ភ្នំពេញ៖ ឯកអគ្គរាជទូតវិសាមញ្ញ និងពេញសមត្ថភាពនៃចក្រភពអង់គ្លេស ប្រចាំព្រះរាជាណាចក្រកម្ពុជា លោក Dominic William បានអង់គ្លេស ប្ដេជ្ញាបន្តកិច្ចសហប្រតិបត្តិការ ឱ្យកាន់តែល្អប្រសើរថែមទៀត ក្នុងការងារអភិវឌ្ឍន៍ជនបទ ដើម្បីឈានឆ្ពោះទៅសម្រេច ចក្ខុវិស័យរបស់ ព្រះរាជាណាចក្រកម្ពុជា។
ការប្ដេជ្ញានេះ ធ្វើឡើងក្នុងឱកាស លោកឯកអគ្គរាជទូត ចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារ ជាមួយលោក ឆាយ ឫទ្ធិសែន រដ្ឋមន្រ្ដីក្រសួងអភិវឌ្ឍន៍ជនបទ នៅថ្ងៃទី០១ ខែកុម្ភៈ ឆ្នាំ២០២៤ នៅទីស្តីការក្រសួង បានទទួលជួបជាមួយ និងសហការីចូលជួប។
បន្ទាប់ពីបានថ្លែងនូវមតិស្វាគមន៍ ចំពោះលោកឯកអគ្គរាជទូត និងប្រតិភូអមដំណើរ ដែលបានអញ្ជើញមកជួបសម្តែងការគួរសម នាថ្ងៃនេះ លោក ឆាយ ឫទ្ធិសែន បានលើកឡើងអំពីការអភិវឌ្ឍ និងការរីកចម្រើនលើគ្រប់វិស័យ ក្រោមម្លប់សុខសន្តិភាពក្រោមការដឹកនាំ ដ៏ឈ្លាសវៃ និងប៉ិនប្រសព្វ របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី និងជាស្ថាបនិកសន្តិភាពនៅកម្ពុជា។
ជាមួយគ្នានោះលោករដ្ឋមន្រ្តី ក៏បានជម្រាបជូនអំពីយុទ្ធសាស្ត្របញ្ចកោណ របស់រាជរដ្ឋាភិបាលកម្ពុជា អាណត្តិទី៧ ក្រោមការដឹកនាំប្រកបដោយបញ្ញាញាណ របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ដែលបានដាក់ចេញនូវបេសកកម្ម ជាប្រវត្តិសាស្ត្រ ដើម្បីពន្លឿនការអភិវឌ្ឍឈានឆ្ពោះទៅកាន់ ចក្ខុវិស័យកម្ពុជា ជាប្រទេសមានចំណូលកម្រិតខ្ពស់ នៅឆ្នាំ២០៥០ តាមរយៈការដាក់ចេញនូវយុទ្ធសាស្រ្តបញ្ចកោណ ដំណាក់កាលទី១ ដែលមានបាវចនា៥ គឺ កំណើន ការងារ សមធម៌ ប្រសិទ្ធភាព និងចីរភាព ដោយផ្អែកលើអាទិភាពគន្លឹះចំនួន ៥ មនុស្ស ផ្លូវ ទឹក ភ្លើង និងបច្ចេកវិទ្យាឌីជីថល។
លោករដ្ឋមន្រ្តីបន្ថែមថា ដើម្បីចូលរួមចំណែកអនុវត្ត យុទ្ធសាស្រ្តបញ្ចកោណ ដំណាក់កាលទី១ របស់រាជរដ្ឋាភិបាល ក្រសួងអភិវឌ្ឍន៍ជនបទ បាននិងកំពុងអនុវត្តចក្ខុវិស័យ របស់ខ្លួន គឺការលើកកម្ពស់គុណភាព និងគុណតម្លៃជីវិតប្រជាជន នៅតំបន់ជនបទ ប្រកបដោយបរិយាបន្ន ទាំងផ្នែកសេដ្ឋកិច្ច សង្គម និងវប្បធម៌ តាមរយៈកម្មវិធីអាទិភាពចំនួន៤ ដូចខាងក្រោម ៖
