ព័ត៌មានជាតិ

លោក ឃួង ស្រេង ៖ មន្ត្រីរាជការនៅតាមខណ្ឌទាំង១៤ និងកងកម្លាំងប្រដាប់អាវុធ ត្រូវពិនិត្យរកសារធាតុញៀន

ភ្នំពេញ ៖ លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានគូសបញ្ជាក់ថា មន្ត្រីរាជការដែលបម្រើការងារនៅតាមខណ្ឌទាំង១៤ និងកងកម្លាំងប្រដាប់អាវុធ ចំណុះឲ្យរដ្ឋបាលរាជធានីភ្នំពេញទាំងអស់ នឹងត្រូវពិនិត្យរកសារធាតុញៀន នៅក្នុងខ្លួននាពេលខាងមុខនេះ ដើម្បីអនុវត្តតាមវិធានការដ៏ម៉ឺងម៉ាត់ និងមុតស្រួចរបស់សម្តេចធិបតី ហ៊ុន ម៉ា ណែត នាយករដ្ឋមន្ត្រី ក្នុងការប្រយុទ្ធប្រឆាំងគ្រឿងញៀន នៅតាមក្រសួង ស្ថាប័ន និងរដ្ឋបាលថ្នាក់ក្រោមជាតិ ពោលគឺបើរកឃើញមានមន្ត្រី ណាមានសារធាតុញៀនក្នុងខ្លួន នឹងត្រូវបណ្តេញចេញពីក្របខណ្ឌ ដោយគ្មានការលើកលែង ។

ការលើកឡើងរបស់លោក ឃួង ស្រេង នាព្រឹកថ្ងៃទី១៣ មីនា ក្នុងកិច្ចប្រជុំសាមញ្ញលើកទី៥៨ របស់ក្រុមប្រឹក្សារាជធានី អាណត្តិទី៣ នៅសាលារាជធានីភ្នំពេញ ក្រោមអធិបតីភាពលោក ម៉ប់ សារិន ប្រធានក្រុមប្រឹក្សារាជធានីភ្នំពេញ។

លោក ឃួង ស្រេង ថា “សម្រាប់មន្ត្រីរាជការរបស់រដ្ឋបាលរាជធានីភ្នំពេញ ប្រមាណជាង៥០០នាក់ ក្រោយការពិនិត្យរកសារធាតុញៀន គឺមិនមានមន្ត្រីណាម្នាក់ មានសារធាតុញៀននៅក្នុងខ្លួននោះទេ មានន័យថា ល្អ១០០%។ យើងនឹងធ្វើការពិនិត្យ មន្ត្រីរាជការនៅតាមបណ្ដាខណ្ឌទាំង១៤ និងកងកម្លាំងប្រដាប់អាវុធ ចំណុះឲ្យរដ្ឋបាលរាជធានីភ្នំពេញបន្តទៀត ។

ជាមួយគ្នានេះដែរ ការត្រួតពិនិត្យក្លឹបកំសាន្តនានានៅក្នុងរាជធានីភ្នំពេញ ក៏ត្រូវតែធ្វើដោយភាពម៉ឺងម៉ាត់ផងដែរ ដើម្បីបញ្ជាក់ថា នៅតាមក្លឹបកំសាន្តទាំងអស់នោះ គឺមិនមានការជួញដូរ និងសេពគ្រឿងញៀនឡើយ។

លោក ឃួង ស្រេង ក៏បានលើកឡើង ពាក់ព័ន្ធនឹងការងារសន្តិសុខ ដោយរដ្ឋបាលរាជធានីភ្នំពេញ ក៏បានយកចិត្ត ទុកដាក់ផងដែរ ដើម្បីភាពសុខសាន្ត របស់ប្រជាពលរដ្ឋ ហើយនៅប៉ុន្មានខែខាងមុខនេះ នឹងមានការបោះឆ្នោតក្រុមប្រឹក្សារាជធានី ខេត្ត ស្រុក ខណ្ឌ ដូច្នេះក្នុងនាមគណៈបញ្ជាការឯកភាព រាជធានីភ្នំពេញ នឹងយកចិត្តទុកដាក់ការពារសន្តិសុខ ដើម្បីឲ្យដំណើរការបោះឆ្នោតនេះ ទទួលបានជោគជ័យ ៕

To Top