ព័ត៌មានអន្តរជាតិ

ស្លាប់ និងរបួសជិត ២០០នាក់ក្នុងការវាយប្រហារតាមអាកាសរបស់អ៊ីស្រាអែល លើប្រទេសលីបង់

AFP

បេរូត៖ ក្រសួងសុខភាពលីបង់បានរាយការណ៍ថា ចំនួនអ្នកស្លាប់ដោយសារការវាយប្រហារតាមអាកាសរបស់អ៊ីស្រាអែល លើតំបន់ផ្សេងៗគ្នាក្នុងប្រទេសលីបង់ក្នុងរយៈពេល ២៤ ម៉ោងកន្លងមកនេះ បានកើនឡើងដល់ ៣៧ នាក់ ខណៈអ្នករបួសមានចំនួន ១៥១ នាក់ ។

ក្រសួង​បាន​ឲ្យដឹងថា មនុស្ស​៩​នាក់​បាន​ស្លាប់ និង​២៤​នាក់​ផ្សេង​ទៀត​រង​របួស​នៅ​ក្នុង​រដ្ឋធានីបេរូត របស់​ប្រទេស​លីបង់ នេះបើយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ។

ប្រភពបានបន្ថែមថា មនុស្សពីរនាក់បានស្លាប់ និង ១៥ នាក់ផ្សេងទៀតបានរងរបួសនៅក្នុងភ្នំលីបង់ ខណៈដែលមនុស្ស ៩នាក់បានរងរបួសនៅក្នុងអភិបាលខេត្ត Baalbek Hermel ។

របាយការណ៍របស់ក្រសួងបានកត់សម្គាល់ថា មនុស្សពីរនាក់បានស្លាប់ និង ១៤នាក់ផ្សេងទៀតបានរងរបួសនៅក្នុងតំបន់ Bekaa ខណៈដែល ១៩នាក់បានស្លាប់ និង ៥២នាក់ទៀតរងរបួសនៅក្នុងអភិបាលខេត្ត Nabatieh ។

ប្រភពបាន​បន្ថែម​ថា មនុស្ស ៥ នាក់​បាន​ស្លាប់ និង ៣៧ នាក់​បាន​រង​របួស​នៅ​ក្នុង​អភិបាល​ខេត្ត​ភាគ​ខាង​ត្បូង។ ចាប់តាំងពីថ្ងៃទី២៣ ខែកញ្ញាមក កងទ័ពអ៊ីស្រាអែល បាននិងកំពុងបើកការវាយប្រហារតាមអាកាសយ៉ាងខ្លាំងក្លា ដែលមិនធ្លាប់មានពីមុនមកលើប្រទេសលីបង់ ដែលត្រូវបានគេហៅថា “មុខព្រួញទៅភាគខាងជើង” នៅក្នុងការកើនឡើងដ៏គ្រោះថ្នាក់ជាមួយក្រុមហេសបូឡា៕

ប្រែសម្រួល ឈូក បូរ៉ា

To Top