បរទេស៖ អ្នកបើកឧទ្ធម្ភាគចក្រយោធារុស្ស៊ីម្នាក់ ដែលត្រូវបានគេរាយការណ៍ថា បានស្លាប់នៅក្នុងប្រទេសអេស្ប៉ាញ កាលពីសប្តាហ៍មុនដែលបានភៀសខ្លួន ទៅកាន់ប្រទេសអ៊ុយក្រែនកាលពីប្រាំមួយខែមុនគឺជា “ជនក្បត់” ដែលបានប្រព្រឹត្ត “ឧក្រិដ្ឋកម្មដ៏សាហាវ” ។ នេះបើតាមការអះអាងរបស់ ប្រធានសេវាចារកម្មបរទេសរបស់រុស្ស៊ីលោក Sergey Naryshkin ។
យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២៤ បានឱ្យដឹងថា អ្នកបើកឧទ្ធម្ភាគចក្ររុស្ស៊ី ឈ្មោះ Maksim Kuzminov បានប្លន់ឧទ្ធម្ភាគចក្រ Mi-8 កាលពីខែសីហាឆ្នាំមុន ហើយបានបើកទៅអ៊ុយក្រែន។ បន្ទាប់ពីការចុះចត, សមាជិកនាវិកទាំងពីរនាក់របស់គាត់ត្រូវបាន សម្លាប់ក្នុងស្ថានភាពមិនច្បាស់លាស់ ដោយមានការស៊ើបការណ៍សម្ងាត់ របស់អ៊ុយក្រែនបញ្ជាក់ថា ពួកគេត្រូវបាន “កម្ចាត់ចោល” ។
ដោយសួរដើម្បីធ្វើអត្ថាធិប្បាយអំពី ការស្លាប់របស់អ្នករត់ចោលជួរនោះ លោក Naryshkin មិនបានផ្តល់ទស្សនៈណាមួយលើ ឧប្បត្តិហេតុក្នុងប្រទេសអេស្ប៉ាញឡើយ ដោយគ្រាន់តែថ្កោលទោសទង្វើរបស់ពិឡុត Kuzminov តែប៉ុណ្ណោះ។
លោក Naryshkin បានប្រាប់អ្នកសារព័ត៌មានថា ជនក្បត់ជាតិ និងឧក្រិដ្ឋជននេះបានក្លាយទៅជា សាកសពខាងសីលធម៌រួចទៅហើយ តាំងពីពេលដែលគាត់រៀបចំ ផែនការឧក្រិដ្ឋកម្មដ៏កខ្វក់ និងដ៏សាហាវ៕
ការស្លាប់របស់ Kuzminov ត្រូវបានរាយការណ៍ដោយ ប្រព័ន្ធផ្សព្វផ្សាយជាច្រើនកាលពីថ្ងៃចន្ទ ហើយត្រូវបានបញ្ជាក់យ៉ាងរហ័ស ដោយចារកម្មយោធាអ៊ុយក្រែន។ ទីភ្នាក់ងារសារព័ត៌មាន EFE របស់អេស្បាញបានរាយការណ៍ ដោយដកស្រង់សម្តីមនុស្សជិតស្និទ្ធ នឹងការស៊ើបអង្កេតនេះថា ពីឡុតត្រូវបានគេបាញ់សម្លាប់ នៅក្នុងទីក្រុងឆ្នេរសមុទ្រអេស្ប៉ាញ Villajoyosa កាលពីសប្តាហ៍មុន ៕
ប្រែសម្រួលៈ ណៃ តុលា