ព័ត៌មានអន្តរជាតិ

ចិន និងបារាំង គួរតែរក្សាឯករាជ្យភាព រួមគ្នាការពារសង្រ្គាមត្រជាក់ថ្មី ឬការប្រឈមមុខដាក់គ្នាក្នុងប្លុក

Xinhua

ប៉េកាំង៖ ប្រធានាធិបតីចិន លោក ស៊ី ជីនពីង បានឲ្យដឹងថា នៅពេលដែលពិភពលោកឆ្លងកាត់ការផ្លាស់ប្តូរ និងភាពចលាចល ដែលមិនបានឃើញក្នុងរយៈពេលមួយសតវត្ស ប្រទេសចិន និងបារាំងគួរតែរក្សាឯករាជ្យភាព និងរួមគ្នាទប់ស្កាត់ “សង្រ្គាមត្រជាក់ថ្មី” ឬការប្រឈមមុខគ្នានៅក្នុងប្លុក។

លោក ស៊ី បានធ្វើការកត់សម្គាល់ក្នុងអំឡុងពេល ពិភាក្សាជាមួយសមភាគីបារាំងលោក អេម៉នុយអែល ម៉ាក្រុង នៅវិមាន Elysee នេះបើយោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ ។

ប្រធានាធិបតី​ចិន​បាន​សម្តែង ​ការ​រីករាយ​ក្នុង​ការ​ធ្វើ​ដំណើរ​ទស្សនកិច្ច​ផ្លូវ​រដ្ឋ​ជា​លើក​ទី​៣ នៅ​ប្រទេស​បារាំង​តាម​ការ​អញ្ជើញ ក្នុង​ឱកាស​ខួប​លើក​ទី​៦០ ​នៃ​ទំនាក់ទំនង​រវាងប្រទេសចិន​-​បារាំង។

លោក ស៊ី បានលើកឡើងថា ភាគីទាំងពីរគួរតែរក្សាការប្តេជ្ញាចិត្ត ចំពោះស្មារតីដែលដឹកនាំការបង្កើត ទំនាក់ទំនងការទូតរបស់ពួកគេ ពោលគឺឯករាជ្យភាព ការយោគយល់គ្នាទៅវិញទៅមក ចក្ខុវិស័យរយៈពេលវែង និងផលប្រយោជន៍ទៅវិញទៅមក ហើយពង្រឹងវាជាមួយនឹង លក្ខណៈពិសេសថ្មីនៃយុគសម័យថ្មី។

លោក​បាន​បន្ត​ថា ពួកគេ​គួរតែ​បន្ត​យោគយល់​គ្នា​ទៅ​វិញ​ទៅ​មក ហើយ​រួម​គ្នា​លើក​កម្ពស់​ការ​រួមរស់​ ដោយ​សុខដុម​រមនា​ក្នុង​ពិភព​ចម្រុះ​ពណ៌ ពួកគេ​គួរ​តែ​គិតគូរ​ឲ្យ​បាន​វែង​ឆ្ងាយ ហើយ​ធ្វើ​ការ​ជាមួយ​គ្នា​ដើម្បី​ពិភពលោក​ពហុ​ប៉ូល​ដែល​ស្មើភាព និង​មាន​របៀប​រៀបរយ។

លោកបានបន្ថែមថា ពួកគេគួរតែបន្តកិច្ចសហប្រតិបត្តិការឈ្នះ-ឈ្នះ ហើយរួមគ្នាប្រឆាំងនឹងការបំបែក កាត់ខ្សែសង្វាក់ផ្គត់ផ្គង់ ឬការដំឡើងជញ្ជាំង និងរបាំងផងដែរ ៕

ប្រែសម្រួល ឈូក បូរ៉ា


Warning: Attempt to read property "term_id" on false in /var/www/dap-news.com/htdocs/wp-content/themes/flex-mag/functions.php on line 999
To Top