ព័ត៌មានអន្តរជាតិ

ចិន ច្រានចោល ការចោទប្រកាន់របស់អាមេរិកថា ខ្លួនជ្រៀតជ្រែកការបោះឆ្នោត

RT News

បរទេស៖ ក្រសួងការបរទេសរបស់ ប្រទេសចិនបានច្រានចោលការចោទប្រកាន់របស់ រដ្ឋមន្ត្រីការបរទេសអាមេរិកលោក Antony Blinken ថា ខ្លួនជ្រៀតជ្រែកក្នុងការបោះឆ្នោតអាមេរិក ដោយលោកបានចោទប្រកាន់ទៅលោក Blinken វិញអំពី “ភាពវង្វេងស្មារតី និងការដេញតាមស្រមោល” ។

យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២៤ បានឱ្យដឹងថា នៅពេលត្រឡប់ពីដំណើរទស្សនកិច្ចទៅកាន់ប្រទេសចិនកាលពីថ្ងៃសុក្រ លោក Blinken បានប្រាប់ CNN ថា រដ្ឋាភិបាលសហរដ្ឋអាមេរិកបានឃើញការប៉ុនប៉ងរបស់ទីក្រុងប៉េកាំងដើម្បីអុកឡុកការបោះឆ្នោតអាមេរិក។ លោកថា “ជាទូទៅ យើងបានឃើញភ័ស្តុតាងនៃការប៉ុនប៉ងដ៏មានឥទ្ធិពល និងការអះអាងពីការជ្រៀតជ្រែក ហើយយើងចង់ធ្វើឱ្យប្រាកដថាវាត្រូវបានកាត់ចេញឱ្យបានលឿនតាមដែលអាចធ្វើទៅបាន» ។

ចំណែកអ្នកនាំពាក្យក្រសួងការបរទេសចិន លោក Lin Jian បានច្រានចោលការចោទប្រកាន់ទាំងនេះ នៅក្នុងសន្និសីទសារព័ត៌មានមួយកាលពីថ្ងៃចន្ទ។ លោក Lin បានប្រាប់អ្នកយកព័ត៌មានថា “ការមិនជ្រៀតជ្រែកក្នុងកិច្ចការផ្ទៃក្នុងរបស់ប្រទេសដទៃ គឺជាគោលការណ៍ជាមូលដ្ឋានសម្រាប់ទំនាក់ទំនងការទូតរបស់ប្រទេសចិន” ។

លោក Lin បានបញ្ចប់ដោយថា «អាមេរិកត្រូវបញ្ឈប់ភាពច្របូកច្របល់ និងការដេញតាមស្រមោល បញ្ឈប់ការជ្រួលច្របល់នៅប្រទេសចិន ដើម្បីបង្វែរការយកចិត្តទុកដាក់ និងបង្វែរការបន្ទោស ហើយរួមចំណែកដល់ទំនាក់ទំនងចិន-អាមេរិកដែលមានស្ថិរភាព និងសុខុមាលភាពរបស់ប្រជាជនទាំងពីរ»៕ ប្រែសម្រួលៈ ណៃ តុលា

To Top