ព័ត៌មានអន្តរជាតិ

ធ្លាក់យន្តហោះធុនតូច ១គ្រឿង នៅកាលីហ្វ័រនីញ៉ា ស្លាប់មនុស្ស២នាក់

Xinhua

ឡូសអ៊ែនជីឡេស៖ អាជ្ញាធរបានឲ្យដឹងថា កាលពីថ្ងៃសៅរ៍មានមនុស្សចំនួន ២នាក់បានស្លាប់ នៅក្នុងការធ្លាក់យន្តហោះ ធុនតូចនៅរដ្ឋកាលីហ្វ័រនីញ៉ា សហរដ្ឋអាមេរិក ។

ក្រុមប្រឹក្សាសុវត្ថិភាពដឹកជញ្ជូនជាតិ របស់សហរដ្ឋអាមេរិក បានឲ្យដឹងនៅក្នុងសេចក្តីថ្លែងការណ៍មួយ នៅលើប្រព័ន្ធផ្សព្វផ្សាយសង្គម X ថា ខ្លួនកំពុងស៊ើបអង្កេតពីការធ្លាក់យន្តហោះ Lockheed L12 នៅជិតទីក្រុង Chino ដែលជាទីក្រុងនៅភាគខាងលិចនៃតំបន់ San Bernardino ចម្ងាយប្រហែល៥៥គីឡូម៉ែត្រ ភាគខាងកើតនៃទីប្រជុំជន Los Angeles ។

គេបានដឹងថា យន្តហោះម៉ាស៊ីនភ្លោះសម័យសង្គ្រាម លោកលើកទី២ បានធ្លាក់នៅម៉ោង១២និង៣៥នាទីថ្ងៃត្រង់ ត្រូវនឹងម៉ោង១៩និង៣៥នាទីម៉ោងសកល នៅជិតអាកាសយានដ្ឋាន Chino ដោយបានរាយការណ៍ពី ស្ថានីយ៍ទូរទស្សន៍ក្នុងស្រុក KABC ។ ដោយបានបន្ថែមថា យន្តហោះត្រូវបានរកឃើញចេញពីផ្លូវរត់ នៅគ្រាដែលបុគ្គលិកសង្គ្រោះបន្ទាន់ មកដល់ទីតាំងកើតហេតុ ។

សេចក្តីរាយការណ៍បានឲ្យដឹងថា បុរស២នាក់បានស្លាប់នោះ គឺបានចូលរួមក្នុងព្រឹត្តិការណ៍ ទិវាឪពុកនៅឯសារមន្ទីរ Yanks Air ៕

ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា

To Top