ភ្នំពេញ៖ នៅថ្ងៃទី៩ ខែកញ្ញា ឆ្នាំ២០២៤ នេះ លោកឧបនាយករដ្ឋមន្ត្រី ស សុខា រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងជាប្រធានសមាគមគ្រូពេទ្យស្ម័គ្រចិត្ត ស សុខា និងលោកស្រី កែ សួនសុភី ស សុខា និងវត្តមានដ៏ខ្ពង់ខ្ពស់ លោកស្រី ញ៉ែម សាខន ស ខេង បានអញ្ជើញជាអធិបតីក្នុងកម្មវិធីពិនិត្យ និងព្យាបាលជំងឺជូនដល់ពុកម៉ែ បងប្អូនប្រជាពលរដ្ឋ ដោយឥតគិតថ្លៃ នៅស្រុកកំចាយមារ របស់ក្រុមគ្រូពេទ្យនៃសមាគមគ្រូពេទ្យស្ម័គ្រចិត្ត ស សុខា នៅក្នុងបរិវេណសាលាបឋមសិក្សា ក្របៅចាស់ ស្ថិតក្នុងឃុំក្របៅ ស្រុកកំចាយមារ ខេត្តព្រៃវែង។

លោកឧបនាយករដ្ឋមន្ត្រី ស សុខា បានថ្លែងអំណរគុណចំពោះការលះបង់កម្លាំងកាយ កម្លាំងចិត្ត និងពេលវេលាដ៏មានតម្លៃរបស់ ក្រុមគ្រូពេទ្យស្ម័គ្រចិត្តទាំងអស់ ពិសេសក៏សូមថ្លែងអំណរគុណចំពោះទឹកចិត្តរបស់ លោក លោកស្រី សប្បុរជននានា ដែលបានចូលរួមឧបត្ថម្ភដល់ដំណើរការចុះពិនិត្យ និងព្យាបាលជំងឺជូនប្រជាពលរដ្ឋ ដោយឥតគិតថ្លៃ នៅស្រុកកំចាយមារ ក៏ដូចជាបណ្តាក្រុង ស្រុកដទៃទៀត។

ជាមួយគ្នានេះដែរ លោកឧបនាយករដ្ឋមន្ត្រី ក៏ថ្លែងអំណរគុណ និងកោតសរសើរចំពោះលោក-លោកស្រី ជាក្រុមការងារចុះជួយមូលដ្ឋានស្រុកកំចាយមារ ក៏ដូចជាអាជ្ញាធរដែនដី និងមន្ត្រីពាក់ព័ន្ធទាំងអស់ ដែលបានខ្នះខ្នែងជួយសម្របសម្រួល និងរៀបចំកម្មវិធីពិនិត្យ និងព្យាបាលជំងឺដោយឥតគិតថ្លៃ ជូនពលរដ្ឋក្នុងស្រុកកំចាយមារ។

លោកឧបនាយករដ្ឋមន្ត្រី បន្ដថា សកម្មភាពដ៏ថ្លៃថ្លានេះ សបញ្ជាក់ឱ្យឃើញពីការចូលរួមចំណែក ដ៏សំខាន់នៅក្នុងការលើកកម្ពស់សុខុមាលភាពប្រជាពលរដ្ឋ ក៏ដូចជាចូលរួមកាត់បន្ថយភាពក្រីក្រ ស្របតាមយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ របស់រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំដ៏ឈ្លាសវៃ និងប៉ិនប្រសព្វបំផុតរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ៕

