ព័ត៌មានជាតិ

សម្ដេចធិបតី ណែនាំក្រុមការងារ រាជរដ្ឋាភិបាល ជំរុញការដោះស្រាយបញ្ហានានា របស់ពលរដ្ឋ ឱ្យមានប្រសិទ្ធភាព

ភ្នំពេញ ៖ សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីនៃកម្ពុជា បានធ្វើការណែនាំដល់ក្រុមការងារ រាជរដ្ឋាភិបាលចុះមូលដ្ឋាន ត្រូវពង្រឹងកិច្ចសហការ ជំរុញការដោះស្រាយឆ្លើយតបបញ្ហាប្រឈមនានារបស់ប្រជាពលរដ្ឋនៅមូលដ្ឋាន ឱ្យបានទាន់ពេលវេលា និងមានប្រសិទ្ធភាព។

តាមរយៈសេចក្ដីណែនាំស្ដីពី ការពង្រឹង និងលើកកម្ពស់ប្រសិទ្ធភាពក្នុងការបំពេញការងារ របស់ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋាន ចេញផ្សាយនាថ្ងៃទី១ មីនា សម្ដេចធិបតី ហ៊ុន ម៉ាណែត បានឱ្យដឹងថា បន្ទាប់ពីការប្រកាសសមាសភាពក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានរាជធានី ខេត្ត ក្នុងកិច្ចប្រជុំ ពេញអង្គគណៈរដ្ឋមន្ត្រីកាលពីថ្ងៃទី១ ខែធ្នូ ឆ្នាំ២០២៣ រហូតមកដល់ចុងខែកុម្ភៈ ឆ្នាំ២០២៤ នេះ ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានរាជធានី ខេត្ត បានសហការជាមួយក្រសួង ស្ថាប័នពាក់ព័ន្ធ និងរដ្ឋបាលរាជធានី ខេត្ត ធ្វើការប្រកាសសមាសភាព ក្រុមការងារ និងបានសហការរៀបចំសមាសភាព ក្រុមការងាររាជរដ្ឋាភិបាលចុះ មូលដ្ឋានក្រុង ស្រុក ខណ្ឌ និងឃុំ សង្កាត់ជាបន្តបន្ទាប់ ។

ទន្ទឹមនេះ ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋាន រាជធានី ខេត្ត ក៏បានសហការធ្វើការផ្សព្វផ្សាយគោលការណ៍សំខាន់ៗនៃកម្មវិធីនយោបាយ យុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ កម្មវិធីគោលនយោបាយអាទិភាពទាំង៦ និងវិធានការជាគន្លឹះរបស់រាជរដ្ឋាភិបាលសម្រាប់ នីតិកាលទី៧ នៃរដ្ឋសភា ព្រមទាំងសហការធ្វើការគ្រប់គ្រងសភាពការណ៍នៅមូលដ្ឋាន ដើម្បីពង្រឹង និងលើកកម្ពស់ការទទួលខុសត្រូវរបស់អាជ្ញាធរ និងកងកម្លាំងមានសមត្ថកិច្ចនៅតាមមូលដ្ឋាននានា សំដៅបំពេញការងារបម្រើប្រជាពលរដ្ឋប្រកបដោយការទទួលខុសត្រូវ និងប្រសិទ្ធភាព ព្រមទាំងខិតខំចូលរួម សហការដោះស្រាយ ឆ្លើយតប បញ្ហាប្រឈមនានានៅមូលដ្ឋាន ជាពិសេសបញ្ហាប្រឈម ពាក់ព័ន្ធជីវភាពរស់នៅ របស់ប្រជាពលរដ្ឋនៅមូលដ្ឋាន។

ដើម្បីពង្រឹង និងលើកកម្ពស់ប្រសិទ្ធភាពក្នុងការបំពេញការងារ របស់ក្រុមការងាររាជរដ្ឋាភិបាល ចុះមូលដ្ឋានគ្រប់លំដាប់ថ្នាក់ សម្តេចធិបតី ហ៊ុន ម៉ាណែត បានណែនាំការងារបន្ថែមមួយ ចំនួនទៀតដូចខាងក្រោម ៖

១- រាជធានី ខេត្ត ដែលមិនទាន់រៀបចំសមាសភាព ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានក្រុង ស្រុក ខណ្ឌ និងឃុំ សង្កាត់ ប្រធានក្រុមការងារ រាជរដ្ឋាភិបាលចុះមូលដ្ឋានរាជធានី ខេត្ត ត្រូវជំរុញការរៀបចំចាត់តាំង សមាសភាពក្រុមការងាររាជរដ្ឋាភិបាល ចុះមូលដ្ឋាននៅថ្នាក់រដ្ឋបាលទាំងនេះ ឱ្យបានរួចរាល់យ៉ាងយូរត្រឹមដំណាច់ ខែមីនា ឆ្នាំ២០២៤ និងត្រូវធ្វើសេចក្តីរាយការណ៍អំពីការរៀបចំចាត់ តាំងសមាសភាពក្រុមការងាររាជរដ្ឋាភិបាល ចុះមូលដ្ឋានក្រុង ស្រុក ខណ្ឌ និងឃុំ សង្កាត់ នៅតាមរាជធានី ខេត្តនីមួយៗ មកទីស្តីការគណៈរដ្ឋមន្ត្រីនៅដើម ខែមេសា ឆ្នាំ២០២៤ ដើម្បីបូកសរុបរាយការណ៍ជូនរាជរដ្ឋាភិបាល ។

