ព័ត៌មានជាតិ

ឧត្តមសេនីយ៍ទោ ហ៊ុល សំអុន ឧបត្ថម្ភអង្ករ មី ត្រីខ និងថវិកាដល់២គ្រួសារដែលបានស្ម័គ្រចិត្តជួយរុករកឧទ្ធម្ភាគចក្របាត់ដំណឹង

ភ្នំពេញ ៖ លោកឧត្តមសេនីយ៍ទោ ហ៊ុល សំអុន មេបញ្ជាការកងពលតូចដឹកជញ្ជូនលេខ៩៩នៅព្រឹកថ្ងៃ១៨ កក្កដា បានចាត់ឲ្យក្រុមការងារនាំយកអង្ករចំនួន២ការ៉ុង មី២កេស ត្រីខ២យួរ និងថវិកា ២០០,០០០រៀល ជូនដល់គ្រួសារលោក យ៉ង ឈឹម និងលោក យិន ឧសភា រស់នៅភូមិចម្ការជ្រៃខាងត្បូង ឃុំអន្លង់រាប ស្រុកវាលវែង ខេត្តពោធិ៍សាត់ ដែលបានស្ម័គ្រចិត្តជួយរុករកឧទ្ធម្ភាគចក្រដែលបានបាត់ដំណឹង។

នេះជាលើកទី២ហើយ​ដែលឧត្តមសេនីយ៍ទោ ហ៊ុល សំអុន បានជួយឧបត្ថម្ភដល់គ្រួសារប្រជាពលរដ្ឋស្ម័គ្រចិត្តទាំងពីរ ខណៈលើកទី១ បានជួយឧបត្ថម្ភអង្ករចំនួន១ការ៉ុង ត្រីខ៣យួរ អាវភ្លៀងចំនួន៣ និងថវិកាចំនួន ៣០០,០០០រៀលដល់លោក យ៉ង ឈឹម លោក យិន ឧសភា និងលោក ឌី វណ្ណនី ដែលបានចុះទៅជួយរុករកតាំងពីថ្ងៃទី១៥ កក្កដា។

ការជួយឧបត្ថម្ភនេះ គឺបង្ហាញពីវប្បធម៌នៃការចែករំលែករបស់ឧត្តមសេនីយ៍ទោ ហ៊ុល សំអុន ចំពោះប្រជាពលរដ្ឋ ខណៈប្តីនិងកូនពួកគាត់ស្ម័គ្រចិត្តសហការចុះជួយរុករកនៅតំបន់ព្រៃភ្នំដែលមានការសង្ស័យ សម្រាប់ជួយទំនុកបម្រុងការហូបចុកប្រចាំថ្ងៃដល់គាត់ទាំងពីរគ្រួសារ ។ នេះក៏សបញ្ជាក់ពីទឹកចិត្តគោរពស្រឡាញ់ចំពោះប្រជាពលរដ្ឋដែលលោកមេបញ្ជាការមាន ដូចពាក្យឃ្លាមួយពោលថា “នៅឲ្យប្រពលរដ្ឋស្រឡាញ់ ពេលចេញឲ្យប្រជាពលរដ្ឋនឹក” ៕

To Top