ព័ត៌មានអន្តរជាតិ

នាយករដ្ឋមន្រ្តីចិន បំពេញទស្សនកិច្ច នៅរុស្ស៊ី ដើម្បីរឹតបន្ដឹង ទំនាក់ទំនងទ្វេភាគី

Xinhua

ប៉េកាំង ៖ នាយករដ្ឋមន្ត្រីចិនលោក លី ឈាំង បានធ្វើដំណើរទៅកាន់ប្រទេសរុស្ស៊ី សម្រាប់កិច្ចប្រជុំទៀង ទាត់លើកទី២៩ រវាងប្រមុខរដ្ឋាភិបាលចិន និងរុស្ស៊ី និងដំណើរទស្សនកិច្ចជាផ្លូវការ នៅប្រទេសរុស្ស៊ី តាមការអញ្ជើញ របស់នាយករដ្ឋមន្ត្រីរុស្ស៊ី Mikhail Mishustin ។

លោក លី បានមកដល់អាកាសយានដ្ឋាន Vnukovo នៃទីក្រុងមូស្គូ ជាកន្លែងដែលពិធីស្វាគមន៍ដ៏ធំ សម្រាប់លោកត្រូវបានធ្វើឡើង លោកនាយករដ្ឋមន្ត្រី​ក៏បាន​ពិនិត្យ​មើល​ឆ្មាំ​កិត្តិយស ​ដែល​អម​ដោយ​មន្ត្រី​ជាន់ខ្ពស់ ​រដ្ឋាភិបាល​រុស្ស៊ីផងដែរ។

ក្នុងអំឡុងពេលស្នាក់នៅរបស់គាត់ លោក លី នឹងជួបជាមួយលោក Mishustin ដើម្បីផ្លាស់ប្តូរទស្សនៈស៊ីជម្រៅលើទំនាក់ទំនងទ្វេភាគី កិច្ចសហប្រតិបត្តិការជាក់ស្តែង និងបញ្ហាសំខាន់ៗ ដែលមានផលប្រយោជន៍រួម។

កិច្ចប្រជុំទៀងទាត់រវាងប្រមុខរដ្ឋាភិបាលចិន និងរុស្ស៊ី ដែលធ្វើឡើងជារៀងរាល់ឆ្នាំ ចាប់តាំងពីការបង្កើតឡើង ក្នុងឆ្នាំ១៩៩៦ គឺជាយន្តការដ៏សំខាន់មួយ សម្រាប់ការអនុវត្តការឯកភាព ដែលប្រមុខរដ្ឋនៃប្រទេសទាំងពីរសម្រេចបាន និងជំរុញកិច្ចសហប្រតិបត្តិការទ្វេភាគី និងការផ្លាស់ប្តូរប្រជាជន។

នៅក្នុងសេចក្តីថ្លែងការណ៍ ដែលចេញផ្សាយនៅពេលមកដល់ លោក លី បានលើកឡើងថា ក្រោមការណែនាំជាយុទ្ធសាស្ត្ររបស់ប្រធានាធិបតីចិនលោក ស៊ី ជីនពីង និងប្រធានាធិបតីរុស្ស៊ី លោក វ្លាឌីមៀ ពូទីន ប្រទេសចិន និងរុស្ស៊ីបានកំណត់គំរូ សម្រាប់ទំនាក់ទំនងអន្តរជាតិប្រភេទថ្មី និងទំនាក់ទំនងរវាងប្រទេសធំៗជិតខាង។

ក្នុងរយៈពេល ៧៥ឆ្នាំកន្លងមកនេះ ទំនាក់ទំនងចិន-រុស្ស៊ី បានស៊ូទ្រាំនឹងការសាកល្បងនៃការផ្លាស់ប្តូរកាលៈទេសៈអន្តរជាតិ ហើយកាន់តែរឹងមាំ និងស្រស់ស្រាយតាមពេលវេលា។ លោក បានកត់សម្គាល់ថា ទំនាក់ទំនងចិន-រុស្ស៊ីក្នុងយុគសម័យថ្មីបានបង្ហាញពីភាពរឹងមាំ និងថាមពលថ្មី ជាមួយនឹងនយោបាយទៅវិញទៅមកកាន់តែរឹងមាំ ការជឿទុកចិត្ត កិច្ចសហប្រតិបត្តិការប្រកបដោយផ្លែផ្កាក្នុងវិស័យផ្សេងៗ មិត្តភាពចាក់ឫសយ៉ាងជ្រៅ និងការសម្របសម្រួលអន្តរជាតិយ៉ាងជិតស្និទ្ធ និងមានប្រសិទ្ធភាព៕
ប្រែសម្រួល ឈូក បូរ៉ា

To Top