ភ្នំពេញ៖ លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានជំរុញដល់លោកគ្រូ អ្នកគ្រូ ជួយធ្វើយ៉ាងណាទប់ស្កាត់ និងលុបបំបាត់ឲ្យបាន នូវបញ្ហាគ្រឿងញៀនក្នុងសាលារៀន ខណៈនៅតាមសាលានានាក្នុងរាជធានីភ្នំពេញ មិនមានគ្រឿងញៀននោះទេ ។
ការជំរុញរបស់លោកអភិបាលរាជធានីភ្នំពេញ ធ្វើឡើងក្នុងឱកាសអញ្ជើញ បិទសន្និបាទបូក សរុបវាយតម្លៃ លទ្ធផលការងារអប់រំ យុវជន និងកីទ្បារាជធានីភ្នំពេញ ឆ្នាំសិក្សា ២០២២-២០២៣ និងលើកទិសដៅការងារ ឆ្នាំសិក្សា២០២៣-២០២៤ នាថ្ងៃទី៥ ខែមីនា ឆ្នាំ២០២៤ នៅមន្ទីរអប់រំ យុវជន និងកីទ្បារាជធានីភ្នំពេញ ។
ក្នុងឱកាសនេះ លោក ឃួង ស្រេង បានលើកឡើងថា វិស័យអប់រំសព្វថ្ងៃ ត្រូវបានទទួលស្គាល់ ជាលក្ខណៈអន្តរជាតិ ពោលគឺខ្មែរអាចធ្វើបាន ដោយបច្ចុប្បន្ននេះ ទទួលបានជោគជ័យយ៉ាងធំធេង លើវិស័យអប់រំ ប៉ុន្តែកុំភ្លេចខ្លួន ចំពោះភាពជោគជ័យនេះ ត្រូវរួមគ្នាបន្តធ្វើយ៉ាងណា ឲ្យវិស័យអប់រំកាន់តែជោគជ័យថែមទៀត និងធ្វើឲ្យកម្ពុជាសម្រេចបាននូវចក្ខុវិយ ជាប្រទេសដែលមានចំណូលមធ្យម កម្រិតខ្ពស់នៅឆ្នាំ ២០៣០ និងក្លាយជាប្រទេសមាន ចំណូលខ្ពស់នៅឆ្នាំ២០៥០។
ជាមួយគ្នានេះ លោកបានឲ្យលោកគ្រូ អ្នកគ្រូជឿជាក់មកលើការដឹកនាំរបស់ សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី ដោយសូម្បីតែអ្នកក្បែរខាងកម្ពុជា ក៏គេទទួលស្គាល់ពីការរីកចម្រើន លើគ្រប់វិស័យរបស់កម្ពុជាដែរ។
លោកអភិបាលរាជធានីភ្នំពេញ ក៏លើកឡើងថា សម្រាប់សាលារៀនឯកជន ពេលនេះពិបាករកគ្រូបង្រៀន ដោយសារតែគ្រូបង្រៀនឯកជនមួយចំនួន បានបែរមកបង្រៀន នៅតាមសាលារដ្ឋ ដោយសារតែនៅសាលារដ្ឋ មានប្រាក់បៀវត្សខ្ពស់ និងអាចបង្រៀនក្រៅម៉ោងបានថែមទៀត ។
បន្ទាប់ពីកោតសរសើរ អំពីអនាម័យ បរិស្ថានល្អ និងបង្គន់អនាម័យ មានលក្ខណៈល្អប្រសើរ នៅតាមសាលារៀន នៅក្នុងរាជធានីភ្នំពេញហើយនោះ លោក ឃួង ស្រេង ក៏បានជំរុញ ឲ្យលោកគ្រូ អ្នកគ្រូទាំងអស់ចូលរួម អនុវត្តគោល នយោបាយភូមិ សង្កាត់មានសុវត្ថិភាព ខណៈករណីនេះ អាជ្ញាធរពាក់ព័ន្ធ បានចងក្រង ជាគ្រុបតេឡេក្រាមមួយ រវាងអាជ្ញាធរ កងកម្លាំងមានសមត្ថកិច្ច និងលោកគ្រូ អ្នកគ្រូនៅតាមគ្រឹះស្ថានសិក្សា ពោលគឺនៅពេលមានបញ្ហាអ្វីមួយ អាចដោះស្រាយបានភ្លាមៗតែម្ដង។
លោក ឃួង ស្រេង ក៏បានស្នើសដល់លោកគ្រូ អ្នកគ្រូ ថា “បន្តការខិតខំរួមគ្នា ក្នុងការធ្វើយ៉ាងណា មិនឲ្យមានគ្រឿងញៀននៅក្នុងសាលារៀន ខណៈនេះ នៅតាមបណ្ដាសាលានានា ក្នុងរាជធានីភ្នំពេញ មិនមានគ្រឿងញៀនហើយនោះ។
ជាងនេះទៅទៀត លោកអភិបាលរាជធានីភ្នំពេញ បានសុំឲ្យលោកគ្រូ អ្នកគ្រូ លះបង់បន្ថែមទៀត ទៅតាមយុទ្ធសាស្ត្របច្ចកោណ របស់រាជរដ្ឋាភិបាល ក្នុងការអភិវឌ្ឍធនធានមនុស្ស បើគ្មានធនធានមនុស្ស មិនអាចអភិវឌ្ឍប្រទេស ឲ្យរីកចម្រើនបាននោះទេ។ បច្ចុប្បន្ននេះទីផ្សារការងារ កំពុងមានការប្រកួតប្រជែងគ្នាខ្លាំង ដែលទាមទារឲ្យមានធនធានមនុស្សខ្លាំងដែរ ៕