ព័ត៌មានជាតិ

ក្រសួងសុខាភិបាល រកឃើញស្ត្រីជនជាតិ អង់គ្លេសម្នាក់ឆ្លងជំងឺកូវីដ១៩ក្រោយធ្វើដំណើរ តាមនាវាចេញ ពីប្រទេសវៀតណាមមកដល់ ខេត្តកំពង់ចាម

ភ្នំពេញ៖ លោក ម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួងសុខាភិបាលបានប្រកាសនៅល្ងាចថ្ងៃទី១០មីនានេះថា វិទ្យាស្ថានប៉ាស្ទ័រកម្ពុជាបានរកឃើញ ស្ត្រីជនជាតិអង់គ្លេសម្នាក់អាយុ៦៥ឆ្នាំ ឆ្លងជំងឺកូវីដ១៩បន្ទាប់ពីស្រ្តីរូបនេះ ធ្វើដំណើរ តាមនាវាចេញពីប្រទេសវៀតណាមមកចូលសំចត ខេត្តកំពង់ចាម។ 

ថ្លែងក្នុងសន្និសិទសារព័ត៌មាន នាយប់ថ្ងៃទី១០ខែមីនា ឆ្នាំ២០២០ លោក ម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួងសុខាភិបាលបានបញ្ជាក់ថាបន្ទាប់ពី យកសំណាករបស់ស្ត្រីជនជាតិអង់គ្លេសម្នាក់នៅ ខេត្តកំពង់ចាមមកធ្វើវិភាគ។ ជាលទ្ធផលរកឃើញវិជ្ជមានលើស្ត្រីជនជាតិអង់គ្លេសម្នាក់មានអាយុ៦៥ឆ្នាំ ហើយស្ត្រីរូបនេះបានដាក់ឲ្យនៅដាច់ដោយឡែកពីគេ ។

លោករដ្ឋមន្ត្រីបញ្ជាក់ថា៖«ស្ត្រីជនជាតិអង់គ្លេសអាយុ៦៥ឆ្នាំនេះជាអ្នកដំណើរនៅតាមនាវាមួយដែលផ្ទុកមនុស្ស៦៥នាក់ នៅខេត្តកំពង់ចាម នៅរសៀលថ្ងៃទី១០ខែមីនា ឆ្នាំ២០២០  លទ្ធផលរបស់វិទ្យា ស្ថានប៉ាស្ទ័រកម្ពុជាបានបង្ហាញថាមានភាពវិជ្ជមានចំពោះស្ត្រីរូបនេះ។ស្ត្រីរូបនេះជាអ្នកដំណើរចេញពីកំពង់ផែទីក្រុងក្រុងហូជីមិញប្រទេសវៀតណាមមកកាន់រាជធានីភ្នំពេញ»។ 

  លោករដ្ឋមន្រ្តីបន្តថាស្ត្រីរូបនេះបានចេញពីទីក្រុងឡុងដ៍ ប្រទេសអង់គ្លេស មកកាន់ទីក្រុងហូជីមិញ  ហើយបានមកដល់រាជធានីភ្នំពេញនៅថ្ងៃទី៧មីនា ឆ្នាំ២០២០។  មុនពេលមកដល់ភាគី វៀតណាមបានរាយការណ៍ទៅម្ចាស់នាវាថាមានស្ត្រីម្នាក់ជនជាតិវៀតណាមដែលអង្គុយជិតស្ត្រីជនជាតិអង់គ្លេសនេះមានផ្ទុយជំងឺកូវីដ១៩។ នៅពេលដែលទទួលបានរបាយការណ៍ម្ចាស់នា វាបានរាយការណ៍មកខាងភាគីកម្ពុជាខាងក្នុងនាវាមានអ្នកផ្ទុកជំងឺកូវីដ១៩ដោយបានដាក់ស្ត្រីជនជាតិអង់គ្លេសនេះនៅបន្ទប់ដាច់ដោយឡែកពីគេ ។ 

