ព័ត៌មានជាតិ

ក្រុមការងារថ្នាក់ជាតិ ចុះមូលដ្ឋានខណ្ឌដង្កោ បន្តបើកវេទិកា សាធារណៈ ជាមួយប្រជាពលរដ្ឋ ក្នុងខណ្ឌដង្កោ ជាថ្មីទៀត


ភ្នំពេញ៖ នៅថ្ងៃទី៣០ ខែតុលា ឆ្នាំ២០១៩ ក្នុងបរិវេណវត្តទីឃវ័ន ហៅវត្តព្រៃវែង សង្កាត់ព្រៃវែង ខណ្ឌដង្កោ មានរៀបចំ វេទិកាសាធារណៈ ជាមួយប្រជាពលរដ្ឋចំនួន ០៣សង្កាត់គឺ សង្កាត់ពងទឹក សង្កាត់ព្រៃវែង និងសង្កាត់ក្រាំងពង្រ នៃខណ្ឌដង្កោ ក្រោមអធិបតីភាព លោកឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង មេបញ្ជាការរង កងរាជអាវុធហត្ថលើផ្ទៃប្រទេស មេបញ្ជាការ កងរាជអាវុធហត្ថរាជធានីភ្នំពេញ និងជាប្រធាន ក្រុមការងារថ្នាក់ជាតិ ចុះមូលដ្ឋានខណ្ឌដង្កោ ក្នុងការបំពេញ បេសកកម្ម ដើម្បីត្រួតពិនិត្យនិងគាំទ្រការអនុវត្តកម្មវិធីនយោបាយ និងយុទ្ធសាស្ត្រចតុកោណដំណាក់កាលទី៤ របស់រាជ រដ្ឋាភិបាលកម្ពុជា ។

ក្រុមការងារ រួមមាន ឯកឧត្តម អ៊ឹង អៀង រដ្ឋលេខាធិការ ក្រសួងរ៉ែ និងថាមពល, មន្ត្រីក្រសួងមហាផ្ទៃ, ក្រសួងកិច្ចការនារី, ក្រុមប្រឹក្សារាជធានី អភិបាលខណ្ឌដង្កោ លោក នុត ពុធតារា និង អជ្ញាធរមូលដ្ឋាន គ្រប់ជាន់ថ្នាក់ សមាជិកសមាជិកាក្រុមការងារជាច្រើនរូប ដើម្បី ផ្សព្វផ្សាយ ខ្លឹមសារឯកសារជំនួយស្មារតី សម្រាប់ការងារសាធារណ:មតិ ជូនដល់ប្រជាពលរដ្ឋ ក៏ដូចជាទទួលដោះស្រាយនូវ តម្រូវការ ចាំបាច់និងសំណូមពរ របស់ប្រជាពលរដ្ឋក្នុងមូលដ្ឋាន។

ជានិច្ចជាកាល គេតែងឃើញ លោក រ័ត្ន ស្រ៊ាង មានទម្លាប់មួយគឺ គ្រប់ពេលចុះមូលដ្ឋាន លោក តែង នាំយកនូវអាហារសម្រន់ ដូចជា នំបុ័ង ការ៉េម ទឹកសុទ្ធ ទឹកអំពៅ ឬភេជ្ជៈនិងអាហារផ្សេងៗ ចែកជូនដល់សមាជិកដែល ចូលរួមទាំងអស់ បរិភោគរួមគ្នាបង្កើតបានជាបរិយាកាសរីករាយនិងស្និទ្ធស្នាល។ សម្រាប់កម្មវិធីនាថ្ងៃនេះ ក៏មិនខុសពី ពេលមុនៗដែរ សមាជិកគ្រប់គ្នា បានទទួលការ៉េមនំប៉័ងទឹកសុទ្ធ ពីលោក រ័ត្ន ស្រ៊ាង មកបរិភោគជាមួយគ្នា ដោយ ទឹកមុខញញឹមញញែមរីករាយនិងស្និតស្នាលក្រៃលែង។

ក្នុងវេទិកាសាធារណៈនាពេលនេះ បងប្អូនប្រជាពលរដ្ឋ បានលើកឡើងនូវកង្វល់និងសំណូមពរជាច្រើន ដាក់ជូន ដល់ ក្រុមការងារដើម្បីជួយដោះស្រាយ ហើយក្រុមការងារ អាជ្ញាធរ និងមន្ត្រីជំនាញ ក៏បានពន្យល់បកស្រាយ នូវចម្ងល់ទាំងឡាយរបស់ពួកគាត់ បានយល់ច្បាស់តាមបញ្ហាជាក់ស្តែង និងទទួលសំណូមពររបស់ពួកគាត់ មកសិក្សា ដោះស្រាយតាមជំនាញនិងបញ្ហានីមួយៗ។

ក្នុងឱកាសនោះផងដែរ លោក រ័ត្ន ស៊្រាង ក៏បានជម្រាបនិងពន្យល់ដល់បងប្អូនប្រជាពលរដ្ឋក្នុង អង្គវេទិកា សាធារណ:ទាំងអស់ ឲ្យបានយល់ជ្រួតជ្រាបពីសភាពការណ៍ថ្មីៗ តាមខ្លឹមសារឯកសារជំនួយស្មារតី សម្រាប់ការងារ សាធារណ:មតិ សំដៅពង្រឹងសតិអារម្មណ៍បងប្អូនប្រជាពលរដ្ឋកុំឲ្យលង់ខ្លួន ជឿតាមឧបាយកល ដ៏ពិសពុលរបស់ ក្រុម ប្រឆាំង ឬទៅចូលរួមក្នុងសកម្មភាពណារបស់ពួកវា ដែលនាំឲ្យមានទោសធ្ងន់ធ្ងរដល់ខ្លួន។

ជាចុងបញ្ចប់ លោក រ័ត្ន ស្រ៊ាង បានផ្តាំផ្ញើ ឲ្យបងប្អូនប្រជាពលរដ្ឋទាំងអស់ សូមចូលរួមគាំទ្រក្នុងការថែរក្សាការពារសុខសន្តិភាព ស្ថិរភាព សណ្តាប់ធ្នាប់ និងការអភិវឌ្ឍន៍សង្គមជាតិក្រោមម្លប់សន្តិភាពសម្តេចតេជោនៃយើងទាំងអស់គ្នា ដើម្បីឲ្យប្រទេសជាតិ កាន់តែរីកចម្រើនរុងរឿងតទៅមុខទៀត៕

To Top