយកចំណេះ ជំនាញបានឆាប់រហ័ស និងអាចទាក់ទាញចំណាប់អារម្មណ៍យុវជនឱ្យមកសិក្សាបានគ្រប់ៗគ្នាផងដែរ។

យុវតីថា៖«ក្រៅពីសិក្សាលើមុខវិជ្ជាទាក់ទងនិងជំនាញ ក្នុងនោះដែរគ្រូបង្រៀនក៏បានផ្តោតលើការបង្រៀនការធ្វើការងារជាក្រុម ឱ្យចេះសហការគ្នា ស្រលាញ់គ្នា និងមានទំនាក់ទំនងល្អជាមួយគ្នាផងដែរ ត្បិតការចុះកម្មសិក្សា និងការចូលរោងជាងអនុវត្តមិនទាន់បានចាប់ផ្តើមនៅឡើយ»។

យុវតីបន្ថែមថា នារីក៏អាចរៀនជំនាញដំឡើងបណ្ដាញអគ្គិសនីបានដែរ ត្បិតជំនាញនេះភាគច្រើនសំបូរតែបុរសរៀននាពេលកន្លងមក។ យុវតីរូបនេះបានសម្រេចចិត្តរៀនជំនាញដំឡើងបណ្តាញអគ្គិសនីក្នុងអាគារនេះដោយខ្លួនឯង ហើយសង្ឃឹមយ៉ាងមុតមាំថាគាត់អាចធ្វើបាន និងជោគជ័យលើជំនាញនេះ។

យុវតីបន្តថា កម្មវិធីបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ និងបច្ចេកទេស១,៥ លាននាក់របស់រាជរដ្ឋាភិបាលជាក្តីសង្ឃឹមតែមួយគត់ដែលអាចឱ្យខ្លួនបានសិក្សាជំនាញទាំងដែលគ្រួសារមានជីវភាពក្រីក្រ ហើយអាចមានជំនាញមួយច្បាសលាស់ អាចរកការងារបានធ្វើ មានប្រាក់ចំណូលសមរម្យ។ យុវតីរូបនេះរំពឹងថាខ្លួននឹងជាអ្នកស្រោចស្រង់ជីវភាពគ្រួសារបានប្រសើរជាងពេលបច្ចុប្បន្ន ខណៈឪពុកម្តាយរបស់យុវតីរូបនេះកាន់តែជរាទៅពីមួយថ្ងៃទៅថ្ងៃ។

គូសបញ្ជាក់ផងដែរថា កម្មវិធីបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ និងបច្ចេកទេសដល់យុវជនមកពីគ្រួសារក្រីក្រ និងគ្រួសារងាយរងហានិភ័យដែលបានដាក់ឱ្យអនុវត្តជាផ្លូវការកាលពីថ្ងៃទី១៤ វិច្ឆិកា ឆ្នាំ២០២៣កន្លងទៅបានបោះជំហានទៅមួយដំណាក់កាលទៀតហើយ ដោយកាលពីថ្ងៃទី១៥ មករា ឆ្នាំ២០២៤កន្លងទៅក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈបានប្រកាសបើកបវេសនកាលចូលរៀនជាផ្លូវការនៅទូទាំងប្រទេស៕

To Top