ភ្នំពេញ៖ សម្តេច សាយ ឈុំ អនុប្រធានគណបក្សប្រជាជនកម្ពុជា និងជាប្រធានក្រុមការងារ គណបក្សចុះមូលដា្ឋនរាជធានីភ្នំពេញ បានលើកឡើងថា យុទ្ធនាការឃោសនាបោះឆ្នោត ជ្រើសតាំងសមាជិកព្រឹទ្ធសភា នីតិកាលទី៥ ឆ្នាំ២០២៤នេះ មានរយៈពេល១៤ថ្ងៃ ដែលជាឱកាសឲ្យបេក្ខជនបានផ្សព្វផ្សាយ ពីគោលនយោបាយសំខាន់ៗ របស់បក្ស ឈានទៅទទួលជ័យជំនះ ។
ក្នុងពិធីបើកវគ្គយុទ្ធនាការ ឃោសនាបោះឆ្នោត ជ្រើសតាំងសមាជិកព្រឹទ្ធសភា នីតិកាលទី៥ ឆ្នាំ២០២៤ នាថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២៤ នៅមន្ទីរគណបក្សប្រជាជនកម្ពុជារាជធានីភ្នំពេញ សម្តេច សាយ ឈុំ មានប្រសាសន៍ថា “យុទ្ធនាការឃោសនាបោះឆ្នោត ជ្រើសតាំងសមាជិកព្រឹទ្ធសភា នីតិកាលទី៥ ឆ្នាំ២០២៤នេះមានរយៈពេល១៤ថ្ងៃ ដោយចាប់ពីថ្ងៃទី១០កុម្ភៈដល់ថ្ងៃ២៤កុម្ភៈ ដែលជាឱកាស ឲ្យបេក្ខជនបានផ្សព្វផ្សាយ ពីគោលនយោបាយសំខាន់ៗ របស់បក្ស ឈានទៅទទួលជ័យជំនះ នៅថ្ងៃទី២៥កុម្ភៈខាងមុខនេះ”។
ក្នុងនោះសម្តេច សាយ ឈុំ បាន លើកឡើងទៀតថា រាជរដ្ឋាភិបាលនីតិកាលទី៧ ក្រោមការដឹកនាំរបស់សម្ដេចបវរធិបតី ហ៊ុន ម៉ាណែត នាយកមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជាបានដាក់ចេញកម្មវិធី គោលនយោបាយ អាទិភាពចំនួន៦ នៃយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ រួមមាន៖ កម្មវិធីទី(១) ការផ្តល់ការថែទាំសុខភាព ឆ្ពោះទៅកម្មវិធីគ្របដណ្តប់សុខភាពជាសកល, កម្មវិធីទី(២) ការបណ្តុះបណ្តាលជំនាញ វិជ្ជាជីវៈ និងបច្ចេកទេស ដល់យុវជនមកពីគ្រួសារក្រីក្រ និងគ្រួសារងាយរងហានិភ័យ នៅទូទាំងប្រទេស, កម្មវិធីទី(៣) ការធ្វើស្ថាបនូបនីយកម្មកម្មវិធីជាតិជំនួយសង្គមសម្រាប់គ្រួសារក្រីក្រ ក្រុមជនងាយរងគ្រោះ នៅក្នុងគ្រួសារក្រីក្រ និងគ្រួសារងាយរងហានិភ័យ នៅក្នុងគ្រាមានវិបត្តិសេដ្ឋកិច្ច និងគ្រាមានគ្រោះអាសន្ន, កម្មវិធីទី(៤) ការដាក់ចេញនិងការជំរុញអនុវត្ត យុទ្ធសាស្ត្រអភិវឌ្ឍសេដ្ឋកិច្ចក្រៅប្រព័ន្ធ ឱ្យមានលទ្ធភាពចូលរួម ទៅក្នុងសេដ្ឋកិច្ចក្នុងប្រព័ន្ធ, កម្មវិធីទី(៥) ការដាក់ចេញនូវយន្តការ សម្របសម្រួល និងកម្មវិធីហិរញ្ញប្បទាន សំដៅលើកស្ទួយផលិតកម្ម រកទីផ្សារ និងរក្សាលំនឹងថ្លៃកសិផលសំខាន់ៗ ក្នុងកម្រិតសមរម្យ និង កម្មវិធីទី (៦) ការដាក់ពង្រាយមន្ត្រីបច្ចេកទេសកសិកម្ម ទៅគ្រប់ឃុំ-សង្កាត់ ដែលមានសកម្មភាពកសិកម្ម នៅទូទាំងប្រទេស ដើម្បីជំរុញការលើកកម្ពស់ ផលិតភាពកសិកម្ម និងជួយដល់គ្រួសារកសិករ ក្នុងការលើកស្ទួយផលិតផល កសិកម្មរបស់ខ្លួន និងការរៀបចំឱ្យមានសមាគមកសិករ នៅតាមទីជនបទ។
