ព័ត៌មានជាតិ

គ្រួពេទ្យស្ម័គ្រចិត្ត យុវជនសម្ដេចតេជោ នាំយកថវិកាសម្តេចធិបតី ឧបត្ថម្ភដល់ការព្យាបាល លោកយាយម្នាក់ នៅខេត្តស្វាយរៀង

ភ្នំពេញ ៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា និងលោកស្រីបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត បានចាត់ក្រុមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្ដេចតេជោ (TYDA) នាំយកថវិកាសម្រាប់ឧបត្ថម្ភដល់ការព្យាបាលលោកយាយ ឆេង យូអេងអាយុ ៧២ឆ្នាំ នៅខេត្តស្វាយរៀង បន្ទាប់ពីលោកយាយអាការៈស្ពឹកមួយចំហៀងខ្លួន បណ្តាលមកពីស្ទះសរសៃឈាមខួរក្បាល និងលើសសម្ពាធឈាម ។

យោយតាមបណ្តាញសង្គមសម្តេចធិបតី ហ៊ុន ម៉ាណែត នាថ្ងៃទី២ ខែកុម្ភៈ ឆ្នាំ២០២៤នេះ បានឲ្យដឹងថា “លោកយាយឆេងយូ អេងអាយុ៧២ឆ្នាំ មានទីលំនៅភូមិដូនស ឃុំដូនស ស្រុកស្វាយជ្រុំ ខេត្តស្វាយរៀង និងមានអាការៈស្ពឹកមួយចំហៀងខ្លួន ធីងធោង និងវិលមុខបណ្តាលមកពីស្ទះសរសៃឈាមខួរក្បាល និងលើសសម្ពាធឈាម”។

ដោយក្ដីមេត្តាករុណា ប្រកបដោយធម៌សប្បុរសដ៏ខ្ពង់ខ្ពស់ពីសំណាក់ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត  និងលោកស្រីបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត លោកទាំងទ្វេ បានចាត់ក្រុមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្ដេចតេជោ (TYDA) នាំយកថវិកាសម្រាប់ឧបត្ថម្ភដល់ការព្យាបាល ។  ទឹកចិត្តដ៏ថ្លៃថ្លានេះ ធ្វើឲ្យក្រុមគ្រួសាររបស់លោកយាយ មានក្តីរីករាយជាពន់ពេក និងគោរពថ្លែងអំណរគុណជូនចំពោះ សម្តេចធិបតី និងលោកស្រីបណ្ឌិតជាអនេក៕

To Top