ព័ត៌មានអន្តរជាតិ

Update៖ គ្រោះទឹកជំនន់ នៅអាហ្វហ្គានីស្ថាន បណ្តាលឲ្យស្លាប់មនុស្សរហូតដល់ ៧០នាក់

Xinhua

កាប៊ុល៖ លោក Mullah Janan Saeq អ្នកនាំពាក្យអាជ្ញាធរគ្រោះមហន្តរាយជាតិ បានរាយការណ៍មកថា ចំនួនអ្នកស្លាប់ និងរបួសដោយសារគ្រោះទឹកជំនន់ នៅក្នុងប្រទេសអាហ្វហ្គានីស្ថាន ក្នុងរយៈពេលប៉ុន្មានថ្ងៃកន្លងមកនេះ បានកើនឡើង ខណៈដែលមនុស្សចំនួន ៧០នាក់ត្រូវបានបញ្ជាក់ថា បានស្លាប់ និងជាង ៥០នាក់ផ្សេងទៀតបានរងរបួស។

លោក Saeq បានប្រាប់ដល់ប្រព័ន្ធ ផ្សព្វផ្សាយកាលពីយប់ថ្ងៃពុធថា “ចំនួនអ្នកស្លាប់ដោយសារ គ្រោះទឹកជំនន់ក្នុងរយៈពេល ៦ថ្ងៃចុងក្រោយនេះ បានកើនឡើងដល់ ៧០នាក់ ខណៈមនុស្ស ៥៦នាក់ផ្សេងទៀតបានរងរបួស” ។

នៅមុននេះ មន្ត្រីបានបញ្ជាក់ថា មនុស្សចំនួន៣៣នាក់បានស្លាប់ និង២៧នាក់របួសកាលពីប៉ុន្មានថ្ងៃមុន ។

ផ្ទះជាង២.៥០០ខ្នងត្រូវបានបំផ្លាញ ឬខូចខាត ហើយសត្វពាហនៈជាង ២.០០០ក្បាល បានងាប់ក្នុងរយៈពេល ១សប្តាហ៍កន្លងមកនេះ ដោយសារតែព្យុះភ្លៀង និងគ្រោះទឹកជំនន់ ។

គួររំលឹកថា ផ្នែកសំខាន់ៗនៃខេត្តចំនួន៣៤ របស់ប្រទេសអាហ្វហ្គានីស្ថាន បានទទួលរងនូវភ្លៀងធ្លាក់ និងធ្លាក់ព្រិលនៅតំបន់ដាច់ស្រយាល គិតចាប់តាំងពីថ្ងៃសុក្រ ខណៈដែលនាយកដ្ឋានឧតុនិយម របស់ប្រទេសនេះបានព្យាករណ៍ថា នឹងមានភ្លៀងធ្លាក់បន្ថែមទៀតក្នុងរយៈពេល ៤ថ្ងៃខាងមុខ ៕

ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា

To Top