ព័ត៌មានជាតិ

សម្ដេចធិបតី ៖ តម្លៃស្រូវបានថ្លៃ ជាហេតុនាំឱ្យប្រជាកសិករ សម្រុកធ្វើស្រូវប្រាំងលើសផែនការ

" "

ភ្នំពេញ ៖ សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីនៃកម្ពុជា បានថ្លែងថា ដោយសារតម្លៃស្រូវបានថ្លៃ ជាហេតុនាំឱ្យប្រជាកសិករ សម្រុកធ្វើស្រូវប្រាំងលើសផែនការ ទើបបណ្ដាលឱ្យខ្វះទឹកស្រោចស្រពស្រូវនារដូវប្រាំងនេះ។

នាឱកាសអញ្ជើញជាអធិបតីបិទសន្និបាតបូកសរុបការងារឆ្នាំ២០២៣ និងលើកទិសដៅការងារបន្ត ឆ្នាំ២០២៤ របស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នារសៀលថ្ងៃទី៣០ ខែមករា ឆ្នាំ២០២៤នេះ សម្ដេចធិបតី ហ៊ុន ម៉ាណែត បានឱ្យដឹងថា ថ្មីៗនេះ ក្រសួងធនធានទឹក និងឧតុមនិយម ក្រសួងកសិកម្ម ព្រមទាំងរដ្ឋបាលខេត្តចំនួន១០ ក៏បានកំពុងតាមដានវាយតម្លៃផលប៉ះពាល់ ដោយសារបញ្ហាខ្វះទឹកស្រោចស្រព និងសង្គ្រោះដំណាំស្រូវលើផ្ទៃដីទំហំជាង ២ម៉ឺនហិចតា ជូនប្រជាពលរដ្ឋ។

" "

សម្ដេចធិបតី គូសបញ្ជាក់ថា «កិច្ចការងារនេះ គឺជាកិច្ចការងារត្រូវតាមដាន ជាប់ជាប្រចាំ ហើយពិសេសនៅឆ្នាំនេះ ដែលពិភពលោកវាយតម្លៃគ្រោះហានិភ័យ អាចមានរយៈពេលវែង។ ពិតណាស់ឆ្នាំទៅ យើងបានអំណាយផលច្រើនក្នុងការធ្វើ ទាំងស្រូវវស្សា ទាំងស្រូវប្រាំង តម្លៃក៏ឡើងខ្ពស់ល្អ ប៉ុន្ដែដោយសារតម្លៃខ្ពស់នេះ ប្រជាកសិករ ក៏បានសម្រុកធ្វើស្រូវប្រាំងលើសផែនការ»។

" "

សម្ដេចធិបតី បន្ដថា ពិតណាស់នេះ គឺជាកិច្ចការងារល្អ ប៉ុន្ដែមិនត្រូវមើលចំពោះមុខនោះទេ ដូច្នេះនាពេលកន្លងទៅ មានគេសួរថា «ហេតុអ្វីខេត្តខ្លះ ដាក់ចេញណែនាំមិនឱ្យប្រជាជនធ្វើស្រូវប្រាំងជុំទីពីរ»។ ទឹកនៅក្នុងអាង គឺប្រើប្រាស់ទាំងស្រូវ ទាំងសម្រាប់ប្រជាជនប្រើប្រាស់។ ដូច្នេះ ការធានាទឹកនេះ ត្រូវគិតក្នុងនៅផែនការជាក់ស្ដែង ហើយ សម្ដេច ក៏បានថ្លែងអំណរគុណចំពោះអាជ្ញាធរខេត្ត បានចេញសង្គ្រោះជូនប្រជាជនដែលខ្វះទឹកធ្វើស្រូវប្រាំង ៕

To Top