ភ្នំពេញ ៖ សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីនៃកម្ពុជា បានថ្លែងថា រាជរដ្ឋាភិបាល មិនអាចចិញ្ចឹមប្រជាពលរដ្ឋ ទាំងអស់នោះទេ ប៉ុន្ដែរដ្ឋ មានលទ្ធភាពបង្កលក្ខណៈ ឱ្យប្រជាពលរដ្ឋរស់ដោយខ្លួនឯង និងពង្រឹងខ្លួនឯង។
ក្នុងពិធីបិទសន្និបាតបូក សរុបការងារឆ្នាំ២០២៣ និងលើកទិសដៅការងារឆ្នាំ២០២៤ របស់ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ នារសៀលថ្ងៃទី៨ ខែកុម្ភៈ ឆ្នាំ២០២៤ សម្ដេចធិបតី ហ៊ុន ម៉ាណែត មានប្រសាសន៍ថា «រដ្ឋ មិនអាចចិញ្ចឹមប្រជាពលរដ្ឋ ទាំងអស់បានទេ រដ្ឋមិនអាចរកត្រី ជូនប្រជាពលរដ្ឋនោះទេ រដ្ឋមានតែលទ្ធភាពដើម្បីបង្កលក្ខណៈឱ្យប្រជាពលរដ្ឋ ដែលច្រើនបំផុត អាចមានលទ្ធភាពរស់ខ្លួនឯង ពង្រឹងខ្លួនឯង ហើយចិញ្ចឹមរដ្ឋវិញ ជួយរដ្ឋវិញ ដើម្បីជួយទំនុកបម្រុងអ្នកផ្សេង» ។
នាឱកាសនោះ សម្តេចធិបតី ហ៊ុន ម៉ាណែត បានលើកឡើងថា ការចូលរួមពីវិស័យឯកជន បានដើរតួនាទី យ៉ាងសំខាន់ក្នុងការបង្កើត ការងារជូនដល់ប្រជាពលរដ្ឋ ខណៈរាជរដ្ឋាភិបាល ដឹកនាំដោយគណបក្ស ប្រជាជនកម្ពុជា ទាំងបច្ចុប្បន្ន និងអនាគតបាន និងកំពុងបន្តផ្តល់អាទិភាពខ្ពស់ ចំពោះការអភិវឌ្ឍវិស័យការងារ និងសន្តិសុខសង្គម ពោលគឺ«ប្រជាជនម្នាក់គឺមានអាជីពមួយ»៕