ព័ត៌មានអន្តរជាតិ

អ៊ីស្រាអែល ​ដាក់ឱសានវាទ ជាមួយតុលាការ ICC

RT News

បរទេស៖ អ៊ីស្រាអ៊ែល បានព្រមានសហរដ្ឋអាមេរិកថា ខ្លួននឹងដាក់ទណ្ឌកម្មលើអាជ្ញាធរប៉ាឡេស្ទីន និងបណ្តាលឱ្យរដ្ឋនេះដួលរលំ ប្រសិនបើតុលាការឧក្រិដ្ឋកម្មអន្តរជាតិ (ICC) ចេញដីកាចាប់ខ្លួនមេដឹកនាំរដ្ឋជ្វីហ្វ ។ នេះបើតាមសារព័ត៌មាន Axios បានរាយការណ៍នៅថ្ងៃព្រហស្បតិ៍។

យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី២ ខែឧសភា ឆ្នាំ២០២៤ បានឱ្យដឹងថា ប្រព័ន្ធផ្សព្វផ្សាយជាច្រើនបានរាយការណ៍កាលពីខែមុនថា តុលាការឧក្រិដ្ឋកម្មអន្តរជាតិ ICC អាចនឹងចោទប្រកាន់នាយករដ្ឋមន្ត្រីអ៊ីស្រាអែល លោក Benjamin Netanyahu និងមន្ត្រីជាន់ខ្ពស់មួយចំនួនទៀតពីឧក្រិដ្ឋកម្មសង្គ្រាមជុំវិញយុទ្ធនាការយោធាដែលកំពុងបន្តប្រឆាំងនឹងក្រុមហាម៉ាសនៅតំបន់ហ្គាហ្សា។

អ៊ីស្រាអែល​បាន​បើក​ការ​វាយលុក​ទ្រង់ទ្រាយ​ធំ​របស់​ខ្លួន​បន្ទាប់​ពី​ការ​វាយ​ប្រហារ​ថ្ងៃ​ទី ៧ តុលា ដោយ​ក្រុម​ជ្រុលនិយមដែល​បាន​ឆក់​យក​ជីវិត​ប្រជាជន​អ៊ីស្រាអែល​ប្រមាណ ១ ២០០ នាក់​។ ការឆ្លើយតបរបស់កងកម្លាំងការពារអ៊ីស្រាអែល (IDF) នៅក្នុងតំបន់ប៉ាឡេស្ទីនដែលមានប្រជាជនរស់នៅយ៉ាងក្រាស់ក្រែលបានស្ថិតនៅក្រោមការត្រួតពិនិត្យកាន់តែខ្លាំងឡើង ហើយត្រូវបានរិះគន់យ៉ាងទូលំទូលាយ សូម្បីតែសម្ព័ន្ធមិត្តរបស់សហរដ្ឋអាមេរិក និងអឺរ៉ុបរបស់ប្រទេសនេះក៏ដោយ។

យោងតាមអាជ្ញាធរតំបន់ហ្គាហ្សា គឺថា ការវាយប្រហាររបស់អ៊ីស្រាអែលបានសម្លាប់មនុស្សជាង ៣៤.០០០ នាក់ ដែលភាគច្រើនជាជនស៊ីវិល។ កាលពីខែមករា តុលាការយុត្តិធម៌អន្តរជាតិរបស់អង្គការសហប្រជាជាតិ (ICJ) បានរកឃើញថា “អាចជឿទុកចិត្តបាន” ដែលកងកម្លាំងអ៊ីស្រាអែលបានប្រព្រឹត្តអំពើប្រល័យពូជសាសន៍។

យោងតាមមន្ត្រីអ៊ីស្រាអែល និងអាមេរិក ដែលបាននិយាយជាមួយអ្នកយកព័ត៌មាន Axios លោក Barak Ravid , រដ្ឋាភិបាលអ៊ីស្រាអែល បានប្រាប់រដ្ឋបាលលោក Biden ថា ប្រសិនបើចេញដីកាចាប់ខ្លួន គឺខ្លួននឹងចាត់ទុកអាជ្ញាធរប៉ាឡេស្ទីនជាអ្នកទទួលខុសត្រូវ ហើយនឹងសងសឹកជាមួយនឹងសកម្មភាពដ៏ខ្លាំងក្លាប្រឆាំងនឹងវា៕ប្រែសម្រួលៈ ណៃ តុលា

To Top