២-អភិបាលនៃគណៈអភិបាលរាជធានី ខេត្ត ដែលជាអនុប្រធានអចិន្ត្រៃយ៍ ក្រុមការងាររាជរដ្ឋាភិបាលចុះ មូលដ្ឋានរាជធានី ខេត្ត ត្រូវធ្វើការពិនិត្យឡើងវិញ និងរៀបចំឱ្យបានសមស្រប នូវសមាសភាព មន្ត្រីលេខាធិការដ្ឋានក្រុមការងារ រាជរដ្ឋាភិបាលចុះមូលដ្ឋាន ថ្នាក់រាជធានី ខេត្តរបស់ខ្លួន ដើម្បីធ្វើជាសេនាធិការ ដល់ក្រុមការងារ រាជរដ្ឋាភិបាលចុះមូលដ្ឋានលើកិច្ចការរដ្ឋបាល ការកែសម្រួលផ្លាស់ប្តូរសមាសភាពក្រុមការងារ ការប្រជុំ ការចុះបំពេញការងារតាមមូលដ្ឋាន ការធ្វើរបាយការណ៍ ការប្រមូលចងក្រង ទិន្នន័យនានា នៅមូលដ្ឋាន និងការបំពេញ ការងារផ្សេងៗទៀត តាមសំណូមពរការងារ របស់ក្រុមការងារ រាជរដ្ឋាភិបាលចុះមូលដ្ឋាន ។ ទន្ទឹមនេះ អភិបាល នៃគណៈអភិបាលរាជធានី ខេត្ត ត្រូវណែនាំ តាមដាន និងត្រួតពិនិត្យការរៀបចំ លេខាធិការដ្ឋានក្រុម ការងារ រាជរដ្ឋាភិបាលចុះមូលដ្ឋាននៅថ្នាក់រដ្ឋបាលក្រុង ស្រុក ខណ្ឌ ក្នុងដែនសមត្ថកិច្ចនៃរាជធានី ខេត្តនីមួយៗឱ្យប្រព្រឹត្ត ទៅប្រកបដោយប្រសិទ្ធភាព។

៣-ក្រុមការងាររាជរដ្ឋាភិបាល ចុះមូលដ្ឋានគ្រប់លំដាប់ថ្នាក់ ត្រូវខិតខំយកចិត្តទុកដាក់ចុះតាមមូលដ្ឋាន ដែលក្រុមការងារនីមួយៗទទួលខុសត្រូវ ដើម្បីសហការផ្សព្វផ្សាយជំរុញ ការអនុវត្តនូវកម្មវិធីនយោបាយ យុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ កម្មវិធីគោលនយោបាយជាអាទិភាពទាំង៦ និងវិធានការជាគន្លឹះរបស់រាជរដ្ឋាភិបាល ព្រមទាំងពង្រឹងកិច្ចសហការជំរុញ ការដោះស្រាយឆ្លើយតបបញ្ហាប្រឈមនានា របស់ប្រជាពលរដ្ឋនៅមូលដ្ឋានឱ្យបានទាន់ពេលវេលា និងមានប្រសិទ្ធភាព។

៤-ក្រុមការងាររាជរដ្ឋាភិបាល ចុះមូលដ្ឋានគ្រប់លំដាប់ថ្នាក់ ត្រូវធ្វើសេចក្តីរាយការណ៍អំពីសកម្មភាព និងលទ្ធផលការងារចុះមូលដ្ឋាន ឱ្យបានទៀងទាត់មក ទីស្ដីការគណៈរដ្ឋមន្ត្រី ដើម្បីបូកសរុបរាយការណ៍ ជូនរាជរដ្ឋាភិបាល។

៥-ទីស្តីការគណៈរដ្ឋមន្ត្រី ត្រូវធ្វើការណែនាំអំពីទម្រង់របាយការណ៍ សម្រាប់ក្រុមការងាររាជរដ្ឋាភិបាល ចុះមូលដ្ឋាន ធ្វើការបូកសរុបរាយការណ៍ អំពីសកម្មភាព និង លទ្ធផលការងារ ចុះមូលដ្ឋាន និងរៀបចំឯកសារ ណែនាំ សម្រាប់ក្រុមការងាររាជរដ្ឋាភិបាល ចុះមូលដ្ឋានសហការរៀបចំ វេទិកាសាធារណៈ ដើម្បីសហការជំរុញការដោះស្រាយឆ្លើយ តបបញ្ហាប្រឈមនានា នៅមូលដ្ឋានប្រកបដោយប្រសិទ្ធភាព ៕

To Top