ព័ត៌មានជាតិ

ក្រុមហ៊ុនចិន មួយបង្ហាញបំណង វិនិយោគបង្កើត រោងចក្រផលិត ស៊ីម៉ងត៍នៅកម្ពុជា

ភ្នំពេញ ៖ លោក Wensheng Chen ប្រធានក្រុមហ៊ុន Jiangxi Provincial Building Material Group., Ltd. បានឱ្យដឹងថា ថា ក្រុមហ៊ុនរបស់លោកមានបំណង បោះទុនវិនិយោគ បង្កើតរោងចក្រផលិត ស៊ីម៉ងត៍នៅកម្ពុជា ដើម្បីឆ្លើយតបទៅនឹងកំណើនទីផ្សារសំណង់ និងសេដ្ឋកិច្ចរបស់ប្រទេសកម្ពុជា។

ការបង្ហាញពីបំណងរបស់ក្រុមហ៊ុននេះ ធ្វើឡើងនៅថ្ងៃទី២៩ ខែសីហា ឆ្នាំ២០២៤ ក្នុងពេលលោកដឹកនាំគណៈប្រតិភូ ក្រុមហ៊ុនចូលជួបពិភាក្សា ការងារជាមួយ លោក ជា វុទ្ធី អគ្គលេខាធិការ គណៈកម្មាធិការ វិនិយោគកម្ពុជា នៅទីស្តីការក្រុមប្រឹក្សា អភិវឌ្ឍន៍កម្ពុជា ។

នាឱកាសនោះ លោក ជា វុទ្ធី បានស្វាគមន៍យ៉ាងកក់ក្តៅ ចំពោះវត្តមាន របស់គណៈប្រតិភូ ក្នុងដំណើរទស្សនកិច្ច សិក្សាស្វែងយល់ពីបរិស្ថាន និងកាលានុវត្តភាព វិនិយោគនៅកម្ពុជា ។

ជាមួយគ្នានោះ លោក ជា វុទ្ធី បានលើកឡើងសង្ខេប អំពីរចនាសម្ព័ន្ធ និងតួនាទីភារកិច្ច របស់ក្រុមប្រឹក្សា អភិវឌ្ឍន៍កម្ពុជា ដែលត្រូវបានបង្កើតឡើងតាំងពីឆ្នាំ១៩៩៤ ពិសេសផ្តោតលើការជំរុញ ទាក់ទាញ ការវិនិយោគឯកជន ដែលបច្ចុប្បន្នកម្ពុជា មានច្បាប់ ស្តីពីវិនិយោគប្រកប ដោយភាពបើកចំហ មានតម្លាភាព និងអាចប៉ាន់ប្រមាណទុកជាមុនបាន។

លោក ជា វុទ្ធី បញ្ជាក់ទៀតថា ដោយសារកត្តាសុខសន្តិភាព ស្ថិរភាព នយោបាយ និងភាពអំណោយផលនៃច្បាប់ និងបទប្បញ្ញត្តិពាក់ព័ន្ធ នឹងការវិនិយោគ របស់កម្ពុជា លោកអគ្គលេខាធិការ ក៏បានកត់សម្គាល់ ពីកំណើនខ្ពស់នៃលំហូរ វិនិយោគចិនមកកម្ពុជា។

នៅក្នុងកិច្ចពិភាក្សានោះដែរ លោក Wensheng Chen ប្រធានគណៈប្រតិភូបានថ្លែងអំណរគុណដល់លោកអគ្គលេខាធិការ និងសហការី ដែលបានចំណាយពេលវេលាដ៏មមារញឹកទទួលជួបគណៈប្រតិភូក្រុមហ៊ុន ព្រមទាំងបានផ្តល់ជូននូវព័ត៌មានសំខាន់ៗ ដើម្បីជាមូលដ្ឋានសម្រាប់ក្រុមហ៊ុនពិនិត្យ និងសម្រេចបណ្ដាក់ទុនវិនិយោគ។

លោក Wensheng Chen បានបញ្ជាក់ថា ក្រុមហ៊ុន Jiangxi Provincial Building Material Group., Ltd. គឺជាក្រុមហ៊ុន វិនិយោគក្នុងវិស័យផលិតស៊ីម៉ងត៍នៅចិន ហើយគោលបំណងនៃដំណើរទស្សនកិច្ចនៅកម្ពុជានាពេលនេះ គឺដើម្បីសិក្សា ស្វែងយល់បន្ថែម អំពីបរិស្ថានវិនិយោគនៅកម្ពុជា ពិសេសការគិតគូរពីគម្រោង បង្កើតរោងចក្រផលិត ស៊ីម៉ងត៍នៅកម្ពុជា។

លោកបានបន្ថែមទៀតថា លោកនិងគណៈប្រតិភូមានការរំភើប ចំពោះការរីកចម្រើន ដ៏ឆាប់រហ័សរបស់កម្ពុជាបច្ចុប្បន្ន និងបានបង្ហាញពីការជឿជាក់លើដំណើរ អភិវឌ្ឍដ៏ត្រឹមត្រូវរបស់កម្ពុជា។

ជាការឆ្លើយតប លោក អគ្គលេខាធិការបានសម្តែង នូវការអបអរសាទរ ចំពោះគម្រោងវិនិយោគបង្កើត រោងចក្រផលិតស៊ីម៉ងត៍ នៅកម្ពុជា ដែលនឹងចូលរួមចំណែក ជំរុញការអភិវឌ្ឍ ឧស្សាហកម្មកម្ពុជា ពិសេសវិស័យសំណង់ និងបានស្នើឱ្យក្រុមហ៊ុន ត្រូវមានការគិតគូរពីការ ចូលរួមកាត់ បន្ថយការបំពុល បរិស្ថានជាអតិបរមា តាមរយៈការប្រើ ប្រាស់បច្ចេកវិទ្យាទំនើប ក៏ដូចជាការប្រើ ប្រាស់ថាមពលស្អាត ។

ជាមួយគ្នានេះដែរ ថ្នាក់ដឹកនាំនិងមន្ត្រីទាំងអស់ របស់គណៈកម្មាធិការ វិនិយោគកម្ពុជា រង់ចាំដោយក្តីរីករាយ ក្នុងផ្តល់កិច្ចសម្រួល គ្រប់បែបយ៉ាង ជូនក្រុមហ៊ុនក្នុងការបណ្ដាក់ទុនវិនិយោគនៅកម្ពុជា៕

To Top