១/ ការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធរូបវន្ត និងគមនាគមន៍ជនបទប្រទាក់ក្រឡា ឱ្យក្លាយជាតំបន់ជនបទសមាហរណកម្ម ដើម្បីជំរុញកំណើនសេដ្ឋកិច្ច និងសេវាកម្មមូលដ្ឋានចាំបាច់ទៅដល់ទីជនបទ។
២/ ការកែលម្អលក្ខខណ្ឌនៃការរស់នៅរបស់សហគមន៍ជនបទ ឱ្យប្រជាជនរស់នៅប្រកបដោយសេចក្តីថ្លៃថ្នូរ ឥរិយាបថល្អ មានសុខភាព និងអនាម័យល្អ ព្រមទាំងមានផាសុកភាព។
៣/ ការធ្វើពិពិធកម្មសកម្មភាពសេដ្ឋកិច្ចជនបទតាមរយៈការបណ្តុះបណ្ដាលជំនាញមូលដ្ឋាន ដើម្បីបង្កើតការងារ និងមុខរបរ ក្នុងគោលដៅបង្កើនចំណូលសេដ្ឋកិច្ចគ្រួសារនៅតំបន់ជនបទ។
៤/ ពង្រឹងសេវាគាំទ្ររដ្ឋបាល និងកិច្ចការទូទៅដើម្បីពង្រឹងស្ថាប័ននិងអភិបាលកិច្ចទាំងនៅថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ ឱ្យមានសមត្ថភាពបម្រើប្រជាជននៅជនបទ ដោយសុចរិត និងទទួលខុសត្រូវខ្ពស់។
លោករដ្ឋមន្ត្រី បានបន្តជម្រាបជូន លោកឯកអគ្គរាជទូត អំពីការកិច្ចសហប្រតិបត្តិការជាមួយ ដៃគូអភិវឌ្ឍន៍នាពេលកន្លងមក ក៏ដូចការចូលរួមជាមួយក្រសួងស្ថាប័ននានា ដែលពាក់ព័ន្ធ ក្នុងការធ្វើឲ្យជនបទ នៅកម្ពុជាមានការរីកចម្រើន។
ជាមួយគ្នានោះដែរ លោករដ្ឋមន្រ្តី បានលើកឡើងបន្ថែមទៀត អំពីកិច្ចការចំពោះមុខដែលត្រូវអនុវត្ត ដើម្បីដោះស្រាយបញ្ហាប្រឈម ដែលក្រសួងកំពុងជួបប្រទះ ដូចជាការពង្រឹងគុណភាពប្រព័ន្ធហេដ្ឋារចនាសម្ព័ន្ធរូបវន្តជនបទ ការអប់រំឱ្យប្រជាជននៅជនបទប្រកាន់យកឥរិយាបថអនាម័យល្អ ការលើកទឹកចិត្តបង្កើតមុខរបរ បង្កើនចំណូលគ្រួសារនៅជនបទ តាមរយៈការរៀបចំបង្កើតឲ្យភូមិគំរូជាដើម។
ជាការឆ្លើយតបលោកឯកអគ្គរាជទូត បានធ្វើការកោតសសើរ ចំពោះការអភិវឌ្ឍលើគ្រប់វិស័យរបស់កម្ពុជា ក្នុងរយៈពេល ៣០ឆ្នាំកន្លងមកនេះ និងបានធ្វើការវាយតម្លៃខ្ពស់ ចំពោះយុទ្ធសាស្រ្តបញ្ចកោណ ដំណាក់កាលទី១ របស់រាជរដ្ឋាភិបាលកម្ពុជា។
លោក Dominic William បានលើកឡើងថា ស្ថានទូតអង់គ្លេសប្រចាំនៅព្រះរាជាណាចក្រកម្ពុជា បានចូលរួមចំណែកជាច្រើន ជាមួយរាជរដ្ឋាភិបាលកម្ពុជា ក្នុងការអភិវឌ្ឍជាច្រើនរួមមាន វិស័យអប់រំ វិស័យសុខាភិបាល ក៏ដូចជាការកសាងហេដ្ឋារចនាសម្ព័ន្ធផ្សេងៗ តាមរយៈថវិការបស់រាជរដ្ឋាភិបាលអង់គ្លេសផ្ទាល់ និងអង្គការដៃគូនានាផងដែរ។ ឯកឧត្តមបានបន្តលើកឡើងអំពីការបន្តកិច្ចសហប្រតិបត្តិជាមួយក្រសួងអភិវឌ្ឍន៍ជនបទ សំដៅរួមចំណែកជួយឱ្យជនបទនៅកម្ពុជាមានការរីកចម្រើន៕