លោកបន្តថានាវានេះបានធ្វើដំណើរទៅកាន់ខេត្តកំពង់ចាមដោយមានមនុស្ស៥នាក់នៅក្បែស្ត្រីជនជាតិអង់គ្លេសនោះប៉ុន្តែនៅពេលទទួលបានព័ត៌មាននេះក្រុមគ្រូពេទ្យនៅខេត្តកំពង់ចាមបានយកមនុស្ស៣នាក់ទៅធ្វើការវិភាគ ចំណែក២នាក់ទៀតមិនព្រមឲ្យយកសំណាកទៅវិភាគទេ ដោយអះអាងមិនមានឆ្លងជំងឺកូវីដ១៩។  នៅពេលធ្វើវិភាគបង្ហាញថាអ្នកទាំង៣នាក់មិនមានឆ្លងជំងឺកូវីដ១៩នោះទេ។ចំណែក២នាក់ទៀតក្រុមគ្រូពេទ្យនឹងព្យាយាមយកសំណាករបស់គាត់មកធ្វើវិភាគនៅវិទ្យាស្ថានប៉ាស្ទ័រ។ 

លោកបន្តថានាវាដែលដឹកអ្នកដំណើរនេះមានមនុស្ស៦៤នាក់ ក្នុងនោះមានអ្នកទេសចរ និងផ្សេងទៀតជាអ្នកបំរើការងារនៅលើនាវា។ 

យ៉ាងណាក្តីលោករដ្ឋមន្ត្រីបានអះអាងថាអ្នកដែលនៅលើនាវានេះមិនអនុញ្ញាតឲ្យចេញមកលើដីគោកនោះទេ ដើម្បីធ្វើការត្រួតពិនិត្យឲ្យបានច្បាស់លាស់ទើបអនុញ្ញាតឲ្យឡើងមកលើគោក។

បើតាមការអះអាងរបស់លោកស្រី ឱ វណ្ណឌីនអ្នកនាំពាក្យក្រសួងសុខាភិបាលបានលើកឡើងថាស្ត្រីជនជាតិអង់គ្លេសរូបនេះបានឆ្លងជំងឺពីស្ត្រីជនជាតិវៀតណាមនៅពេលធ្វើដំណើរតាមយន្តហោះ។ 

សូមជម្រាបថារហូតមកដល់ពេលនេះកម្ពុជាបានរកឃើញអ្នកឆ្លងជំងឺកូវីដ១៩ចំនួន៣ករណីហើយក្នុងនោះរួមមាន៖

-​ ១ករណី​ ជនជាតិចិន​ ភេទប្រុស​ អាយុ៦០ឆ្នាំ​ ជាសះស្បេីយ

​-​ ១​ករណី​ ជនជាតិខ្មែរ​ ភេទប្រុស​ អាយុ៣៨ឆ្នាំ​ កំពុងដាក់ព្យាបាលនៅមន្ទីរពេទ្យបង្អែកខេត្តសៀមរាប​ គាត់មានសុខភាពល្អ​ មិនមានរោគសញ្ញាអ្វីទេ​ តែគាត់បន្តវិជ្ជមាន​ COVID-19

-​ ១ករណី​ ជនជាតិអង់គ្លេស​ ភេទស្រី​ អាយុ៦៥ឆ្នាំ​ កំពុងដាក់ព្យាបាលនៅមន្ទីរពេទ្យបង្អែកខេត្តកំពុងចាម គាត់មានសុខភាពល្អ​ មិនមានរោគសញ្ញាអ្វីគួរឲ្យកត់សំគាល់ទេ​ ។ អ្នកប៉ះពាល់ទាំងអស់នឹងយកវត្ថុវិភាគ​ ដាក់ឲ្យនៅដោយឡែកនិងតាមដានសុខភាពចំនួន១៤ថ្ងៃ។ប្រទេសកម្ពុជាយេីងមិនទាន់រកឃេីញភស្តុតាងបញ្ជាក់ថាមានការឆ្លងនៅក្នុងសហគមន៍នៅឡេីយទេ។ក្នុងនៅទូទាំងប្រទេសក្រសួងសុខាភិបាលបានធ្វេីតេស្តសសរុបទាំងអស់ចំនួន​ ៤៨២ករណី៕​ដោយ៖ សំណាង

To Top