ក្នុងអំឡុងពេលដែលលោកប្រធានរដ្ឋចិន Xi Jinping ទៅបំពេញទស្សនកិច្ចផ្លូវរដ្ឋនៅប្រទេសស៊ែប៊ី កាលពីថ្ងៃទី៧ ខែឧសភាតាមម៉ោងក្នុងតំបន់ អគ្គស្ថានីយវិទ្យុនិងទូរទស្សន៍មជ្ឈិមចិន និងស្ថានីយវិទ្យុនិងទូរទស្សន៍ជាតិស៊ែប៊ី បានរួមគ្នារៀបចំធ្វើសកម្មភាពផ្លាស់ប្តូរ រវាងប្រជាជននិងប្រជាជនក្រោមប្រធានបទ “ចិននិងស៊ែប៊ីរាប់អានគ្នាដូចអ្នកជិតខាង ទោះស្ថិតនៅឆ្ងាយពីគ្នាក៏ដោយ”នៅក្រុង Belgrade ។ លោក Aleksandar Vučić ប្រធានាធិបតីស៊ែប៊ីបានថ្លែងសុន្ទរកថា តាមប្រព័ន្ធវីដេអូ ដើម្បីជូនពរឱ្យសកម្មភាពនេះទទួលបានជោគជ័យដោយគាប់ប្រសើរ ។
លោក Shen Haixiong អនុរដ្ឋមន្ត្រីនៃក្រសួងឃោសនាការ នៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិន និងជាអគ្គនាយកនៃអគ្គស្ថានីយវិទ្យុ និងទូរទស្សន៍មជ្ឈិមចិនបានថ្លែងថា ប៉ុន្មានឆ្នាំចុងក្រោយនេះ អគ្គស្ថានីយវិទ្យុនិងទូរទស្សន៍មជ្ឈិមចិន បានធ្វើកិច្ចសហប្រតិបត្តិការជាមួយ ប្រព័ន្ធសារព័ត៌មានសំខាន់ៗជាច្រើនរបស់ស៊ែប៊ី សហការថតនិងចាក់ផ្សាយភាពយន្តឯកសារជាច្រើន និងរួមគ្នារៀបចំធ្វើសកម្មភាពប្រព័ន្ធសារព័ត៌មាន ដូចជាពិព័រណ៍និងការចាក់បញ្ចាំងនៃ “រដូវកាលភាពយន្តឯកសារចិន” នៅស៊ែប៊ីជាដើម ។
ជំហានក្រោយ អគ្គស្ថានីយវិទ្យុនិងទូរទស្សន៍មជ្ឈិមចិន នឹងធ្វើកិច្ចសហប្រតិបត្តិការកាន់តែទូលំទូលាយ ជាមួយស្ថាប័នពាក់ព័ន្ធរបស់ស៊ែប៊ី ។ រំពឹងថា អាចពង្រីកផ្លូវផ្លាស់ប្តូររវាងប្រជាជន និងប្រជាជននៃប្រទេសទាំងពីរថែមមួយកម្រិតទៀត ដើម្បីបំពេញបន្ថែមកម្លាំងចលករថ្មី ក្នុងការជំរុញការបង្កើតសហគមន៍រួម វាសនារបស់មនុស្សជាតិ ៕