បរទេស៖ យោងតាមការចេញផ្សាយរបស់ RT ប្រធានាធិបតីនៃសាធារណរដ្ឋកុងហ្គោ លោក Denis Sassou Nguesso បានបង្ហាញពីចំណាប់អារម្មណ៍ របស់ប្រទេសលោកក្នុងការ ចូលជាសមាជិករបស់ BRICSក្នុងគ្រាដែល មេដឹកនាំអាហ្រ្វិករូបនេះបានមកដល់ ប្រទេសរុស្ស៊ីក្នុងសប្តាហ៍នេះ ជាកន្លែងដែលគាត់បានជួប ជាមួយប្រធានាធិបតី Vladimir Putin។
នៅក្នុងបទសម្ភាសន៍ជាមួយ ប្រព័ន្ធផ្សព្វផ្សាយរុស្ស៊ី កាលពីថ្ងៃព្រហស្បតិ៍លោក Sassou Nguesso បានសង្កត់ធ្ងន់ថា ប្រទេសអាហ្វ្រិកចាប់អារម្មណ៍ ក្នុងការអភិវឌ្ឍទំនាក់ទំនងជាមួយប្លុកនេះ។ Sassou Nguesso បាននិយាយ៖ ខ្ញុំក៏បានឮអំពីទម្រង់ BRICS+ ដែរ ដូច្នេះបើឱកាសទាំងអស់នេះមានហើយ ហេតុអ្វីមិនបាន? កុងហ្គោនឹងចាប់អារម្មណ៍លើការងារនេះ។
BRICS ត្រូវបានបង្កើតឡើងក្នុងឆ្នាំ ២០០៦ ដោយប្រេស៊ីល រុស្ស៊ី ឥណ្ឌា និងចិន ដោយមានអាហ្រ្វិកខាងត្បូងចូលរួមក្នុងឆ្នាំ ២០១១។ រុស្ស៊ីបច្ចុប្បន្នកាន់តំណែងជាប្រធាន BRICS។ ប្លុកសេដ្ឋកិច្ចនេះកំពុងបានពង្រីកនៅឆ្នាំនេះ នៅពេលដែលអេហ្ស៊ីប អេត្យូពី អ៊ីរ៉ង់ និងអារ៉ាប់រួម បានក្លាយជាសមាជិកពេញសិទ្ធិ។
គួរឲ្យដឹងដែរថាលោក Sassou Nguesso បានមកដល់ប្រទេសរុស្ស៊ីកាលពីថ្ងៃអង្គារ ហើយបានជួបពិភាក្សាជាមួយប្រធានាធិបតី Putin នៅថ្ងៃព្រហស្បតិ៍ ដែលមេដឹកនាំអាហ្វ្រិកត្រូវ បានផ្តល់រង្វាន់កិត្តិយសរុស្ស៊ីផងដែរ៕
ប្រែសម្រួល៖ ស៊ុន លី