ប៉េកាំង៖ ប្រទេសចិន បានអំពាវនាវឱ្យសហរដ្ឋអាមេរិក បញ្ឈប់ការគាបសង្កត់មិនសមហេតុផល លើក្រុមហ៊ុនមកពីប្រទេសផ្សេងៗ បន្ទាប់ពីច្បាប់របស់សហរដ្ឋអាមេរិក ផ្តោតលើកម្មវិធីវីដេអូខ្លី TikTok របស់ប្រទេសចិន ។
លោក He Yadong អ្នកនាំពាក្យក្រសួងពាណិជ្ជកម្មបានឲ្យដឹងថា ភាគីសហរដ្ឋអាមេរិកគួរតែគោរពយ៉ាងស្មោះស្ម័គ្រ ចំពោះសេដ្ឋកិច្ចទីផ្សារ និងគោលការណ៍នៃការប្រកួតប្រជែង ដោយយុត្តិធម៌ ហើយផ្តល់នូវបរិយាកាសបើកចំហ យុត្តិធម៌ និងគ្មានការរើសអើង សម្រាប់សហគ្រាសមកពីគ្រប់ប្រទេសទាំងអស់។
លោកបានប្រាប់សន្និសីទសារព័ត៌មានមួយថា ភាគីពាក់ព័ន្ធគួរតែគោរពយ៉ាងតឹងរ៉ឹង ចំពោះច្បាប់ និងបទប្បញ្ញត្តិរបស់ចិន ហើយប្រទេសចិននឹង ចាត់វិធានការចាំបាច់ទាំងអស់ ដើម្បីការពារសិទ្ធិ និងផលប្រយោជន៍ស្របច្បាប់របស់ខ្លួន។
កាលពីដើមសប្តាហ៍នេះ សភាតំណាងរាស្រ្តសហរដ្ឋអាមេរិក បានអនុម័តច្បាប់មួយ ដែលតម្រូវឱ្យ TikTok ដកខ្លួនចេញពីក្រុមហ៊ុនមេរបស់ខ្លួន គឺក្រុមហ៊ុនបច្ចេកវិទ្យាយក្សរបស់ចិន ByteDance ឬប្រឈមនឹងការហាមឃាត់ ទូទាំងប្រទេសនៅសហរដ្ឋអាមេរិក៕
ប្រែសម្រួល ឈូក បូរ៉ា