បច្ចេកវិទ្យា

ក្រសួងបរិស្ថាន ជំរុញឱ្យរោងចក្រសហគ្រាសបំពាក់ឧបករណ៍ស្វ័យត្រួតពិនិត្យ តាមដានការបញ្ចេញសំណល់រាវ និងទឹកកខ្វក់

ភ្នំពេញ៖ ក្រសួងបរិស្ថាន បានចាត់មន្ត្រីបច្ចេកទេស និងអ្នកជំនាញចុះបំពាក់ឧបករណ៍ស្វ័យត្រួតពិនិត្យ និងប្រព័ន្ធគ្រប់គ្រងទិន្នន័យ នៃការបញ្ចេញឬបង្ហូរសំណល់រាវ របស់រោងចក្រ សហគ្រាសនានា ដើម្បីឱ្យប្រទេសកម្ពុជាទទួលបានភាពស្អាត។

នៅថ្ងៃទី៣០ ខែសីហា ឆ្នាំ២០២៤ កន្លងមកនេះ ក្រុមការងារបច្ចេកទេស របស់ក្រសួងបរិស្ថាន បានចុះ បំពាក់នូវឧបករណ៍ស្វ័យត្រួតពិនិត្យ ដែលបានភ្ជាប់ការរៀបចំប្រព័ន្ធគ្រប់គ្រងទិន្នន័យ នៃការបញ្ចេញសំណល់រាវ របស់ក្រុមហ៊ុន ហ្វីនិក អ៊ិនដាស្រ្ទៀល (Phoenix Industrial) ដែល មានទីតាំងស្ថិតនៅភូមិភ្ជាវ ឃុំត្រែង ស្រុករតនមណ្ឌល ខេត្តបាត់ដំបង។ នេះ គឺជាវិធានការម៉ឺងម៉ាត់ក្នុងការទប់ស្កាត់ និងលុបបំបាត់ការសង្ស័យ លើការលេចធ្លាយឬការលួចបង្ហូរទឹកកខ្វក់ ដែលមានសារធាតុពុលចូលទៅក្នុងស្ទឹងសង្កែ ដែលជាប្រភពទឹកដ៏សំខាន់មួយ ភ្ជាប់ជាមួយបឹងទន្លេសាប។

លោកបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្រ្តីក្រសួងបរិស្ថាន ជំរុញលើកទឹកចិត្តដល់ម្ចាស់រោងចក្រ និងសហគ្រាស សហការចូលរួមសហការ ក្នុងយុទ្ធនាការរបស់ក្រសួងបរិស្ថាន ដើម្បីការពារបរិស្ថានកម្ពុជាលើកកម្ពស់ភាពស្អាត មានអនាម័យ សោភ័ណភាព និងសុខភាពសាធារណៈ គ្មានការបំពុលដោយសំរាមប្លាស្ទិក និងទឹកកខ្វក់។

លោករដ្ឋមន្រ្តី បានថ្លែងថាការបំពាក់ឧបករណ៍ស្វ័យត្រួតពិនិត្យ នៅតាមរោងចក្រសហគ្រាស ជាកត្តាដ៏សំខាន់ធានាជួយធានាការលើកកម្ពស់សុវត្ថិភាព និងសុខភាពការងាររបស់កម្មករ កម្មការិនី និងនិយោជិតទាំងអស់ ដែលរស់នៅក្បែរប្រភពទឹក និងបំពេញការងារនៅតាមរោងចក្រសហគ្រាសទាំងនោះ។ លើសពីនេះ លោករដ្ឋមន្រ្តី បានបញ្ជាក់បន្ថែមថា យុទ្ធនាការរបស់ក្រសួងបរិស្ថានមានបំណងជំរុញឱ្យសុខភាពរោងចក្រល្អ សុខភាពប្រជាពលរដ្ឋល្អ និងសុខភាពបរិស្ថានល្អ សំដៅភាពឈ្នះ ឈ្នះ ឈ្នះទាំងទាំងអស់គ្នា ដែលឈានឆ្ពោះទៅចីរភាពនៃភាពជោគជ័យនៃការវិនិយោគជោគជ័យ នៃការគ្រប់ក្រងបរិស្ថានបានយ៉ាងល្អ និងប្រជាពលរដ្ឋមានសុខភាពល្អ។

សូមបញ្ជាក់ថាឧបករណ៍ស្វ័យត្រួតពិនិត្យ គឺជាមធ្យោបាយដ៏មានសារៈសំខាន់ ក្នុងការជួយបង្កលក្ខណៈងាយស្រួល ដល់ក្រសួងបរិស្ថាន នូវក្នុងការតាមដាននិងការត្រួតពិនិត្យទប់ស្កាត់ និងចាត់វិធានការបានទាន់ពេលវេលា នូវពេលមានករណីលេចជ្រាប ឬការលួចបង្ហូរទឹកកខ្វក់ ឬក៏សារធាតុរាវពុល ចេញពីរោងចក្រណាមួយៗ ដែលបានបំពាក់នូវឧបករណ៍នេះរួច ដោយមិនចាំបាច់មានមន្រ្តីជំនាញចុះមកត្រួតពិនិត្យដោយផ្ទាល់នោះទេ គឺ៖ រាល់ទិន្នន័យទាំងអស់ នឹងត្រូវបញ្ជូនដោយស្វ័យប្រវត្តិទៅកាន់ប្រព័ន្ធគ្រប់គ្រងទិន្នន័យរបស់ក្រសួង។ ហើយទិន្នន័យទាំងនោះ ទោះក្នុងករណីអសកម្មពីបច្ចេកទេសណាមួយ ក៏ឧបករណ៍នេះបញ្ជូននិងផ្តល់សញ្ញាទៅក្រសួងបរិស្ថានភ្លាមៗ៕

To Top