បរទេស៖ យោងតាមការចេញផ្សាយរបស់ RT រដ្ឋមន្ត្រីការបរទេសអាហ្វ្រិកខាងត្បូង Naledi Pandor បានធ្វើការលើកឡើងថា ប្រទេសទាំងអស់ត្រូវតែបដិសេធ ពីការគាំទ្រយោធារបស់អ៊ីស្រាអែល នៅក្នុងសេចក្តីសម្រេចរបស់ តុលាការយុត្តិធម៌អន្តរជាតិ (ICJ) កាលពីសប្តាហ៍មុនទាក់ទងនឹង សង្រ្គាមនៅតំបន់ហ្គាហ្សា ព្រោះថាពួកគេអាចនឹងធ្វើឱ្យខ្លួនពួកគេ ជាអ្នកសមគំនិតក្នុងការប្រល័យពូជសាសន៍ ។
ICJ ដែលត្រូវបានគេស្គាល់ថា ជាតុលាការពិភពលោក បានសម្រេចកាលពីថ្ងៃទី២៦ខែមករាថា អ៊ីស្រាអែលត្រូវតែចាត់វិធានការចាំបាច់ទាំងអស់ ដើម្បីទប់ស្កាត់អំពើប្រល័យពូជសាសន៍ នៅក្នុងក្របខណ្ឌប៉ាឡេស្ទីន។
ក្នុងនោះរដ្ឋាភិបាលអ៊ីស្រាអែល ក៏ត្រូវបានបញ្ជាឱ្យដាក់ទណ្ឌកម្មសមាជិក នៃយោធារបស់ខ្លួនដែលប្រព្រឹត្ត អំពើប្រល័យពូជសាសន៍ ក៏ដូចជាមន្ត្រីរដ្ឋាភិបាល ដែលអំពាវនាវឱ្យមានអំពើ ប្រល័យពូជសាសន៍នេះផងដែរ។
នាយករដ្ឋមន្ត្រីអ៊ីស្រាអែល លោក Benjamin Netanyahu បានហៅការរកឃើញរបស់តុលាការ អង្គការសហប្រជាជាតិថា គួរឱ្យស្អប់ខ្ពើម ហើយបានប្តេជ្ញាថា គ្មានទាហានអ៊ីស្រាអែលណាម្នាក់ត្រូវបាន បញ្ជូនទៅកាន់តុលាការឧក្រិដ្ឋកម្មអន្តរជាតិ នៅទីក្រុងឡាអេជាដាច់ខាតក្នុងប្រតិបត្តិការ របស់ខ្លួននៅហ្គាហ្សា៕
ប្រែសម្រួល៖ ស៊ុន លី