ភ្នំពេញ ៖ លោក ទន់ សោភ័ណ អ្នកសម្របសម្រួលថ្នាក់ជាតិអង្គការ ILO ប្រចាំកម្ពុជា បានលើកឡើងថា រាជរដ្ឋាភិបាលកម្ពុជា អាណត្តិទី៧ បានសម្រេចកិច្ចការងារជាច្រើន ក្នុងការផ្តល់អត្ថប្រយោជន៍ ការពារសិទ្ធិ ដល់កម្មករនិយោជិត និងបង្កើតឱ្យមានសុខដុមនីយកម្ម នៅក្នុងរោងចក្រសហគ្រាស នៅទូទាំងប្រទេស ។
លោកគូសបញ្ជាក់ថា អត្ថប្រយោជន៍ទាំងនោះមានដូចជា រាជរដ្ឋាភិបាលកម្ពុជា បានរក្សាការដំឡើងប្រាក់ឈ្នួលជាទៀងទាត់ ជូនកម្មករប្រចាំឆ្នាំ២០២៤, អនុញ្ញាតឱ្យកម្មករនិយោជិតប្រើប័ណ្ណ ប.ស.ស. ទទួលបានការថែទាំសុខភាពដោយឥតគិតថ្លៃ និងបានពង្រីកវិសាលភាព នៃបេឡាជាតិសន្តិសុខសង្គម (ប.ស.ស.) នៅក្នុងអាណត្តិទី៧នេះ។ លើសពីនេះទៅទៀត រាជរដ្ឋាភិបាល ក៏បានបន្តផ្តល់ប្រាក់ឧបត្ថម្ភទៅដល់កម្មការិនី ដែលមានផ្ទៃពោះ អំឡុងពេលសម្រាល រហូតក្រោយពេលសម្រាលកូន ផងដែរ។
លោកបន្ថែមថា រាជរដ្ឋាភិបាលក៏បានដាក់ឱ្យអនុវត្ត ជាផ្លូវការការបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ និងបច្ចេកទេសទៅដល់យុវជនមកពីគ្រួសារក្រីក្រ និងគ្រួសារងាយរងហានិភ័យ ១,៥ លាននាក់ ដែលកម្មវិធីនេះ ក៏បានបើកឱកាសឱ្យកម្មករនិយោជិត ទៅរៀនជំនាញបន្ថែម (Re-Skill, Up-Skill) ដោយកម្មវិធីបណ្តុះបណ្តាលនេះ មានសារសំខាន់ណាស់ទៅដល់កម្មករ និងបុគ្គលិកទាំងឡាយណា ដែលចង់បន្ថែមជំនាញ ពីព្រោះពួកគេមានលទ្ធភាព ក្នុងអភិវឌ្ឍជំនាញ និងសមត្ថភាពប្រសើរជាងមុន។
លោកបានគូសបញ្ជាក់បន្តថា កម្មវិធីប្រកួតប្រជែង សហគ្រាសមួយ ជាសហគមន៍ សុខសាន្តមួយ ដែលក្រសួងការងារ ទើបតែប្រកាសដាក់ ឱ្យអនុវត្តក៏ជាកិច្ចការងារមួយ ដ៏មានសារសំខាន់ណាស់ ក្នុងការបង្កើតឱ្យមានសុខដុមនីយកម្ម ទំនាក់ទំនងវិជ្ជាជីវៈ នៅក្នុងរោងចក្រសហគ្រាសនៅកម្ពុជា។
ទន្ទឹមនឹងការគាំទ្រនេះ លោកស្នើឱ្យរាជរដ្ឋាភិបាលកម្ពុជា អាណត្តិទី៧នេះកែសម្រួលចំណុចខ្វះខាត មួយចំនួនបន្ថែមទៀត ដើម្បីធ្វើឱ្យប្រសើរឡើង នូវវិស័យការងារនៅកម្ពុជា ក៏ដូចដើម្បីលើកកម្ពស់សិទ្ធិ និងជីវភាពរបស់បងប្អូនកម្មករនិយោជិត ឱ្យកាន់តែប្រសើរថែមទៀតផងដែរ។
គូរកត់សម្គាល់ថា រាជរដ្ឋាភិបាលកម្ពុជា នីតិកាលទី៧ ដែលមានក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានសម្រេចកិច្ចការសំខាន់ៗ ជាច្រើននៅដើមអាណត្តិនេះ ដែលជាអនុសាសន៍ដ៏ខ្ពង់ខ្ពស់ របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី ក្នុងនោះរួមមាន៖
ទី១ ការកំណត់ប្រាក់ឈ្នួលអប្បរមា សម្រាប់កម្មករនិយោជិតឆ្នាំ២០២៤
ទី២ ការដាក់ឱ្យដំណើរការ របបសន្តិសុខសង្គម ផ្នែកថែទាំសុខភាព តាមរបបភាគទានស្ម័គ្រចិត្ត សម្រាប់បុគ្គលស្វ័យនិយោជន៍ និងអ្នកក្នុងបន្ទុក សមាជិកប.ស.ស.
ទី៣ ការដាក់ឱ្យដំណើរការកម្មវិធី បណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ និងបច្ចេកទេសដល់យុវជន មកពីគ្រួសារក្រីក្រ និងគ្រួសារងាយរងហានិភ័យ
ទី៤ ក្រសួងបានចុះអនុស្សរណៈនៃការយោគយល់គ្នា ជាមួយវិស័យឯកជនលើកិច្ចសហប្រតិបត្តិការ លើការហាត់ការ និងកម្មសិក្សាដើម្បីគាំទ្រ ដល់ការបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ និងបច្ចេកទេស
ទី៥ ការបន្តផ្តល់ប្រាក់ ឧបត្ថម្ភទៅដល់ស្រ្តីមានផ្ទៃពោះ
និងទី៦ ការដាក់ឱ្យអនុវត្តកម្មវិធីប្រកួតប្រជែង សហគ្រាសមួយ ជាសហគមន៍សុខសាន្តមួយ។
ទន្ទឹមនឹងនេះ ក្រៅពីសម្រេចការអនុវត្តកិច្ចការ តាមអនុសាសន៍ទាំង ៦នោះ នៅមានអនុសាសន៍ចំនួន ៤ចំណុចផ្សេងទៀត ដែលក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បាននិងកំពុងបង្ហាញ ពីវឌ្ឍនភាពជាបន្តបន្ទាប់ផងដែរ៕