ភ្នំពេញ៖ ក្រសួងបរិស្ថាន នឹងរៀបចំពិព័រណ៍ផ្សព្វផ្សាយ និងចែកកូនឈើដោយឥតគិតថ្លៃ ក្រោមមូលបទ «ពន្លកបៃតង» និងវេទិកាកេសរកូលជាតិលើកទី៤ ចាប់ពីរសៀលពីថ្ងៃទី១០-១២ កក្កដា នៅមុខអគារមរតកតេជោ ទីស្តីការក្រសួងបរិស្ថាន រាជធានីភ្នំពេញ។
ក្រៅពីនេះដែរ ក៏មានការចែកកូនឈើដោយឥតគិតថ្លៃ នៅតាមមន្ទីរបរិស្ថានរាជធានី-ខេត្ត ចាប់ពីថ្ងៃទី១០-១៦ កក្កដា ។
អគ្គនាយកដ្ឋានទាំងអស់របស់ក្រសួងបរិស្ថាន មន្ទីរបរិស្ថានរាជធានី-ខេត្តទាំង២៥អង្គការដៃគូ សហគមន៍តំបន់ការពារធម្មជាតិ និងស្តង់ពិព័រណ៍ផលិតផលខ្មែរ បានរៀបចំរួចជាស្រេច ដោយមានការតាំងបង្ហាញ និងចែកកូនឈើជូនប្រជាពលរដ្ឋ យកទៅដាំដុះនៅតាមគេហដ្ឋាន សាលារៀន វត្តអារាម ទីកន្លែងសាធារណៈ និងទីតាំងឯកជននានា ដោយឥតគិតថ្លៃ និងដើម្បីផ្សព្វផ្សាយលើកកម្ពស់ការយល់ដឹង ស្តីពីការដាំឈើឲ្យបានច្រើន ដើម្បីបង្កើនគម្របបៃតងនៅកម្ពុជា ជាពិសេស ជំរុញការចូលរួមអភិរក្សជីវៈចម្រុះ ពីគ្រប់ភាគីពាក់ព័ន្ធ ស្របនឹងយុទ្ធសាស្ត្រចក្រាវិស័យបរិស្ថាន ដែលបានដាក់ចេញជាបន្តបន្ទាប់ និងជាជំហានៗ ផ្តោតលើមុំយុទ្ធសាស្រ្តចំនួន៣គឺ ស្អាត បៃតង និងចីរភាព។
សូមបញ្ជាក់ថា នៅល្ងាចថ្ងៃទី៩ កក្កដា លោកបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្រ្តីក្រសួងបរិស្ថាន និងលោកស្រី បានអញ្ជើញពិនិត្យស្តង់ពិពរណ៍ ផ្សព្វផ្សាយនិងចែកកូនឈើ ក្រោមមូលបទ«ពន្លកបៃតង»៕