នយោបាយ

គ.ជ.ប អំពាវនាវឲ្យគណបក្សនយោបាយ ធ្វើសកម្មភាពខុសច្បាប់ បញ្ឈប់ជាបន្ទាន់

ភ្នំពេញ៖ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) បានអំពាវនាវដល់គណបក្សនយោបាយ ដែលធ្វើសកម្មភាពខុសច្បាប់ បញ្ឈប់ជាបន្ទាន់ ដើម្បីឲ្យការឃោសនាបោះឆ្នោត ប្រព្រឹត្តទៅដោយរលូន ក៏ដូច ជាការបោតឆ្នោតទទួលបានជោគជ័យ។

គ.ជ.ប បានគូសបញ្ជាក់ថា ក្នុងករណីខ្លះបើនៅតែប្រព្រឹត្តខុសច្បាប់ទៀត គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត នឹងចាត់វិធានការតាមផ្លូវច្បាប់ជាធរមាន។ ការលើកឡើងរបស់គ.ជ.ប បន្ទាប់អតីតក្រុមមន្រ្តីជាន់ខ្ពស់របស់គណបក្សភ្លើងទៀន បានអំពាវនាវឲ្យសមាជិកអង្គបោះឆ្នោតព្រឹទ្ធសភានេះ បោះឆ្នោតឲ្យគណបក្សឆន្ទៈខ្មែរ ដែលជាសម្ព័ន្ធភាពជាមួយបក្សភ្លើងទៀន ។

យោងតាមសេចក្ដីថ្លែងការណ៍របស់ គ.ជ.ប នាថ្ងៃទី១៥ កុម្ភៈ បានបញ្ជាក់ថា ការឃោសនាបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា នីតិកាលទី៥ មានរយៈពេល ១៤ថ្ងៃ ដោយចាប់ផ្ដើមពីថ្ងៃទី១០-២៣ កុម្ភៈ រហូតមកដល់ពេលនេះការឃោសនា បានប្រព្រឹត្តទៅអស់រយៈពេល ៥ថ្ងៃ។ គណបក្សនយោបាយដែលបានដាក់ បញ្ជីបេក្ខជនឈរឈ្មោះបោះឆ្នោតបានធ្វើសកម្មភាព ឃោសនាបោះឆ្នោតដោយសេរី តាមកម្មវិធី និងលទ្ធភាពរៀងៗខ្លួន។

គណៈកម្មការរៀបចំការបោះឆ្នោតគ្រប់លំដាប់ថ្នាក់ រួមនឹងអាជ្ញាធរមានសមត្ថកិច្ច បានបង្កលក្ខណៈងាយស្រួល និងការពារសន្តិសុខ សុវត្ថិភាពដល់គណបក្សនយោបាយ ដើម្បីធ្វើការឃោសនាបោះឆ្នោតស្របតាមច្បាប់ បទបញ្ជា និងនីតិវិធីសម្រាប់ការបោះឆ្នោត។

ប៉ុន្តែប៉ុន្មានថ្ងៃមកនេះ គ.ជ.ប បានកត់សម្គាល់ឃើញថា មានគណបក្សនយោបាយមួយ ដែលគ្មានបញ្ជីបេក្ខជនឈរឈ្មោះបោះឆ្នោត បានធ្វើសកម្មភាពគំរាមកំហែង សមាជិកក្រុមប្រឹក្សាឃុំ សង្កាត់របស់ខ្លួន ជាអ្នកបោះឆ្នោតឲ្យបោះឆ្នោតជូនគណបក្សនេះ ឬគណបក្សនោះ ដែលជាការរំលោភសិទ្ធិ ក្នុងការសម្រេចចិត្តរបស់អ្នកបោះឆ្នោត រំលោភការសម្ងាត់នៃការបោះឆ្នោត និងធ្វើឲ្យបាត់ទំនុកចិត្តលើការបោះឆ្នោត។

មាត្រា៧១ នៃច្បាប់ស្តីពីការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ ដែលត្រូវយកមកអនុវត្តក្នុងការបោះឆ្នោត ជ្រើសតាំងសមាជិកព្រឹទ្ធសភា បានចែងថា « … គ្រប់គណបក្សនយោបាយ បេក្ខជន ឬអ្នកគាំទ្រទាំងអស់មិនត្រូវធ្វើការគំរាមកំហែង បំភិតបំភ័យ និងលួងលោមឲ្យបុគ្គលផ្ដិតមេដៃ ឬស្បថ ឬសន្យាបោះឆ្នោតឲ្យគណបក្សណាមួយឡើយ។

សូមរំលឹកថា គណបក្ស​​៤ បានដាក់ពាក្យចូលរួម​ប្រកួត​ប្រជែងបោះឆ្នោតនេះ ​មាន​គណបក្ស​ប្រជាជន​កម្ពុជា គណបក្ស​ឆន្ទៈ​ខ្មែរ គណបក្ស​ហ្វ៊ុន​ស៊ិន​ប៉ិច និង​គណបក្ស​កម្លាំង​ជាតិ ខណៈសមាជិកអង្គ​បោះ​ឆ្នោត​ព្រឹទ្ធសភាទាំងអស់​ភាគ​ច្រើន​ មកពី​សមាជិក​ក្រុម​ប្រឹក្សា​ឃុំ​សង្កាត់​ជាប់​ឆ្នោតមាន​ជាង​១ម៉ឺន​នាក់ បូក​​នឹង​សមាជិក​រដ្ឋសភា​ទាំង១២៥​រូប៕

To Top