ព័ត៌មានអន្តរជាតិ

ច្បាប់នាំចេញ អាវុធត្រូវបានបន្ធូរបន្ថយ ដើម្បីអនុញ្ញាតឱ្យជប៉ុន លក់យន្តហោះចម្បាំង

Kyodo

តូក្យូ៖ ប្រទេសជប៉ុន បានបន្ធូរបន្ថយច្បាប់ផ្ទេរ ឧបករណ៍ការពារជាតិ ដ៏តឹងរឹងរបស់ខ្លួន ដើម្បីអនុញ្ញាត ឱ្យមានការនាំចេញយន្តហោះ ចម្បាំងជំនាន់ក្រោយទូទាំងពិភពលោក ដែលត្រូវបានកំណត់ ដើម្បីអភិវឌ្ឍរួមគ្នាជាមួយចក្រភពអង់គ្លេស និងអ៊ីតាលី ដោយដកចេញនូវឧបសគ្គ សម្រាប់គម្រោងត្រីភាគី ។

ខុទ្ទកាល័យ របស់នាយករដ្ឋមន្ត្រីជប៉ុនលោក ហ្វូមីអូ គីស៊ីដា បានអនុម័តគោលការណ៍ណែនាំថ្មីនៃ “គោលការណ៍ចំនួនបី ស្តីពីការផ្ទេរឧបករណ៍ការពារជាតិ និងបច្ចេកវិទ្យា” បន្ទាប់ពីគណបក្សសេរីប្រជាធិបតេយ្យ ដែលកំពុងកាន់អំណាច និងដៃគូសម្ព័ន្ធយុវជនរបស់ខ្លួន គឺគណបក្ស Komeito បានយល់ព្រមលើច្បាប់នាំចេញ ដែលបានកែសម្រួលកាលពីថ្ងៃទី១៥ ខែមីនា។

ច្បាប់ដែលបានកែសម្រួលចែងថា ប្រទេសជប៉ុនអាចនាំចេញយន្តហោះចម្បាំង ដែលរដ្ឋាភិបាលទាំងបីមានបំណងដាក់ពង្រាយនៅឆ្នាំ២០៣៥ ទៅកាន់ប្រទេសទីបី ខណៈដែលយន្តហោះចម្បាំងនឹងមិនដែលត្រូវបានផ្ទេរទៅកាន់ប្រទេស ដែលការប្រយុទ្ធកំពុងកើតឡើងនោះទេ។

ជប៉ុន ត្រូវមាន “គម្រោងការនាំចេញ” ដើម្បីធានាថា ខ្លួនអាចអភិវឌ្ឍ “យន្តហោះចម្បាំង ដែលមានសមត្ថភាព ឆ្លើយតបនឹងតម្រូវការសន្តិសុខ របស់ប្រទេសយើង ហើយថា ប្រទេសនេះអាចចូលរួមក្នុងគម្រោង ៣ផ្លូវ ជាមួយអង់គ្លេស និងអ៊ីតាលី ជា ដៃគូស្មើគ្នា”។

បទប្បញ្ញត្តិថ្មីនេះក៏បាននិយាយផងដែរថា គោលដៅនៃការនាំចេញយន្តហោះចម្បាំង នឹងត្រូវបានកំណត់ចំពោះប្រទេស ដែលបានចុះហត្ថលេខាលើ កិច្ចព្រមព្រៀងជាមួយប្រទេសជប៉ុន ស្តីពីការផ្ទេរឧបករណ៍ការពារជាតិ និងការផ្ទេរបច្ចេកវិទ្យា ដែលបច្ចុប្បន្នមានចំនួន ១៥ រួមទាំងសម្ព័ន្ធមិត្តសន្តិសុខជិតស្និទ្ធ របស់សហរដ្ឋអាមេរិកផងដែរ ៕
ប្រែសម្រួល ឈូក បូរ៉ា

To Top