ព័ត៌មានជាតិ

លោក ឃួង ស្រេង ៖ រាជរដ្ឋាភិបាល កំណត់យ៉ាងច្បាស់ ពីតម្លៃនិងតួនាទី របស់ព្រៃឈើ ដែលមិនអាចកាត់ផ្តាច់ ពីវិស័យអាទិភាព

ភ្នំពេញ ៖ លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានលើកឡើងថា រាជរដ្ឋាភិបាលកម្ពុជា បានកំណត់យ៉ាងច្បាស់ពីតម្លៃ និងតួនាទីដ៏សំខាន់ របស់ព្រៃឈើ ដែលមិនអាចកាត់ផ្តាច់ចេញពីវិស័យអាទិភាព ទាំងឡាយរបស់រដ្ឋឡើយ។

ការលើកឡើងរបស់លោកឃួង ស្រេង ធ្វើឡើងក្នុងឱកាសអបអរសាទរពិធីរុក្ខទិវា ៩ កក្កដា ឆ្នាំ២០២៤ ខណៈដែលរដ្ឋបាលរាជធានីភ្នំពេញ បានប្រារព្ធពិធីដាំកូនឈើ និងចែកកូនឈើ នាព្រឹកថ្ងៃទី២១ ខែកក្កដា នៅក្នុងបរិវេណវិទ្យាស្ថានស្រាវជ្រាវ និងអភិវឌ្ឍន៏ព្រៃឈើ សត្វព្រៃស្ថិត ក្នុងភូមិរោងចក្រ១ សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ ។

ក្នុងឱកាសអបអរនេះ លោក ឃួង ស្រេង មានប្រសាសន៍ថា រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានកំណត់យ៉ាងច្បាស់ពីតម្លៃ និងតួនាទីដ៏សំខាន់ របស់ព្រៃឈើ ដែលមិនអាចកាត់ផ្តាច់ចេញ ពីវិស័យអាទិភាពទាំងឡាយ របស់រដ្ឋបានឡើយ ដោយបានបន្តពង្រឹង និង ពង្រីកបន្ថែមទៀត នូវការគ្រប់គ្រងធនធានធម្មជាតិ សំដៅរក្សាតុល្យភាព រវាងការអភិវឌ្ឍន៏ និងការអភិរក្ស ពិសេសលើក កម្ពស់វិភាគទាន នៃធនធានធម្មជាតិ ក្នុងនោះយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ ត្រង់ចំណុចបញ្ចកោណទី៤ មុំទី២។

លោកអភិបាលរាជធានីភ្នំពេញ បានបន្តថា ជាមួយគ្នានេះរាជរដ្ឋាភិបាល បាននិងកំពុង អនុវត្តកំណែទម្រង់ វិស័យព្រៃឈើ សំដៅឈានទៅរកការ គ្រប់គ្រងធនធានព្រៃឈើ និងសត្វព្រៃ ប្រកបដោយចីរភាព និងសមធម៌ ស្របតាមកម្មវិធីព្រៃឈើជាតិ ២០១០-២០២៩ ពិសេសតាមរយៈ ការកំណត់ព្រំប្រទល់ ចំណាត់ថ្នាក់ ការចុះបញ្ជីការសម្បត្តិ ព្រៃឈើអចិន្ត្រៃយ៍ ការអភិរក្សធនធានព្រៃឈើ និងជីវៈចម្រុះព្រមទាំងការ ពង្រឹងការអនុវត្តច្បាប់ ស្តីពីព្រៃឈើ និងអភិបាលកិច្ចល្អក្នុងវិស័យនេះ។

ក្នុងនោះដែរ ឃួង ស្រេង ក៏បានអំពាវនាវដល់ព្រៈថេរានុថេត្ថេរៈ គ្រប់ព្រះអង្គ,បងប្អូនប្រជាពលរដ្ឋ ក្មួយៗប្អូនៗយុវជន,យុវនារីទាំងអស់ត្រូវបន្តគាំទ្រ ចំពោះគម្រោងព្រែកជីកហ្វូណនតេជោ ដែលជាគំនិតផ្តួចផ្តើមដ៏ខ្ពង់ខ្ពស់បំផុតរបស់សម្តេចតេជោ ហ៊ុន សែន ដែលគ្រោងនឹងបើកការដ្ឋាននៅថ្ងៃទី៥សីហា ឆ្នាំ២០២៤ខាងមុខនេះក្នុងអាណត្តិរបស់រាជរដ្ឋាភិបាលនិតិកាលទី៧ ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់សម្តេចធិបតីហ៊ុន ម៉ាណែត ព្រោះថា ការសាងសង់ព្រែកជីកហ្វូណនតេជោនេះ គឺដើម្បីផលប្រយោជន៍ខ្មែរ សុទ្ធសាធ និងជាទ្រព្យសម្បត្តិមហាសាល របស់ប្រជាជនកម្ពុជា ដូច្នេះត្រូវចូលរួមគាំទ្រ ឱ្យក្លាយទៅជាមហាចលនាជាតិ ខ្មែរតែមួយ ដើម្បីឱ្យសមិទ្ធផលនេះ លេចចេញជារូបរាងឡើង យ៉ាងពិតប្រាកដ ។

ក្នុងរបាយការណ៍លោក ចាន់ រិទ្ធី ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទរាជធានីភ្នំពេញ បានឱ្យដឹងថា ការរៀបចំពិធីដាំដើមឈើឆ្នាំ២០២៤នេះ មន្ទីរកសិកម្ម ទទួលបានការឯកភាព ពីរដ្ឋបាលរាជធានីភ្នំពេញ ដាំដើមឈើនៅទីតាំងប្រារព្ធពិធី មានចំនួន២៦៨ដើម ជាប្រភេទឈើធ្នង់ ក្រៅពីនេះ បានដាំ៣៨៩៣ ដើមផ្សេងទៀត នៅតាមបណ្តាទីតាំងជាច្រើន ក្នុងរាជធានីភ្នំពេញ មានដូចជា ៖ ឈើក្រញ៉ូង នាងនួន បេង ធ្នង់ ក្ងោក ឥន្ទនេល ច្រេស សាគូរ៉ា ត្រយឹង ចន្ទន៏គ្រឹះស្នា ម្រះព្រៅភ្នំ រាំងទឹក គគី ឈើទាល ដើមលៀប ដើមខិតបណ្ណ័ ដើមគ្រាប់បែក និងដើមអំពិលបារាំងជាដើម។
សូមរំលឹកថា គិតត្រឹមខែកក្កដាឆ្នាំ២០២៤ ខណ្ឌរដ្ឋបាលព្រៃឈើភ្នំពេញ បានចែកកូនឈើចម្រុះ ដល់អង្គភាព សាលារៀន វត្តអារាម និងប្រជាពលរដ្ឋ យកទៅដាំសរុបចំនួន២៣៥០ដើម ៕

To Top