បរទេស៖ ប្រមុខយោធារបស់ប្រទេសបង់ក្លាដែសបានប្រកាសថា ជ័យលាភីណូបែលលោក Muhammad Yunus គ្រោងនឹងស្បថចូលកាន់តំណែង ជាប្រមុខរដ្ឋាភិបាលបណ្តោះអាសន្ន របស់ប្រទេសបង់ក្លាដែស នៅយប់ថ្ងៃព្រហស្បតិ៍ នៅពេលលោកត្រឡប់មកពីទីក្រុងប៉ារីស ប្រទេសបារាំងវិញ។
យោងតាមសារព័ត៌មាន VOA ចេញផ្សាយនៅថ្ងៃទី៧ ខែសីហា ឆ្នាំ២០២៤ បានឱ្យដឹងថា ការតែងតាំងលោក Yunus ដោយឧត្តមសេនីយ៍ Waker-Uz-Zaman ធ្វើឡើងបន្ទាប់ពីមានចលាចលដែលនាំទៅដល់ការលាលែង និងការភៀសខ្លួនចាកចេញរបស់អតីតនាយករដ្ឋមន្ត្រី លោកស្រី Sheikh Hasina ។
ភាពចលាចលបានចាប់ផ្តើមជាមួយនឹងការតវ៉ាប្រឆាំង នឹងប្រព័ន្ធកូតាការងាររបស់រដ្ឋាភិបាល ហើយបានពង្រីកការប្រឆាំងកាន់តែទូលំទូលាយទៅនឹងការកាន់តំណែងដ៏យូររបស់លោកស្រី Hasina ដែលសម្គាល់ដោយការចោទប្រកាន់ពីការរំលោភសិទ្ធិមនុស្ស និងការក្លែងបន្លំការបោះឆ្នោត។
មនុស្សជាង ៣០០ នាក់បានស្លាប់នៅក្នុងសប្តាហ៍ដំបូងនៃការតវ៉ា។ ឧត្តមសេនីយ៍ Zaman បាននិយាយនៅក្នុងសុន្ទរកថាតាមទូរទស្សន៍កាលពីថ្ងៃពុធថា អ្នកទទួលខុសត្រូវចំពោះអំពើហិង្សានាពេលថ្មីៗនេះនឹងត្រូវទទួលខុសត្រូវ។
ចំណែកលោកប្រធានាធិបតី Mohammed Shahabuddin ដែលបច្ចុប្បន្នជាមេដឹកនាំពិធី គឺបានរំលាយសភាកាលពីថ្ងៃអង្គារ។ ចំណាត់ការនេះបានត្រួសត្រាយផ្លូវឱ្យលោក Yunus ដឹកនាំរដ្ឋាភិបាលបណ្តោះអាសន្ន ទោះបីជាពេលវេលានៃការបោះឆ្នោតថ្មីនៅតែមិនច្បាស់លាស់ក៏ដោយ៕
ប្រែសម្រួលៈ ណៃ តុលា
