បរទេស៖ រដ្ឋមន្ត្រីការពារជាតិ កាណាដា លោក Bill Blair បានប្រកាសកាលពីថ្ងៃចន្ទថា ប្រទេសកាណាដានឹង បរិច្ចាគយន្តហោះគ្មានមនុស្ស បើកប្រភេទ SkyRanger R70 ជាង ៨០០ គ្រឿង ដល់ប្រទេសអ៊ុយក្រែន ។ ទីក្រុងគៀវបានពឹងផ្អែកយ៉ាងខ្លាំង លើយន្តហោះគ្មានមនុស្សបើក (UAVs) ប្រភេទ ពាណិជ្ជកម្ម និងយោធា ក្នុងអំឡុងពេលជម្លោះ របស់ខ្លួនជាមួយរុស្ស៊ី ដែលនឹងឈានចូលដល់ឆ្នាំទីបី របស់ខ្លួននៅថ្ងៃទី ២៤ ខែកុម្ភៈនេះ។
យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២៤ បានឱ្យដឹងថា លោក Bill Blair បាននិយាយនៅក្នុងសន្និសីទសារព័ត៌មាន នៅទីក្រុង Toronto ថា “យន្តហោះគ្មានមនុស្សបើកទាំងនេះ នឹងជួយកងទ័ពជួរមុខរបស់អ៊ុយក្រែន វាយតម្លៃគោលដៅ និងការគំរាមកំហែងយ៉ាងឆាប់រហ័ស ជាមួយនឹងភាពត្រឹមត្រូវ និងប្រសិទ្ធភាព” ។
R70s អាចប្រើសម្រាប់បេសកកម្ម ឈ្លបយកការណ៍ និងអាចផ្ទុកទម្ងន់បានដល់ទៅ ៣,៥ គីឡូក្រាម។
UAVs គឺជាផ្នែកមួយនៃ កញ្ចប់ជំនួយ ចំនួន ៣៧០ លានដុល្លារ ដែលបានសន្យា ចំពោះទីក្រុងគៀវ ដោយរដ្ឋាភិបាល កាណាដា ក្នុងខែមិថុនា ឆ្នាំ ២០២៣។ សរុបមក រដ្ឋាភិបាល ទីក្រុងអូតាវ៉ា បានផ្តល់ជំនួយ ចំនួន ១,៧៨ ពាន់លានដុល្លារចាប់ តាំងពីខែកុម្ភៈ ឆ្នាំ ២០២២ រួមទាំងរថក្រោះ រថពាសដែក និងកាំភ្លើងធំ ៕
ប្រែសម្រួលៈ ណៃ តុលា