សម្តេចបានបន្ថែមទៀតថា ជាមួយគ្នានេះរាជរដ្ឋាភិបាល ក៏បានផ្តោតការយកចិត្តទុកដាក់ លើអាទិភាពគន្លឹះទាំង៥ផងដែរ មានមនុស្ស ផ្លូវ ទឹក ភ្លើង និងបច្ចេកវិទ្យា ដែលគឺជាគោលដៅ ដើម្បីឆ្ពោះទៅរកការសម្រច ចក្ខុវិស័យកម្ពុជា ជាប្រទេសចំណូលមធ្យម កម្រិតខ្ពស់នៅឆ្នាំ២០៣០ និងជាប្រទេសចំណូលខ្ពស់នៅឆ្នាំ២០៥០ សំដៅកសាងកម្ពុជាទំនើបថ្មីមួយ ប្រជាជនកម្ពុជាមានចំណេះដឹង និងជំនាញច្បាស់លាស់ ប្រជាជនរស់នៅក្នុងសេចក្ដីថ្លៃថ្នូរ សុភមង្គល និងទទួលបានយុត្តិធម៌សង្គម ប្រកបដោយសមធម៌ ស្មើសិទ្ធិ និងស្មើឱកាស។
ដោយឡែក លោក ឃួង ស្រេង ប្រធានគណៈកម្មាធិការ គណបក្សប្រជាជនកម្ពុជា រាជធានីភ្នំពេញ បានលើកឡើងថា ក្រោមការដឹកនាំរបស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងការចាត់តាំង ភូមិសង្កាត់មានសុវត្ថិភាព របស់គណៈបញ្ជាការឯកភាពរាជធានីភ្នំពេញ បានធ្វើឲ្យសន្តិសុខសណ្តាប់ធ្នាប់ នៅរាជធានីភ្នំពេញ មានភាពល្អប្រសើរ បានយកចិត្តទុកដាក់ខ្ពស់ ចំពោះសុខទុក្ខរបស់ប្រជាពលរដ្ឋ។ សមាជិកក្រុមប្រឹក្សាសង្កាត់ ដែលជាអង្គបោះឆ្នោត មានចំនួន៨៩៩រូប នារី៤៤រូប ក្នុងនោះ សមាជិកក្រុមប្រឹក្សាសង្កាត់របស់គណបក្សប្រជាជនកម្ពុជា មានចំនួន៧៤៣រូប ។
លោកអភិបាលរាជធានីភ្នំពេញ បានបន្ថែមថា សមាជិកក្រុមប្រឹក្សាសង្កាត់ របស់គណបក្សប្រជាជនកម្ពុជា មានសន្តិអារម្មណ៍ហ្នឹងន ស្មោះត្រង់ សាមគ្គីភាពផ្ទៃក្នុងរឹងមាំ និងបានប្តេជ្ញាចិត្តទៅបោះឆ្នោះ ជូនគណបក្សប្រជាជនកម្ពុជាទាំងអស់គ្នា គឺបោះឆ្នោតជូន គណបក្សប្រជាជនកម្ពុជា នៅថ្ងៃអាទិត្យទី២៥កុម្ភៈ ឆ្នាំ២០២៤ខាងមុខនេះ។ គណបក្សប្រជាជនកម្ពុជា នឹងទទួលបានជ័យជំនះ យ៉ាងត្រចេះត្រចង់តាមរយៈនៃការបោះឆ្នោតនេះ មានតែគណបក្សយើងតែមួយគត់ ដែលបានបង្កើតស្នាដៃជាប្រវត្តិសាស្ត្រ មានស្នាដៃការងារយ៉ាងធំធេង ជូនប្រជាជននិងប្រទេសជាតិទាំង មូលបានធ្វើឲ្យប្រជាជនស្រលាញ់ និងគាំទ្ររហូតមក៕