ព័ត៌មានជាតិ

លោកទូត វ៉ាង វិនពិន​ ៖ យុវជន ជាតំណាងអនាគត នៃចំណងមិត្តភាព រវាងកម្ពុជា និងចិន

ភ្នំពេញ៖ លោក វ៉ាង វិនពិន ឯកអគ្គរដ្ឋទូតចិន ប្រចាំកម្ពុជា បានថ្លែងថា រដ្ឋាភិបាលចិន យកចិត្តទុកដាក់លើវិស័យអប់រំ យុវជន និងកីឡា ដោយបន្ដការផ្ដល់ អាហារូបករណ៍ ដែលមានគុណភាពខ្ពស់ ដល់និស្សិតកម្ពុជា ព្រោះយុវជន គឺជាតំណាងអនាគត របស់ប្រទេសជាតិ និងក៏ជាតំណាងអនាគត នៃចំណងមិត្តភាពរវាងកម្ពុជា និងចិន ។

ការថ្លែងរបស់លោកទូតចិន ធ្វើឡើងនាថ្ងៃទី២៩ សីហា ក្នុងឱកាសចូលជួបពិភាក្សា ការងារជាមួយលោក ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្រ្តីក្រសួងអប់រំ យុវជន និងកីឡា ។

ក្នុងឱកាសនេះ លោកឧបនាយករដ្ឋមន្ត្រី បានស្វាគមន៍យ៉ាងកក់ក្តៅ ចំពោះការតែងតាំង លោក វ៉ាង វិនពិន ជាឯកអគ្គរដ្ឋទូតចិនថ្មី ប្រចាំកម្ពុជា និងជឿជាក់ថា ក្រោមការ ដឹកនាំប្រកប ដោយបទពិសោធន៍ និងភាពឈ្លាសវៃ របស់លោកទូត ក្នុងកិច្ចសហប្រតិបត្តិការ និងទំនាក់ទំនង រវាងប្រទេសយើងទាំងពីរ នឹងកាន់តែរឹងមាំ ស៊ីជម្រៅ និងសម្បូរបែបលើគ្រប់វិស័យ។

ឆ្នាំនេះគឺជាឆ្នាំនៃខួបអនុស្សាវរីយ៍លើកទី៦៦ នៃការបង្កើតទំនាក់ទំនងការទូត រវាងព្រះរាជាណាចក្រកម្ពុជា និងសាធារណរដ្ឋប្រជាមានិតចិន ដូច្នោះយុវជន ក៏ជាផ្នែកមួយដ៏សំខាន់ នៃទំនាក់ទំនងរវាងប្រទេសចិននិងប្រទេសកម្ពុជា។ លោកឯកអគ្គរដ្ឋទូត បានលើកឡើងថា «រដ្ឋាភិបាលនៃសាធារណរដ្ឋប្រជាមានិតចិន បានយកចិត្តទុកដាក់លើវិស័យអប់រំ យុវជន និងកីឡា ដោយបន្ដការផ្ដល់ អាហារូបករណ៍ ដែលមានគុណភាពខ្ពស់ ជូនដល់និស្សិតកម្ពុជា ព្រោះយុវជនគឺតំណាង អនាគតរបស់ប្រទេសជាតិ យុវជនក៏ជាតំណាងអនាគត នៃចំណងមិត្តភាពរវាងកម្ពុជា និងចិនផងដែរ»។

លោកទូតបន្តថា បន្ថែមពីនេះ រដ្ឋាភិបាលចិន ក៏ជួយហ្វឹកហ្វឺនដល់កីឡាករ កីឡាការិនីកម្ពុជា ដោយអនុញ្ញាតឱ្យកីឡាករ កីឡាការិនី មានឱកាសទៅហ្វឹកហាត់បន្ថែមនៅឯប្រទេសចិនឬបញ្ចូនគ្រូបង្វឹកពីប្រទេសចិនមកបង្រៀននៅប្រទេសកម្ពុជា។

ជាការឆ្លើយតបលោកឧបនាយករដ្ឋមន្ត្រី បានកោតសរសើរ និងថ្លែងអំណរគុណ ចំពោះរដ្ឋាភិបាល និងប្រជាជនចិន ដែលតែងតែគាំទ្រ ផ្តល់កិច្ចសហប្រតិបត្តិការ និងផ្តល់គម្រោងជំនួយជាច្រើន ដល់ការអភិវឌ្ឍ ធនធានមនុស្សនៅកម្ពុជា ដោយក្នុងនោះរួមមាន ការផ្តល់អាហារូបករណ៍ ដល់និស្សិតកម្ពុជា ការកសាងហេដ្ឋារចនា សម្ព័ន្ធសាលារៀន ការផ្គត់ផ្គង់សម្ភារបរិក្ខារអប់រំ និងការអភិវឌ្ឍ បច្ចេកវិទ្យាព័ត៌មាន និងសារគមនាគមន៍ សម្រាប់ការអប់រំ នៅកម្ពុជា ជាច្រើនបន្តបន្ទាប់។

លោករដ្ឋមន្ត្រីក្រសួងអប់រំ សង្ឃឹមយ៉ាងមុតមាំថា ភាពជាដៃគូគ្រប់ជ្រុងជ្រោយ និង កិច្ចសហប្រត្តិបត្តិការត្បូងពេជ្រ របស់ប្រទេសទាំងពីរ នឹងបន្ដរីកចម្រើនលូត លាស់បន្ថែមទៀត ៕

To Top