ប៉េកាំង៖ ប្រទេសចិន បានសម្តែង “ការប្រឆាំងយ៉ាងម៉ឺងម៉ាត់” របស់ខ្លួនចំពោះប្រទេសជប៉ុន និងសហរដ្ឋអាមេរិកកាលពីថ្ងៃអង្គារ ដោយអបអរសាទរប្រធានាធិបតីតៃវ៉ាន់ លោក ឡៃ ឈីងតេ ក្នុងពិធីសម្ពោធចូលកាន់តំណែងរបស់លោក ដោយបេសកជនរបស់ទីក្រុងប៉េកាំង ប្រចាំទីក្រុងតូក្យូមុននេះ បានព្រមានថា អ្នកគាំទ្រជប៉ុននៃឯករាជ្យភាព របស់កោះនេះនឹងត្រូវបាន “នាំចូលទៅក្នុងរណ្តៅភ្លើង” ។
ជាការឆ្លើយតប ប្រទេសជប៉ុន បានតវ៉ាទៅកាន់ប្រទេសចិន តាមរយៈបណ្តាញការទូតជុំវិញការអត្ថាធិប្បាយ របស់ឯកអគ្គរដ្ឋទូតចិនប្រចាំប្រទេសជប៉ុនលោក Wu Jianghao បន្ទាប់ពីពិធីស្បថចូលកាន់តំណែងរបស់លោក ឡៃ កាលពីថ្ងៃចន្ទ ដោយបានហៅពួកគេថា “មិនសមរម្យជាខ្លាំង” នេះបើយោងតាមប្រភពរដ្ឋាភិបាលមួយ។
ប្រទេសចិន ដែលចាត់ទុកកោះដែលគ្រប់គ្រង ដោយខ្លួនឯងថាជារបស់ខ្លួននោះក៏បាន ដាក់ពាក្យបណ្តឹងជាមួយអង់គ្លេស និងកូរ៉េខាងត្បូងផងដែរចំពោះ ការអបអរសាទរចំពោះលោក ឡៃ។ សមាជិកសភា និងអ្នកផ្សេងទៀតមកពីប្រទេសជប៉ុន សហរដ្ឋអាមេរិក អង់គ្លេស និងកូរ៉េខាងត្បូង ស្ថិតក្នុងចំណោមភ្ញៀវបរទេសជាង ៥០០នាក់ ដែលបានចូលរួមក្នុងពិធីសម្ពោធនោះ។
ចិនប្រឆាំងយ៉ាងខ្លាំង ចំពោះប្រទេសដែលមានទំនាក់ទំនងការទូត ធ្វើការផ្លាស់ប្តូរជាផ្លូវការជាមួយតៃវ៉ាន់។ ប្រភពបានថ្កោលទោសលោក ឡៃ ជាពិសេសដែលជាប្រធានគណបក្សវឌ្ឍនភាពប្រជាធិបតេយ្យឯករាជ្យ ដែលកំពុងកាន់អំណាចរបស់កោះនេះថាជា “អ្នកផ្តាច់ខ្លួន”។
សមាជិកសភាជប៉ុនសរុបចំនួន ៣១នាក់បានចូលរួមក្នុងពិធីនេះ ដែលជាគណៈប្រតិភូដ៏ធំបំផុតមួយមកពីទីក្រុងតូក្យូ ដែលបានចូលរួមក្នុងព្រឹត្តិការណ៍បែបនេះ ដោយប្រធានខុទ្ទកាល័យលោក Yoshimasa Hayashi បានបង្ហាញក្តីសង្ឃឹមថា នឹងធ្វើឱ្យកាន់តែស៊ីជម្រៅថែមទៀត នូវទំនាក់ទំនងមិត្តភាពជប៉ុន-តៃវ៉ាន់៕
ប្រែសម្រួល ឈូក បូរ៉ា