ភ្នំពេញ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានផ្ដាំផ្ញេីក្រុមការងារ គណបក្សប្រជាជនកម្ពុជា កុំហៅប្រជាពលរដ្ឋចូលរួមប្រជុំ ត្រូវទៅកន្លែងដែលពួកគាត់រស់នៅតែម្ដង ដេីម្បីប្រយុទ្ធប្រឆាំង នឹង កូវីដ-១៩។
សម្ដេចតេជោ ហ៊ុន សែន បានសរសេរនៅលេីបណ្ដាញសង្គម ហ្វេសប៊ុក នាថ្ងៃទី២៩ ខែមីនា ឆ្នាំ ២០២០ ថា កម្ពុជាចូលរួមប្រយុទ្ធប្រឆាំងនឹងជំងឺឆ្លង កូវីដ-១៩ ទាំងអស់គ្នា។
សម្ដេចមានប្រសាសន៍ថា “សូមក្រុមការងារ គណបក្សប្រជាជនកម្ពុជា រាប់ទាំងសមាជិកព្រឹទ្ធសភា សមាជិករដ្ឋសភា និងមន្រ្តីនៃសមាជិករាជរដ្ឋាភិបាល អជ្ញាធរ និងសមត្ថកិច្ចពាក់ព័ន្ធទាំងអស់ បន្តចុះជួយអប់រំផ្សព្វផ្សាយ វិធីបង្កាទប់ស្កាត់ជំងឺឆ្លងកូវីដ-១៩ ជាប្រចាំនៅតាមមូលដ្ឋាន ដោយនាំទៅជាមួយនូវ ម៉ាស ឬក្រមា អង្ករ មី ត្រីខ ចែកជូនប្រជាពលរដ្ឋក្រីក្រនៅមូលដ្ឋាន ផងដែរ”។
សម្ដេចបញ្ជាក់ថា “កុំចាំហៅពួកគាត់ឲ្យមកចូលរួមប្រជុំ តែសូមទៅកាន់ទីកន្លែង ដែលពួកគាត់រស់នៅតែម្តង ជាពិសេសក្នុងស្ថានភាព ដែលយើងទាំងអស់គ្នា កំពុងប្រយុទ្ធប្រឆាំងនឹងជំងឺឆ្លងកូវីដ-១៩”។
សម្ដេចតេជោ ហ៊ុន សែន លេីកឡេីងថា ដើម្បីសុវត្ថិភាពសុខភាពផ្ទាល់ខ្លួន និងសម្រាប់គ្រួសារ សូមប្រជាពលរដ្ឋសហការជាមួយមន្ទីរសុខាភិបាល។
សម្ដេចថា ក្នុងករណីមានការសង្ស័យ ហើយត្រូវការពិភាក្សាប្រឹក្សាយោបល់ សូមខលមកលេខ ១១៥ ជាបន្ទាន់។
សូមរំលឹកថា គិតត្រឹមថ្ងៃទី២៩ ខែមីនានេះ ចំនួនអ្នកឆ្លងវីរុសCovid-19 នៅកម្ពុជា មានសរុបចំនួន១០៣នាក់ ក្នុងនោះអ្នកជាសះស្បើយ មានសរុបចំនួន២១នាក់ ៕
រួមគ្នាទប់ស្កាត់ ការរីករាលដាល ជំងឺCovid-19
ដោយ អេង ប៊ូឆេង