ភ្នំពេញ ៖ អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀនកម្ពុជា និងចិន នៅរសៀលថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២៤នេះ
បានជួបប្រជុំទ្វេភាគីលើកទី១១ ស្តីពីកិច្ចសហប្រតិបត្តិការប្រយុទ្ធប្រឆាំងគ្រឿងញៀន កិច្ចពិភាក្សាលើការស៊ើបអង្កេតចាប់ឧក្រិដ្ឋជនគ្រឿងញៀន, វិធានការបង្ការបង្រ្កាបបទល្មើសគ្រឿងញៀន ការគ្រប់គ្រងសារធាតុគីមីផ្សំ ការងារពិសោធន៍គ្រឿងញៀនការងារផ្សព្វផ្សាយអប់រំ និងការងារព្យាបាលស្តារនីតិសម្បទា បណ្តុះបណ្តាលធនធានមនុស្សជាដើម។
កិច្ចប្រជុំនេះប្រព្រឹត្តទៅ ក្រោមអធិបតីភាព នាយឧត្តមសេនីយ៍ មាស វិរិទ្ធ អគ្គលេខាធិការអាជ្ញាធរជាតិ
ប្រយុទ្ធប្រឆាំងគ្រឿងញៀនកម្ពុជា NACD និងលោក ឡាន ហ្វៃហុង (Lan Weihong)
អគ្គលេខាធិការរងនៃគណៈកម្មាធិការត្រួតពិនិត្យគ្រឿងញៀននៃសាធារណរដ្ឋប្រជាមានិតចិន NNCC
ព្រមទាំងមានអញ្ជើញចូលរួមពីតំណាងអង្គភាពជំនាញពាក់ព័ន្ធនៃប្រទេសទាំងពីរ(កម្ពុជា-ចិន)ផងដែរ។
ថ្លែងនៅក្នុងកិច្ចប្រជុំនោះ នាយឧត្តមសេនីយ៍ មាស វិរិទ្ធ បានមានប្រសាសន៍ដោយបានស្វាគមន៍ដល់ប្រតិភូមិត្តចិននិងបានលើកឡើងពីការងារមួយចំនួនដែលជាមតិដឹកនាំរបស់ លោក នេត សាវឿន ឧបនាយករដ្ឋមន្រ្តី
ដែលក្នុងនោះរួមមានការពង្រឹងពង្រីកកិច្ចសហប្រតិបត្តិការស្ថាប័នត្រួតពិនិត្យគ្រឿងញៀនកម្ពុជាបានថ្លែងអំណរគុណដល់មិត្តចិនដែលតែងតែគាំទ្រដល់ការងារត្រួតពិនិត្យគ្រឿងញៀនកម្ពុជានិងការបណ្តុះបណ្តាលមន្រ្តីអនុវត្តច្បាប់សារធាតុគីមីផ្សំ មន្ទីរពិសោធន៍គ្រឿងញៀន ហើយកិច្ចសហការការងារត្រួតពិនិត្យគ្រឿងញៀនគឺត្រូវធ្វើឡើងដោយត្រង់ទៅត្រង់មក «រលូន រហ័ស និងកាត់បន្ថយរដ្ឋបាល» ជាដើម។
ថ្លែងនៅក្នុងកិច្ចប្រជុំនោះដែរលោក ឡាន ហ្វៃហុង បានលើកឡើងថា ទំនាក់ទំនងកម្ពុជា-ចិន គឺជាមិត្តភាពដែកថែបស្ថិតស្ថេរជារៀងរហូតទៅ ខណៈក្រោមកិច្ចសហប្រតិបត្តិការកម្ពុជា និងចិន ភាគីទាំងពីរបង្រ្កាបបាននូវករណីគ្រឿងញៀនឆ្លងដែនជាច្រើន ជាក់ស្តែងនៅក្នុងឆ្នាំ២០២៣ កន្លងទៅកម្ពុជា ចិន បានសហការរួមគ្នាប្រយុទ្ធប្រឆាំងគ្រឿងញៀនបានយ៉ាងល្អ ជាមួយនេះ គម្រោងសុវត្ថិភាពទន្លេមេគង្គ ដែលមានសមាជិក៦ប្រទេស កម្ពុជា ចិន ឡាវ ថៃ ភូមា និងវៀតណាម ក៏បានធ្វើការបង្ការបង្រ្កាបបាន បទល្មើសគ្រឿងញៀនធ្វើឱ្យតំបន់តាមទន្លេមេគង្គមានសុវត្ថិភាពល្អ។
លោក បានរំពឹងថា ស្ថាប័នត្រួតពិនិត្យគ្រឿងញៀនប្រទេសទាំងពីរ (កម្ពុជា-ចិន) នឹងដើរតួនាទីយ៉ាងសំខាន់
ធ្វើឱ្យកិច្ចសហការមានប្រសិទ្ធភាព សម្របសម្រួលបានរាល់ករណីគ្រឿងញៀននេះផងដែរ៕