ព័ត៌មានជាតិ

យុវជនក្រីក្រមកពីខេត្តពោធិ៍សាត់ ពេញចិត្ត ចំពោះវគ្គបណ្តុះបណ្តាលបច្ចេកទេស របស់រាជរដ្ឋាភិបាល

ភ្នំពេញ៖យុវជនមកពីគ្រួសារក្រីក្រដែលកំពុងសិក្សាជំនាញវិជ្ជាជីវៈ និងបច្ចេកទេស នៅវិទ្យាស្ថានពហុបច្ចេកទេសខេត្តពោធិ៍សាត់សប្បាយរីករាយ និងពេញចិត្តក្នុងការសិក្សាជំនាញបច្ចេកទេស ហើយខ្លួនរំពឹងថារៀនចប់រយៈពេល៤ខែខាងមុខនឹងអាចមានសមត្ថភាពធ្វើការបាន។

មកពីខេត្តពោធិ៍សាត់ យុវជន ឈុត បញ្ញា ដែលជាសិក្ខាកាមកំពុងសិក្សាជំនាញវិជ្ជាជីវៈ និងបច្ចេកទេសផ្នែកការថែទាំ និងជួសជុលរថយន្ដ នៅវិទ្យាស្ថានពហុបច្ចេកទេសខេត្តពោធិ៍សាត់ថា៖«ខ្ញុំរីករាយក្នុងការរៀនជំនាញបច្ចេកទេសនេះ ពីព្រោះការរៀននេះបានអនុវត្តផ្ទាល់ និងមានកម្មវិធីល្អៗក្នុងការបង្រៀនពីសំណាក់គ្រូៗរបស់យើងនៅក្នុងថ្នាក់»។

យុវជនរូបនេះបន្ថែមថា ការសិក្សាជំនាញវិជ្ជាជីវៈ និងបច្ចេកទេសរយៈជិតមួយខែមកនេះគឺដំណើរការសិក្សាល្អ គ្រូបង្រៀនមានពន្យល់ក្បោះក្បាយទៅលើមុខវិជ្ជាប្រមុំ ជំនាញទន់ និងការបង្ហាញពីគ្រឿងឡាននានាផងដែរ។ ការរៀនជំនាញកន្លងមក នេះធ្វើឱ្យយុវជនរូបនេះកាន់តែមានចិត្តចង់សិក្សារៀនសូត្របន្ថែមទៀតដោយសារកម្មវិធីបង្រៀន បូករួមទាំងការអនុវត្តផ្ទាល់ផងដែរ។

យុវជនឈុត បញ្ញាបន្ថែមថា បន្ទាប់ពីរៀនចប់វគ្គជំនាញបច្ចេកទេសរយៈពេល៤ខែ ខ្លួននឹងអាចមានជំនាញមួយច្បាស់លាស់ មានការងារធ្វើសមរម្យ នឹងក្លាយជាបុគ្គលបង្គោលក្នុងការស្រោចស្រង់ជីវភាពគ្រួសារនៅពេលខាងមុខ។ រៀនចប់រយៈពេល៤ខែនេះយុវជនរូបនេះគ្រោងដាក់ពាក្យធ្វើការនៅក្រុមហ៊ុនឯកជនដែលត្រូវជំនាញ។

យុវជន បិច ណារ៉ា ដែលជាសិក្ខាកាមម្នាក់ទៀតកំពុងសិក្សាជំនាញវិជ្ជាជីវៈ និងបច្ចេកទេសផ្នែកការថែទាំ និងជួសជុលរថយន្ដ នៅវិទ្យាស្ថានពហុបច្ចេកទេសខេត្តពោធិ៍សាត់ក៏បានលើកឡើងដែរថាជំនាញផ្នែកជួសជុលរថយន្តនេះគឺក្តីបំណងរបស់គេផ្ទាល់ ហើយយុវជនរូបនេះពេញចិត្តយ៉ាង និងរីករាយក្នុងការរៀនជំនាញនេះ។

យុវជនរូបនេះបានអំពាវនាវទៅដល់យុវជនផ្សេងៗទៀតឱ្យមកចុះឈ្មោះចូលរៀនវគ្គបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ និងបច្ចេកទេស១,៥ លាននាក់របស់រាជរដ្ឋាភិបាល ពីព្រោះរៀងដោយឥតគិតថ្លៃ មានប្រាក់ឧបត្ថម្ភ ហើយវាជាក្តីសង្ឃឹមតែមួយគត់ដែលអាចឱ្យខ្លួនបានសិក្សាជំនាញទាំងដែលគ្រួសារមានជីវភាពក្រីក្រ ហើយអាចមានជំនាញមួយច្បាសលាស់ អាចរកការងារបានធ្វើបន្ទាប់ពីរៀនរយៈពេលខ្លី៕

To Top