ភ្នំពេញ ៖ លោកឧបនាយករដ្ឋមន្រ្តី អូន ព័ន្ធមុនីរ័ត្ន រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ និងលោក Sanui Kazumasa ប្រធានទីភ្នាក់ងារ សហប្រតិបត្តិការអន្តរជាតិ នៃប្រទេសជប៉ុន (JICA) ប្រចាំកម្ពុជា បានចុះហត្ថលេខា លើកិច្ចព្រមព្រៀងហិរញ្ញប្បទាន សហប្រតិបត្តិការចំនួន ២ ដែលមានទឹកប្រាក់សរុប ចំនួន ៨ ៦៧៩ លានយ៉េនជប៉ុន ត្រូវជាប្រមាណ៥៧,៥ លានដុល្លារ នាថ្ងៃទី១៩ កក្កដា ។
យោងតាមសេចក្ដីប្រកាសព័ត៌មាន ក្រសួងសេដ្ឋកិច្ច បានឲ្យដឹងថា កិច្ចព្រមព្រៀងហិរញ្ញប្បទានឥតសំណង សម្រាប់គម្រោងអាហារូបករណ៍ អភិវឌ្ឍន៍ធនធានមនុស្ស មានទឹកប្រាក់ចំនួន៣៨៦ លានយ៉េនជប៉ុន ត្រូវជាប្រមាណ ២,៥ លានដុល្លារ។
ដោយឡែក កិច្ចព្រមព្រៀងឥណទានសម្បទាន សម្រាប់គម្រោងធ្វើឲ្យប្រសើរឡើង កំណាត់ផ្លូវជាតិលេខ៥(ធ្លាម្អម-បាត់ដំបង និងសិរីសោភ័ណ-ប៉ោយប៉ែត) (ឥណទានដំណាក់កាលទី៣) [The National Road No.5 Improvement Project (Thlea Ma`am-Battambang and Sri Sophorn-Poipet Sections) (III)] មានទឹកប្រាក់ចំនួន ៨ ២៩៣ លានយ៉េនជប៉ុន ត្រូវជាប្រមាណ ៥៥ លានដុល្លារអាមេរិក ។ ឥណទានដំណាក់កាលទី៣ នេះ គឺជាឥណទានសម្រាប់បំពេញបន្ថែមឲ្យការងារសាងសង់ និងការងារជាបន្តបន្ទាប់របស់គម្រោង ដើម្បីឈាន ទៅបញ្ចប់នូវកំណាត់ផ្លូវដែលកំពុងសាងសង់ ពីក្រុងសិរីសោភ័ណ ទៅក្រុងប៉ោយប៉ែត ។
នាឱកាសនោះ លោកឧបនាយករដ្ឋមន្ត្រី អូន ព័ន្ធមុនីរ័ត្ន បានថ្លែងអំណរគុណដល់រដ្ឋាភិបាល និង ប្រជាជនជប៉ុន និងគ្រប់ស្ថាប័នពាក់ព័ន្ធ របស់រដ្ឋាភិបាលជប៉ុន ជាពិសេស ទីភ្នាក់ងារសហប្រតិបត្តិការ អន្តរជាតិនៃប្រទេសជប៉ុន (JICA) ដែលតែងតែបានផ្តល់កិច្ចសហប្រតិបត្តិការដ៏ល្អប្រសើរ និងបានចូលរួមគាំទ្រដល់ កិច្ចអភិវឌ្ឍន៍សង្គម-សេដ្ឋកិច្ចកម្ពុជា ដែលបានបន្តផ្តល់ហិរញ្ញប្បទាន សម្រាប់កិច្ចសហប្រតិបត្តិការអភិវឌ្ឍន៍ផ្លូវការ (ODA) ដែលបានឆ្លើយតបចំទិសដៅនៃកម្មវិធីគោលនយោបាយអាទិភាពរបស់រាជរដ្ឋាភិបាលកម្ពុជា និងបានឆ្លើយតបទៅនឹងយុទ្ធសាស្ត្របញ្ចកោណ ក្រោមការដឹកនាំរបស់ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា ។
លោកឧបនាយករដ្ឋមន្ត្រី ក៏បានវាយតម្លៃខ្ពស់ ចំពោះទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការ រវាង កម្ពុជា-ជប៉ុន ដែលជាទំនាក់ទំនងស្ថិត ក្នុងកម្រិតល្អប្រសើរបំផុត ក្នុងប្រវត្តិនៃទំនាក់ទំនង រវាងប្រទេសទាំងពីរ បន្ទាប់ពី ការដំឡើងកម្រិតទំនាក់ទំនងទៅជា «ភាពជាដៃគូយុទ្ធសាស្ត្រ គ្រប់ជ្រុងជ្រោយ» ក្នុងឆ្នាំ២០២៣ ព្រមទាំងការដាក់ចេញ នូវគំនិតផ្តួចផ្តើមថ្មីៗទៅភាគីមិត្ត ក្នុងការផ្តល់ការសិក្សា និងលើកបេក្ខភាព គម្រោងអាទិភាពបន្ថែមទៀត ដែលមានភាពប្រទាក់ក្រឡា ជាមួយគម្រោងអភិវឌ្ឍន៍នានា ស្របតាមគោលនយោបាយ និងយុទ្ធសាស្ត្ររបស់ រាជរដ្ឋាភិបាលកម្ពុជា ដើម្បីពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការ ឲ្យកាន់តែរឹងមាំបន្តទៀត។
រដ្ឋាភិបាលជប៉ុនតាមរយៈទីភ្នាក់ងារ JICA បានប្តេជ្ញាចិត្តយ៉ាងមុតមាំ ក្នុងការធ្វើការជាមួយរាជរដ្ឋាភិបាលកម្ពុជា ក្នុងភាពជាដៃគូយុទ្ធសាស្ត្ររយៈពេលវែង សម្រាប់ការគាំទ្រដល់ការពង្រឹងបន្ថែមទៀត នៃការអភិវឌ្ឍសង្គម-សេដ្ឋកិច្ចរបស់កម្ពុជា៕