បាត់ដំបង ៖ លោក ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និង បណ្តុះបណ្តាលវិជ្ជាជីវៈ នៅថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២៤ បានជួបពិភាក្សាជាមួយលោកស្រី Xiaoyan Qian នាយិការ នៃការិយាល័យអង្គការអន្តរជាតិ ខាងការងារ (ILO) ប្រចាំកម្ពុជា ឡាវ និងថៃនៅទីស្តីការក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ។
ក្នុងជំនួបនោះ លោកស្រីនាយិកា បានសរសើរថា វិស័យការងារ សន្តិសុខសង្គម និងបណ្តុះបណ្តាលវិជ្ជាជីវៈ នៃរាជរដ្ឋាភិបាលកម្ពុជា មានវឌ្ឍនភាពលឿន ជាងបណ្តាប្រទេសក្នុងតំបន់មួយចំនួន ។
ទន្ទឹមនឹងនេះលោករដ្ឋមន្ត្រី ក៏បានថ្លែងអំណរគុណ ដល់លោកស្រី ចំពោះការវាយតម្លៃ និងការកោតសរសើរ ហើយក៏បានថ្លែងអំណរគុណ ដល់ ILO ដែលបានផ្តល់កិច្ចសហការ ដើម្បីវឌ្ឍនភាព នៃវិស័យការងារ សន្តិសុខសង្គម និងបណ្តុះបណ្តាលវិជ្ជាជីវៈតាមរយៈគម្រោង ការបណ្តុះបណ្តាលមន្ត្រីជំនាញ លើជំនាញទន់ដើម្បីបង្កើនផលិតភាពការងារ គម្រោងការងារសមរម្យ សម្រាប់យុវជន គម្រោងទីផ្សារការងារសកម្ម និងគម្រោង នៃការកសាងសមត្ថភាពស្ថាប័ន ចំពោះបេឡាជាតិ សន្តិសុខសង្គមជាដើម ។
បន្ថែមពីនេះ លោករដ្ឋមន្ត្រី បានបង្ហាញចក្ខុវិស័យ នៃផែនការយុទ្ធសាស្ត្ររយៈពេល៥ឆ្នាំរបស់ក្រសួង ដែលជាគន្លឹះដើម្បីធ្វើឱ្យវិស័យការងារ សន្តិសុខសង្គម និងបណ្តុះ បណ្តាលវិជ្ជាជីវៈ នៅកម្ពុជាឱ្យកាន់តែរីកចម្រើនឡើង បន្ថែមទៀត ដែលនេះជាចំណុចគន្លឹះ ដ៏សំខាន់មួយក្នុងគោលបំណង ធានាពីទំនាក់ ទំនងវិជ្ជាជីវៈ សិទ្ធិសេរីភាព ផលិតភាព និងសុខមាលភាព រួមទាំងបរិយាកាសល្អ សម្រាប់វិនិយោគិនផងដែរ។
ក្នុងនោះលោករដ្ឋមន្ត្រី ក៏បានពន្យល់លំអិត ពីកម្មវិធីថ្នាក់ជាតិ របស់ប្រមុខរាជរដ្ឋាភិបាល ស្តីពីការបណ្តុះបណ្តាលជំនាញ បច្ចេកទេសវិជ្ជាជីវៈដល់យុវជន មកពីគ្រួសារក្រីក្រ និងងាយរងហានិភ័យ ចំនួន១.៥លាននាក់ ដែលជាយុទ្ធសាស្ត្រដ៏មុតស្រួច ដើម្បីផ្លាស់ប្តូរកម្លាំងអតិពលកម្ម ក្នុងទីផ្សារការងារ ឱ្យកម្ពុជាប្រែក្លាយជាសេដ្ឋកិច្ច ដែលពឹងផ្អែកលើជំនាញ ។
ទន្ទឹមនឹងនេះ ទាំងលោករដ្ឋមន្ត្រី និងលោកស្រីXiaoyan Yan ក៏បានឯកភាពគ្នា ក្នុងការបន្តគាំទ្រទៅវិញទៅមក ដើម្បីឱ្យគម្រោងដែលភាគីទាំងពីរ បានកំពុងសហការឱ្យកាន់តែរលូន ជាបន្តទៀត ដើម្បីវិបុលភាពនៃវិស័យការងារ សន្តិសុខសង្គម និងបណ្តុះបណ្តាលវិជ្ជាជីវៈ៕